កម្ពុជា និងចិន គ្រោងបើកកិច្ចប្រជុំរួមគ្នាស្តីពីការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយកូវីដ-១៩នៅសប្តាហ៍ក្រោយ

Cambodia flag with China flag, 3D rendering

ដើម្បីរួមគ្នាស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាលសម្រេចនឹងបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេសចិន និងជាសហប្រធានខាងភាគីចិន ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង ក្រោយ​ពីបញ្ចប់​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​របស់​គណៈ​កម្មាធិការ​សម្រប​សម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុជា-ចិនស្តីពី​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​និង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា​នៅ​ថ្ងៃ​ទី ​៨ ​ខែ ​មិថុនា ​នេះ។​

យោងតាមការបញ្ជាក់របស់ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងនាមជាសហប្រធាន នៃកិច្ចប្រជុំនេះបានឲ្យដឹងថា  កិច្ចប្រជុំគណៈកម្មាធិការភាគីកម្ពុជា ដែលគ្រោងធ្វើនៅថ្ងៃទី ១៦ ខែ មិថុនាខាងមុខ នឹងមានការអញ្ជើញចូលរួមពីសមាជិក-សមាជិកាគណៈកម្មាធិការកម្ពុជា ដើម្បីត្រៀមចូលរួម កិច្ចប្រជុំតាមរយៈវីដេអូខនហ្វឺរេន (Video Conferrence) ហើយជាកិច្ចប្រជុំធំជាមួយភាគីចិន។

ជាមួយគ្នានេះ កិច្ចប្រជុំដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ខាងមុខ នឹងមានការពិភាក្សាគ្នា លើរបៀបវីរៈថា តើកិច្ចសហការរវាងកម្ពុជា-ចិនកន្លងមក មានលក្ខណៈយ៉ាងណា ហើយទៅពេលអនាគត នឹងបន្តសហការគ្នាយ៉ាងណាបន្ថែមទៀត ដើម្បីស្តារសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ ក្រោយពីវិបត្តិកូវីដ១៩ ដោយសារតែជំងឺកូវីដ១៩នេះ បានប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យសេដ្ឋកិច្ច មិនមែនតែក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែគឺសកលលោកទាំងមូល។

គួរបញ្ជាក់ផងដែរ កម្ពុជា-ចិន ចាប់តាំងពីឆ្នាំ២០១០ មក បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។ ហើយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ កម្ពុជា-ចិន ក៏បានចុះហត្ថលេខា លើផែនការ ៥ ឆ្នាំ ដើម្បីកសាងសហគមន៍វាសនារួម ក្រោមការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន, ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងកម្ពុជា និងលោក វ៉ាង យ៉ី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន៕

ដោយ៖ ស្រីពេជ្រ