កម្ពុជាអាចនាំចេញនូវផ្លែស្វាយមានគុណភាពខ្ពស់ ៥០ ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ

នាពេលបច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយរហូតដល់ ១២៤,៣១៩ ហិកតា ដែលមានសមត្ថភាពអាចប្រមូលផលចំនួន ៩១,៣៩៨ហិកតា និងទិន្នផលជាមធ្យមទទួលបានជាង ១៥ តោន មួយហិកតាក្នុងមួយរដូវ។ ជាមធ្យមកម្ពុជាអាចមានផលិតផលស្វាយស្រស់ប្រមាណ១,៤៤៨,៦៧៧ តោន ក្នុងមួយរដូវ ដែលអាចបំពេញតម្រូវការក្នុងស្រុកបានគ្រប់គ្រាន់ ក៏ដូចជានាំចេញទៅកាន់ក្រៅប្រទេសផងដែរ។​

នាព្រឹក​ថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅ ក្រសួងកសិកម្មបានសហការជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើពិធីសារផ្លូវការនាំចេញស្វាយស្រស់ទៅប្រទេសចិនដោយផ្ទាល់ ដើម្បីជួយដោះស្រាយទីផ្សារស្វាយរបស់ប្រជាកសិករកម្ពុជាកុំអោយជន់ជោរ ឬសល់ចោលដោយគ្មានអ្នកទិញ។

តាមរយៈ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការចុះហត្ថលេខាលើពិធីសារផ្លូវការ នាំចេញស្វាយស្រស់ទៅប្រទេសចិននេះ នឹងមាន ប្រយោជន៍យ៉ាងខ្លំាងសម្រាប់អ្នកប្រកបរដាំស្វាយដោយពុំសូវបារម្ភពីការខ្វះខាតទីផ្សារទៀតឡើយ ខណៈ ដែលផលិតកម្មផ្លែស្វាយស្រស់នៅកម្ពុជានាពេលបច្ចុប្បន្ន មានការកើនឡើងជាលំដាប់ ដែលបង្ហាញពីសក្កានុពលនូវភាពចាំបាច់ ត្រូវដោះស្រាយរកទីផ្សារដើម្បីនាំចេញ។

លោក ឯកឧត្តមបញ្ជាក់ថា៖ «ក្នុងចំណោមប្រភេទពូជស្វាយទាំង១៨ ដែលបានអភិរក្សនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា គឺជាប្រភេទពូជស្វាយកែវរមៀត ជាពូជស្វាយកម្ពុជា ដែលមានការនិយមដាំដុះច្រើនបំផុត ដោយពូជនេះ មានលក្ខណៈពិសេស ដែលអាចបរិភោគបានតាំងពីខ្ចីនិងរហូតដល់ទុំ។ បន្ទាប់ពីចុះហត្ថលេខាលើពិធីសារ នាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិននេះ កម្ពុជាអាចនាំចេញផ្លែស្វាយ មានគុណភាពខ្ពស់ ៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិន ជារៀងរាល់ឆ្នាំ។

ហើយនេះជាជោគជ័យលើកទី២ហើយ លើការចរចា ក្នុងការនាំចេញផ្លែឈើស្រស់ ពីកម្ពុជាទៅចិនដោយផ្ទាល់ ខណៈ ជោគជ័យលើកទី១ គឺការនាំចេញផ្លែចេកស្រស់ ទៅកាន់ប្រទេសចិន»។

ក្រៅពីនេះ កម្ពុជាក៏ធ្លាប់បានស្នើរសុំនាំចូលផលិតផលទៅកាន់ ចិន ដែលមានដូចជាដំឡូងមី ស្វាយចន្ទី អង្គរ ចុងអង្ករ ផ្លែចេក ហើយក៏ទទួលបានជោគជ័យផងដែរ។ រីឯការនាំចេញផ្លែស្វាយនៅពេលខាងមុខ ត្រូវបានគេមើលឃើញថានឹងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចរបស់កម្ពុជា និងកាត់បន្ថយភាពក្រីក្ររបស់កម្ពុជានៅពេលអនាគត។

គួរបញ្ជាក់ផងដែរ កម្ពុជា មានផលិតផលជាច្រើន ប្រមាណជា ៣៤ មុខ ដែលបាននាំចេញទៅកាន់ប្រទេសចិន ប៉ុន្តែនៅក្នុងឆ្នាំនីមួយៗ គឺមានចំនួនតិច ដែលខ្ទង់កម្រិតមួយ ២០ ទៅ ២៤ មុខតែប៉ុណ្ណោះ ដែលវាចល័តទៅវិញទៅមក ដោយសេចក្តីត្រូវការបញ្ជាទិញពីសាធារណរដ្ឋប្រជាមានិតចិន៕

ដោយ៖​​ ស្រីពេជ្រ