កម្ពុជា ប្រកាសអនុញ្ញាតឱ្យនាំចេញអង្ករស ឡើងវិញ ចាប់ពីថ្ងៃទី២០ ខែឧសភានេះតទៅ

បន្ទាប់ពីផ្អាកការនាំចេញ អង្ករស មួយរយៈ ដើម្បីផ្គត់ផ្គង់ និងបំពេញតំរូវការប្រជាពលរដ្ឋក្នុងស្រុកក្នុងកំឡុងវិបត្តិ កូវីត ១៩ ពេលនេះ ការនាំចេញអង្ករស បានអនុញ្ញាតឲ្យមានសកម្មភាពឡើងវិញជាបណ្ដើរៗ ហើយ។

យោងតាមលិខិតប្រកាសជាផ្លូវការរបស់ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើជូនប្រធាន សហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី១៣ខែឧសភានេះ បានឲ្យដឹងថា៖ “ការនាំចេញអង្ករ ស នឹងត្រូវអនុញ្ញាតឱ្យមានសកម្មភាពឡើងវិញជាបណ្តើរៗ តាមកិច្ច សន្យាបញ្ជាទិញពីក្រៅប្រទេស ដោយគិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ តទៅ”។

មែនទែនទៅ ដើម្បីធានាដល់ការផ្គត់ផ្គង់ក្នុងស្រុកក្នុងដំណាក់ប្រឈមនឹងការរីក រាលដាលនៃជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដាក់ចេញបទបញ្ជាឱ្យផ្អាកនូវការនាំចេញអង្ករស និងស្រូវ ដោយចាប់អនុវត្តន៍ពីម៉ោង ២៣:៥៩នាទី ថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២០ ដើម្បីធានានូវសន្តិសុខ ស្បៀងរបស់កម្ពុជា នៅគ្រាដែលកំពុងរងនូវវិបត្តិនៃជំងឺកូវីដ១៩។ ការហាមឃាត់ការនាំចេញ អង្ករនេះ គឺហាមឃាត់ តែអង្ករស និងស្រូវប៉ុណ្ណោះ ចំពោះអង្ករក្រអូប ត្រូវបានអនុញ្ញាត ឱ្យនាំចេញធម្មតា។

ទាក់ទិននឹងបញ្ហានេះ លោកឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏បានលើកឡើងថា៖ “ការសម្រេច​បើក​ឲ្យ​មាន​ការនាំចេញ​អង្ករ ស ឡើង​វិញ​នេះ ដើម្បីជួយដល់ប្រទេសជិតខាង ដែលកំពុងជួបបញ្ហាកង្វះស្បៀង ម៉្យាងទៀត ការបើកឲ្យនាំអង្ករចេញឡើងវិញ ក៏បានជួយសម្រួលដល់​សមាជិក​អ្នក​នាំ​ចេញ និង​ម្ចាស់​រោង​ម៉ាស៊ីន ដែល​បាន​ជួយ​ទិញ​ស្រូវ​ពី​ប្រជាកសិករ​ដែល​បាន​ប្រមូល​ផល​កន្លង​មក​នេះ ដែល​ពួកគាត់​មាន​នៅសល់​ស្រូវ​ក្នុង​ស្តុក”។

ទន្ទឹមនឹងនេះ ​ដោយសារ​តែ​វិបត្តិ​កូវីដ​១៩​ មិនមែនមានតែប្រទេស កម្ពុជា ឡើយ ពោលគឺប្រទេស​ជាច្រើន​បាន​ផ្អាកការ​នាំចេញរបស់ខ្លួន ​ហើយ​សកម្មភាព​មួយ​ចំនួន​នៅក្នុង​ពិភពលោក​ត្រូវ​ផ្អាក ​ធ្វើឲ្យ​មាន​តម្រូវ​ការខ្លាំង​ផ្នែកស្បៀង​ អាហារ។ ​ដោយឡែក ​កម្ពុជា​មិនបាន​បិទ​ការ​នាំចេញ​ទេ ដូច្នេះ​ធ្វើឲ្យ​មាន​កំណើន​នៃ​ការ​នាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​ក្រៅ​ប្រទេស​ ​បែបនេះហើយ ទើប​ការ​នាំចេញ​អង្ករ របស់កម្ពុជា ​មានការ​កើនឡើង គឺ​តម្លៃ​ស្រូវ ​និង​អង្ករ​មាន​តម្លៃ​ល្អ​។

 

គួរបញ្ជាក់ផងដែរ បើទោះបីរាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តទុកដាក់គិតគូរយ៉ាងហ្មត់ចត់ ចំពោះសន្តិសុខស្បៀងសំរាប់ប្រជាពលរដ្ឋកម្ពុជា ដោយផ្អាកការនាំចេញ «អង្ករស» មួយរយៈពេលខ្លីក៏ដោយ ក៏ការនាំចេញអង្ករក្រអូបរបស់កម្ពុជា បានសម្រេចជាង ៦៩ ពាន់តោន ដែលផ្តល់នូវតំលៃមួយយ៉ាងខ្ពស់ សំរាប់អាជីវករ និងអ្នករកស៊ី នៅក្នុងវិស័យស្រូវអង្ករ។ បន្ថែមពីនេះ ក្នុងរយៈពេល៤ខែដំបូង នៃឆ្នាំ ២០២០ កម្ពុជា បាននាំចេញអង្ករ ៣០០,២៥២ តោន ដែលមានកំណើនចំនួន ៤១% បើប្រៀបជាមួយ៤ខែ ដើមឆ្នាំ២០១៩ ដែលនាំចេញបានប្រមាណត្រឹម ចំនួន ២១៣,៧៦៣ តោនតែប៉ុណ្ណោះ៕

 

ដោយ៖ ស្រីពេជ្រ