ការចិញ្ចឹមជ្រូកក្នុងស្រុកមានសន្ទុះកើនឡើង ក្រោយរាជរដ្ឋាភិបាលសម្រេចចេញវិធានការបន្ថយការនាំចូលជ្រូកពីបរទេស

ក្រោយ​ពី​រាជរដ្ឋាភិបាលដាក់​ចេញ​វិធានការ​កាត់បន្ថយការនាំចូលជ្រូកពីបរទេស មួយរយៈចុងក្រោយសន្ទុះនៃការចិញ្ចឹមសត្វជ្រូករបស់ប្រជាកសិករ និងក្រុមហ៊ុនចិញ្ចឹមជ្រូក ក្នុងស្រុក ត្រូវបានមើលឃើញថាមានការកើនឡើងគួរឲ្យកត់សម្គាល់។ នេះបើយោងតាមសេចក្ដីប្រកាសរបស់សមាគមអ្នកចិញ្ជឹមសត្វកម្ពុជា នៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ កន្លងទៅ។

តាមរយៈសេចក្ដីប្រកាសដដែលបានឲ្យដឹងថា ជាមួយការដាក់ចេញវិធានការថ្មីនេះ បានធ្វើឲ្យតម្លៃជ្រូករស់កើនខ្ពស់ឡើងវិញ ហើយធ្វើឱ្យផលិតផលដែលកសិករចិញ្ចឹមសត្វ ក្រុមហ៊ុនចិញ្ចឹមសត្វ និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អាចប្រកួតប្រជែងទីផ្សារបាន បង្កើតការងារជូនប្រជាជន និងកាត់បន្ថយចំណាកស្រុកជាដើម។

ទន្ទឹមនឹងនេះ សមាគមអ្នកចិញ្ចឹមសត្វក៏បានបញ្ជាក់ប្រាប់អំពីតម្លៃរបស់ជ្រូករស់ ដែលមានចាប់ពី១៣,២០០រៀល ទៅ ១៤,២០០រៀល ក្នុងមួយគីឡូក្រាម។ តែយ៉ាងណាមិញ ដោយមើលឃើញពី បញ្ហាតម្លៃ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើកុំឱ្យតម្លៃជ្រូករស់ខ្ពស់ពេក ធ្វើឱ្យផលប៉ះពាល់ដល់អ្នកបរិភោគ។

ដើម្បីជាការឆ្លើយតបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មនេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នឹងខិតខំរិះរកមធ្យោបាយ ធ្វើយ៉ាងណាឱ្យតម្លៃជ្រូករស់មកនៅត្រឹម ១២,០០០ រៀល ក្នុងមួយគីឡូក្រាមនៅសប្តាហ៍ក្រោយ។

បន្ថែមពីនេះ តាមការបញ្ជាក់របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅរយៈពេល៥ខែដើមឆ្នាំ ២០២០នេះ អគ្គនាយកដ្ឋានទទួលបានការស្នើសុំបង្កើតកសិដ្ឋាន២៣កន្លែង (ខ្នាតធំ៧កន្លែង ខ្នាតមធ្យម២កន្លែង និងខ្នាតតូច ១៤កន្លែង) បើធៀបនឹងឆ្នាំ២០១៩ ពេញមួយឆ្នាំទទួលបានការស្នើសុំបង្កើត ក៏សិដ្ឋានតែចំនួន១០កន្លែងប៉ុណ្ណោះ។ រីឯការនាំចូលមេជ្រូកពូជមានចំនួន១៤,០០០ក្បាល ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០ ដែលមានការកើនឡើងខ្ពស់បើធៀបនឹងឆ្នាំ២០១៩ គឺការនាំចូលមានត្រឹម ៧៨៤០ក្បាល និងកូនជ្រូកពូជ នាំចូលរយៈពេល៥ខែដើមឆ្នាំ២០២០ មានចំនួន ៨៨,៨៧០ក្បាលនាំចូលរយៈពេល៥ខែដើម ឆ្នាំ២០១៩។

លទ្ធភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុក តាមរយៈការចិញ្ចឹមតាមកសិដ្ឋាន និងតាមគ្រួសារក្នុងឆ្នាំ២០២០ មានចំនួន ៥៨០០ក្បាលក្នុងថ្ងៃ និងមានការនាំចូលបំពេញបន្ថែមចន្លោះពីចំនួន ២,៣៥០ក្បាល ទៅ ៤,៤០០ក្បាល/ថ្ងៃ ទៅតាមតម្រូវការតិច ឬច្រើន

​បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​ចំនួន ​០៧ ដែល​ទទួល​បានការ​អនុញ្ញាត​ឲ្យ​នាំ​ចូល​ជ្រូក​រស់​មក​កាន់​កម្ពុជា​។ តែក្រោយមក ​ក្រសួងក៏​បាន​ផ្អាក​ការ​នាំ​ចូល​ជ្រូក​រស់​ជា​បណ្តោះអាសន្ន​របស់​ក្រុមហ៊ុន​ចំនួន​ ០២ រួម​មាន​ក្រុមហ៊ុន ចាន់ធូ មាន​ជ័យ អ៊ី​ម​ផត អ៊ិ​ច​ផត និង​ក្រុមហ៊ុន ៣​ធី​អេ​ច អេ​ហ្គ្រី ឌី​វេឡុ​ប​មិន ដោយសារ​តែ​ក្រុមហ៊ុន​ទាំង​ ០២​នេះ បាន​ប្រព្រឹត្ត​ល្មើស​ម្តង​ហើយ ម្តងទៀត មិន​ព្រម​រាងចាល​។

គួររំលឹកផងដែរ តាមរយៈការបញ្ជាក់របស់តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរឹតបន្តឹងការនាំចូលសត្វជ្រូករស់ចូលមកកម្ពុជាកាលពីពេលកន្លងទៅបានឲ្យដឹងថាក្នុង១ឆ្នាំៗ កម្ពុជាត្រូវចំណាយប្រាក់យ៉ាងហោចណាស់ ៤០០លានដុល្លារ ក្នុងការនាំចូលសត្វជ្រូក ពីប្រទេសជិតខាង៕

ដោយ៖ ស្រីពេជ្រ