កម្ពុជា ក្លាយជាប្រទេសឈានមុខគេមួយក្នុងការនាំចេញកង់ទៅកាន់ទីផ្សារអន្ដរជាតិ

បើទោះជាបច្ចុប្បន្ន បច្ចេកវិទ្យាកាន់តែទំនើប ម៉ូតូ រថយន្ដសេរីថ្មីចេញជាហូរហែរដើម្បីបំពេញតម្រូវការរបស់មនុស្ស និងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរក៏ដោយ  ក៏ប៉ុន្ដែ កង់ នៅតែជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមមួយសម្រាប់ប្រជាជននៅជុំវិញពិភពលោកដដែល ជាពិសេសគឺនៅតំបន់អឺរុបតែម្ដង។

ដោយសារតែតម្រូវការឥតឈប់ឈរបែបនេះហើយ ទើបធ្វើឲ្យការនាំចេញកង់ របស់ កម្ពុជា ទៅកាន់ទីផ្សារអន្ដរជាតិ នៅតែបន្ដកើនឡើង រហូតដល់បច្ចុប្បន្ននេះ កម្ពុជា បានក្លាយជាប្រទេសនាំចេញកង់ ឈានមុខគេមួយនៅលើពិភពលោក។

ជាមួយគ្នានេះ គិតត្រឹមរយៈពេល ៥ ខែ ដើមឆ្នាំ ២០២០ នេះ កម្ពុជា បាននាំចេញកង់ទៅកាន់ទីផ្សារអន្ដរជាតិ សរុបចំនួន ៨៧  ម៉ឺនគ្រឿង ដែលមានការកើនឡើងប្រមាណ ២០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។

យោងទៅតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចំណូលដែលបានមកពីការនាំចេញទោចក្រក្រយាននេះ គឺបានកើនឡើង ២៦ ភាគរយ រហូតដល់ជាង ១៩៧ លានដុល្លារ ហើយសហគមន៍អឺរ៉ុបជាទីផ្សារធំជាងគេសម្រាប់ទោចក្រយានកម្ពុជា  ដែលនាំចេញបាន ៤៩៥ ៣៤១ គ្រឿង ក្នុងតម្លៃ ១១៩ លានដុល្លារ ។

បន្ថែមពីនេះ  ទីផ្សារផ្សេងទៀតរបស់ កម្ពុជា រួមមាន សហរដ្ឋអាមេរិក នាំចេញបានចំនួនប្រមាណជា ២២៣ ៩១២គ្រឿង ក្នុងតម្លៃ ៤៤ លានដុល្លារ ខណៈ អង់គ្លេស មានចំនួន ១២៥ ៦០២ គ្រឿង ក្នុងតម្លៃ ២៥ លានដុល្លារ។ ហើយសម្រាប់ការនាំចេញទៅកាន់ទីផ្សារជប៉ុន ៣៣៨ គ្រឿងមានតម្លៃជាង ៩ ម៉ឺនដុល្លារ និងទីផ្សារផ្សេងៗ ទៀត ចំនួន ៣១៤១៩ គ្រឿង ក្នុងតម្លៃជាង ៩ លានដុល្លារ ។

តាមរយៈ លោក​ ស៊ាង​ ថៃ អ្នក​នាំពាក្យ​ក្រសួង​​ពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​កាល​ពីពេលកន្លងទៅថា ការ​ដំឡើង​ និង​នាំចេញ​កង់​​​របស់​កម្ពុជា ក្នុង​រយៈពេល​ ​៣ ទៅ ៤ ​ឆ្នាំ​ចុង​ក្រោយ​នេះហាក់ដូចជាមានការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ ​ ហើយ​កត្តា​នេះ​រួម​ចំណែក​​សំខាន់​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ដែល​កម្ពុជា​ទទួល​បាន​ពី​​អឺរ៉ុប​។​

ទន្ទឹមនឹងនេះ វិស័យតម្លើងទោចក្រយាននៅ កម្ពុជា កំពុងតែទាក់ទាញទាំងក្រុមហ៊ុនតម្លើងកង់ល្បីៗលើពិភពលោក នឹងទោចក្រគ្រឿងបង្គំទោចក្រយានចូលមកវិនិយោគផងដែរ ហើយភាគច្រើនស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបាវិត។

គួរបញ្ជាក់ផងដែរ ​​យោងទៅ​តាម​គេហទំព័រ​ Bike-EU.com ​​​ដែលជា​គេហទំព័រ​ឯកទេស​ផ្នែក​ឧស្សាហកម្ម​កង់​បានបញ្ជាក់ប្រាប់​ឲ្យ​ដឹង​ថា​ ប្រទេស ​កម្ពុជា ​បាន​ក្លាយ​ជា​​ប្រទេស​ផ្គត់ផ្គង់​កង់ច្រើនជាងគេ បង្អស់ទៅកាន់សហគមន៍អឺរ៉ុប ​ចាប់​តាំង​ពី​ឆ្នាំ ​២០១​៧​ ដោយបាន​វ៉ា​ដាច់​កោះ​តៃវ៉ាន់ ដែល​បាន​​​ឈរជាប់នៅចំណាត់ថ្នាក់លេខ ​១ អស់​​​រយៈពេល​ជាង ​២ ​ទសវត្សរ៍​មក​ហើយ​៕

ដោយ៖ ស្រីពេជ្រ