កម្ពុជាត្រៀមរួចស្រេចនូវអង្ករ ៣ ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារថ្មី ទីម័រខាងកើត

កម្ពុជាបានត្រៀមអង្ករប្រមាណ ៣ ម៉ឺនតោន រួចជាស្រេចសម្រាប់នាំចេញទៅ ប្រទេស ទីម័រខាងកើត ក្រោយពីបានស្នើប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះឲ្យពិនិត្យលទ្ធភាពក្នុងការនាំអង្ករ រវាងប្រទេសទាំងពីរ។

សំណើរមួយនេះបានធ្វើឡើងដោយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ក្នុងពេលជួបសំណេះសំណាលជាមួយលោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតទីម័រខាងកើត ប្រចាំនៅកម្ពុជា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នាទីស្តីការក្រសួងពាណិជ្ជកម្ម។

ក្នុងជំនួបនេះលោករដ្ឋមន្ត្រី បានលើកឡើងពីអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខារួចហើយ និងស្នើសុំឱ្យពន្លឿនការអនុវត្តអនុស្សរណៈនេះ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។

លោក ប៉ាន សូរស័ក្តិ បានអះអាងថា អង្ករកម្ពុជាប្រមាណ ៣ម៉ឺនតោន បានត្រៀមរួចរាល់ហើយ សម្រាប់ទីម័រខាងកើត។ លោកស្នើទីម័រខាងកើតពិនិត្យលទ្ធភាព និងផ្តល់ដំណឹងមកកម្ពុជាពេលបញ្ហាត្រូវបានដោះស្រាយរួចរាល់នោះ។ លើសពីនេះ លោក ប៉ាន សូរស័ក្តិ ក៏បានសម្ដែងនូវការស្វាគមន៍ដល់វិស័យឯកជននៃប្រទេសទីម័រខាងកើត មកបើករោងចក្រកិនស្រូវនៅកម្ពុជា ដើម្បីនាំចេញអង្ករទៅទីម័រខាងកើតវិញផងដែរ។

ដើម្បីជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតទីម័រខាងកើត បានអះអាងថា នៅពេលនេះប្រទេសខ្លួនកំពុងមានបញ្ហាផ្នែកនយោបាយ។ នៅពេលបញ្ហានយោបាយនេះ ត្រូវបានដោះស្រាយបញ្ចប់ នឹងពិនិត្យលទ្ធភាពនាំអង្ករកម្ពុជាទៅកាន់ទីផ្សាររបស់ខ្លួន។

ទន្ទឹមនឹងនេះ ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២០ អង្ករ កម្ពុជា សម្រេចការនាំចេញបាន ៣៥៦,០៩៧ តោន កើនឡើងប្រមាណ ១០៥,៩២៥តោន ស្មើនឹង ៤២.៣៤% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួន ២៥០,១៧២ តោន។ ក្នុងនោះ សហភាពអឺរ៉ុបកើនចំនួន ៥១.១០%, ប្រទេសចិនកើនចំនួន២៥.២៦%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន៤៥.៣៩%, និងគោលដៅដទៃទៀតបានកើនឡើងចំនួន៧៩.៤០%។

គួរបញ្ជាក់ គិតត្រឹម ៥ ខែនេះ មានប្រទេសចំនួន ៥៤ ដែលបានបញ្ជាទិញអង្ករពីកម្ពុជា ក្នុងនោះរួមមានសហភាពអឺរ៉ុបមានប្រទេសចំនួន ២៤, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងប្រទេសចំនួន ២៣ ផ្សេងទៀត។ រីប្រទេសទីម័រខាងកើតជាទីផ្សារថ្មីមួយទៀតសម្រាប់អង្កររបស់កម្ពុជា ដែលកម្ពុជាបាននិងកំពុងប្រឹងប្រែងក្នុងការចរចាជាមួយរដ្ឋាភិបាលទីម័រខាងកើត។បន្ថែមពីនេះក៏មានក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៤៩ ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេផងដែរ៕

ដោយ៖ ស្រីពេជ្រ