កម្ពុជាបន្ដស្នើរឲ្យភាគីចិន ពិនិត្យសំណើរសុំនាំចូលផលិតផលបន្ថែម ក្រោយអាចនាំចេញផ្លែស្វាយស្រស់ដោយផ្ទាល់ទៅកាន់ទីផ្សារចិន

បន្ទាប់ពីភាគី ចិន បានយល់ព្រមឱ្យ កម្ពុជា ធ្វើការនាំចេញ​ផ្លែ​ស្វាយ​ស្រស់ដោយផ្ទាល់ទៅកាន់ទីផ្សាររបស់ខ្លួន ពេលនេះ កម្ពុជា ក៏កំពុងបាននឹងស្នើរឱ្យភាគីចិន ពិនិត្យសំណើសុំនាំចូលផលិតផលបន្ថែមរួមមានដូចជា មៀនប៉ៃលិន ម្រេច ធុរេន ថ្លុង ទឹកមាត់ត្រចៀកកាំ និងផលិតផលផ្សេងទៀត។

ការស្នើសុំនេះធ្វើឡើងដោយ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​ក្នុងពិធី​ចុះ​ហត្ថលេខាលើពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំ​ចេញ​ផ្លែ​ស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន” រវាងក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទកម្ពុជា និងអគ្គរដ្ឋបាលគយចិន ដែលមានការចូលរួមពី ឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋ​ទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម នាព្រឹក​ថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។

ជាមួយគ្នានេះ ឯកឧត្តម​បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែល​បាន​ជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើន ដែលជាមិត្តដែកថែប និងជាដៃគូសហប្រតិបត្តិការដើម្បីការអភិវឌ្ឍក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

ឯកឧត្ដមបានអះអាងថា កម្ពុជា និងចិនបាននឹងកំពុង​ពិភាក្សាអំពី​ នីតិវិធីនិងលក្ខខណ្ឌតម្រូវ និងបច្ចេកទេសមួយចំនួនដើម្បីឈានទៅធ្វើការអនុម័ត​លើឯក​សារសំណើនាំចេញ ម្រេច មៀនប៉ៃលិន ក្រូចថ្លុង ធុរ៉េន និងទឹកមាត់ត្រចៀកកាំ ហើយ​កិច្ច​ការនេះនឹងអាចចាប់ផ្តើមធ្វើការនាំចេញនាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនក៏បានលើកឡើងយ៉ាងដូច្នេះថា៖ «ស្របពេលដែលវិស័យកាត់ដេរកំពុងមានការធ្លាក់​ចុះគួរឱ្យកត់សម្គាល់ ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារចិននាពេលនេះ ប្រាកដជានឹង​ជួយសេដ្ឋកិច្ចកម្ពុជាដែលទទួលរងនូវជំងឺឆ្លងសកលកូវីដ-១៩ ឱ្យមានកំណើនប្រសើរ​ឡើង វិញក្នុងពេលឆាប់ៗ» ។

ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បង្ហាញក្តីសង្ឃឹម និងជឿជាក់ថា តាមរយ:ពិធីសារនេះ វិនិយោ​គិន​ក្នុង និងក្រៅប្រទេស ជាពិសេសកសិករដែលជាម្ចាស់ចំការ​នឹងចាប់យកឱកាសនេះ ដើម្បី​បង្កើនផលិតភាពផលិតផលកម្ម និងនាំចេញផ្លែស្វាយស្រស់ ដ៏មានគុណភាព និងគុណ​តម្លៃ​ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាទៅកាន់ទីផ្សារដ៏មានសក្តានុពលរបស់ចិន ព្រមទាំងការ​នាំ​ចេញផលិតផលកសិកម្មផ្សេងៗទៀត នឹងកើតមានឡើងជាបន្តបន្ទាប់សម្រាប់ថ្ងៃអនាគតផងដែរ។

មែនទែនទៅ គិតត្រឹមឆ្នាំ២០១៩ ផ្ទៃដីដាំដុះស្វាយ នៅកម្ពុជាមានចំនួន១២៤,៣១៩ហិកតា ផ្ទៃដីដែលអាចប្រមូលផលមានចំនួន ៩១,៣៩៨​ហិកតា និងទិន្នផលជាមធ្យមទទួលបាន១៥,៨៥តោន ក្នុង១ហិកតា និងក្នុង១រដូវ ដែល​ជា​មធ្យមកម្ពុជា អាចមានផលិតផលស្វាយស្រស់ប្រមាណជា១,៤៤៨,៦៧៧តោន ក្នុង១រដូវ។

យោងតាមតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន​ឱ្យ​ដឹងថា អគ្គនាយកដ្ឋានកសិកម្មបាន​ទទួលពាក្យស្នើ​សុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេស​ចិនចំនួន ២០ ក្រុមហ៊ុនម្ចាស់ចម្ការ ដែលមានផ្ទៃដីចំនួន ២១, ២៨៦ហិកតា។ បន្ទាប់ពី​ពិធីសារនេះចូលជាធរមាន អគ្គនាយកដ្ឋានកសិកម្ម នឹងចុះត្រួតពិនិត្យ និងវាយតម្លៃចម្ការ​ស្វាយ និងទីតាំងវេចខ្ចប់រួចផ្ញើជូនភាគីចិន ដើម្បីភាគីចិនចុះមកវាយតម្លៃ បញ្ចប់មុនឈាន ដល់ការនាំចេញបានជាផ្លូវការ។

គួរបញ្ជាក់ផងដែរ​ ក្នុងចំណោមប្រភេទពូជស្វាយទាំង១៨ ដែលបាន​អភិរក្ស​នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ពូជស្វាយកែវរមៀត ជាពូជ​ស្វាយ​កម្ពុជា ដែលមានការនិយមដាំដុះច្រើនបំផុត ដោយពូជនេះមានលក្ខណៈពិសេស​ដែល​​អាចបរិភោគបានតាំងពីខ្ចី ចំណាស់ និងរហូតដល់ទុំ៕

ដោយ៖ ស្រីពេជ្រ