កម្មករដែលព្យួរកិច្ចសន្យាការងារជាង ៣ ម៉ឺននាក់ ត្រូវបានអនុញ្ញាតឱ្យទៅបើកប្រាក់ឧបត្ថម្ភនៅភ្នាក់ងារវីង

នាថ្ងៃទី១៦ ខែ កក្កដា នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងប្រាប់កម្មករនិយោជិតសរុបចំនួន ៣១,៧៦៤ នាក់ ដែលព្យួរកិច្ចសន្យាការងារនៅរោងចក្រ-សហគ្រាសចំនួន ១៤០ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ រង់ចាំមើលសាររបស់វីងនៅលើទូរស័ព្ទដៃរបស់ខ្លួន ដើម្បីយកលេខកូដទៅបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។

យ៉ាងណាមិញ នេះជាលើកទី ១៤ ហើយ ដែលក្រសួងការងារបានចេញសេចក្ដីជូនដំណឹងដល់កម្មកនិយោជិតដែលព្យួរការងារនៅរោងចក្រ-សហគ្រាសក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ឲ្យទៅបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។

តាមរយៈក្រសួងការងារបានឲ្យដឹងទៀតថា ការបើកប្រាក់ឧបត្ថម្ភនេះនឹងបើកជូនជាប្រាក់រៀល ដោយគិតតាមចំនួនតិច ឬច្រើន គឺអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះរួមមាន៖

* ៤០,៥០០រៀល (១០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងារចាប់ពី ១១-២០ថ្ងៃ។
* ៨១,០០០រៀល (២០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងារចាប់ពី ២១-៣០ថ្ងៃ។
* ២០២,៥០០រៀល (៥០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងារចាប់ពី ៣១-៤៩ថ្ងៃ។
* ២៤៣,០០០រៀល (៦០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងារចាប់ពី ៥០-២ខែ។

ក្រសួងការងារបានរំឭកជូនបន្ថែមថា ធនាគារវីងនឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាកម្មករនិយោជិតខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារឯកទេសវីង។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ កម្មករនិយោជិតត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរស័ព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។

ស្របពេលជាមួយគ្នានេះ នៅពេលកម្មករនិយោជិតទៅបើកប្រាក់ឧបត្ថម្ភខាងលើ គឺមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយ។ ក្នុងករណីកម្មករនិយោជិតដែលបម្រើការងារនៅរោងចក្រ-សហគ្រាសទាំង ១៤០ នេះ មិនបានទទួលសារទូរស័ព្ទពីធនាគារឯកទេសវីង កម្មករនិយោជិតត្រូវទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទរបស់ខ្លួនទៅរដ្ឋបាលរោងចក្រ-សហគ្រាសរបស់ខ្លួន។

តាមរយៈក្រសួងការងារដដែលក៏បានជម្រាបឲ្យដឹងផងដែរ កម្មករនិយោជិត នៃរោងចក្រ សហគ្រាសទាំងអស់ ដែលមានចែងក្នុងមាត្រា១ នៃច្បាប់ ស្ដីពីការងារ បានឈប់សម្រាកការងារដោយមានប្រាក់ឈ្នួលនៅថ្ងៃទី១៧ ទី១៨ ទី១៩ ទី២០ និងទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីសងការឈប់សម្រាកការងារ ដោយមានប្រាក់ឈ្នួល របស់កម្មករនិយោជិត កាលពីថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត៕

ដោយ៖ ស្រីពេជ្រ