ការជួញដូរភាគហ៊ុនរបស់ អេស៊ីលីដា ហាក់ដូចជាមានសន្ទុះ និងទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាផ្លូវការទើបតែបាន ៤ ថ្ងៃ

បន្ទាប់ពីបានក្លាយជា ធនាគារចុះបញ្ជីសាធារណៈដំបូងគេនៅផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃ ច័ន្ទ កន្លងទៅ និង ទទួលបានប្រាក់ប្រហែល ១៧.៦ លានដុល្លារ ជាមួយនឹងការបោះផ្សាយមូលបត្រលក់ជាលើកដំបូង (IPO) ចំនួន ៤.៣៤៤.៨៦៥ នៅក្នុង ទីផ្សារ។ ពេលនេះ ការជួញដូរ​ភាគហ៊ុន​របស់ ​អេស៊ីលីដា ក៏ហាក់ដូចជាមានសន្ទុះ  និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់វិនិយោគគិន ក៏ដូចជាសាធារណៈជនត្រឹមតែរយៈពេល ៤ ថ្ងៃប៉ុណ្ណោះ។

ផ្ទុយពីភាគហ៊ុន​របស់​ក្រុមហ៊ុន​ផ្សេងៗ ដែល​ទើប​តែ​ចុះ​បញ្ជី​ថ្មីៗ ដូចគ្នា ដែលតម្លៃនៅថេរ និងធ្លាក់ចុះ តែភាគហ៊ុន របស់ធនាគារ អេស៊ីលីដា បែរជាឡើងស្រើតៗ និងទទួលបានការចាប់អារម្មណ៍ច្រើន។ ជាក់ស្ដែង កាលពី​ថ្ងៃទី ២៧ ខែ ឧសភា ទំហំ​នៃ​ការទិញលក់ភាគហ៊ុន ​ធនាគារ​អេស៊ីលីដា នៅក្នុងផ្សារមូលបត្រកម្ពុជា មានទំហំទឹកប្រាក់ជាង ៥.១ ពាន់លានរៀល ស្មើនឹងប្រមាណ ១.៣ លានដុល្លារអាមេរិក។ ខណៈកាលពីម្សិលមិញ ទំហំ​នៃ​ការទិញ​លក់​ភាគហ៊ុន មាន​ចំនួន ២៤ ​ម៉ឺន​ហ៊ុន ដោយក្នុងមួយហ៊ុនមាន​តម្លៃ ២១,៥៥០ រៀល ដែលសរុបជា ​ទឹកប្រាក់​ជិត ៥ ពាន់​លានរៀល ស្មើនឹង​ប្រមាណ​ជាង ១.២ លាន​ដុល្លារ​អាមេរិក។

លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បានលើកឡើងយ៉ាងដូច្នេះថា៖ ធនាគារមិនបានកំណត់គោលដៅណាមួយដើម្បីប្រមូលដើម ទុនពីផ្សារភាគហ៊ុននោះទេ ខណៈដែលវិស័យនេះពឹងផ្អែកលើការចូលរួមរបស់សាធារណជនជាពិសេសប្រជាជនកម្ពុជា។ ហើយ ធនាគារមានសាច់ប្រាក់ងាយស្រួលនិងដើម ទុនរឹងមាំ ដូច្នេះហើយការ​បោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​លើក​ដំបូង (IPO) បានសម្រួលដល់វិនិយោគិនសាធារណៈដើម្បីចូលរួមជាមួយធនាគារនៅក្នុងទីផ្សារមូលធន។

ដោយឡែក ការប្រមូលដើមទុនពីផ្សារមូលបត្រកម្ពុជាមិនមានសារៈសំខាន់ខ្លាំងសម្រាប់ធនាគារអេស៊ីលីដានោះទេ ប៉ុន្តែពួកគេចង់បើកឪកាសសម្រាប់វិនិយោគិន សាធារណៈនិងចង់ធ្វើជាគំរូសម្រាប់ស្ថាប័នធនាគារនិងហិរញ្ញវត្ថុដទៃទៀតដើម្បីពិចារណាលើទីផ្សារមូលធននេះ។

បន្ថែមពីនេះ លោកក៏បានថ្លែងប្រាប់ពីសម្មិតផលរបស់ ធនាគារ អេស៊ីលីដា កាលពីឆ្នាំ ២០១៩ ថា៖ «ប្រាក់កម្ចីតូចៗ របស់អេស៊ីលីដាបានកើនឡើង ១៥,៤៧ ភាគរយនៅក្នុងឆ្នាំ ២០១៩ បើធៀបនឹងឆ្នាំមុនដោយផលប័ត្របានកើនឡើងចំនួន ២៦៩,២៧ លានដុល្លារ។ ប្រាក់កម្ចីផ្ទាល់ខ្លួនកើនឡើងចំនួន ២១,៩៣ ភាគរយ (១៩,៩០ លានដុល្លារ) ។ ខណៈប្រាក់កម្ចីសរុបមានតម្លៃ ៣.៨៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ កើនឡើងប្រមាណ ៧ ភាគរយពី ៣.៥៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ។ ចំពោះប្រាក់បញ្ញើមាន ៤.៣៦ ពាន់លានដុល្លារ បានកើនឡើង ១៣ ភាគរយ ដល់ និងតម្លៃភាគហ៊ុនរបស់ភាគទុនិកចំនួន ១៣,០៩ ភាគរយពី ៨៥២,៨៤ លានដុល្លារដល់ ៩៦៤,៤៦ លានដុល្លារ»។

លោកក៏បានបន្ដទៀតថា ធនាគារនឹងពង្រឹងសមត្ថភាពទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុកនិងបរទេសដោយផ្តល់ជូនពួកគេនូវភាពប្រកួតប្រជែងដំណើរការរដ្ឋបាលនិងឯកសារឌីជីថលដើម្បីគាំទ្រដល់ធនាគារឌីជីថលបង្កើនប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងសន្តិសុខសម្រាប់មុខងារឌីជីថលរឹងមាំនិងជាដៃគូជាមួយស្ថាប័នល្បីឈ្មោះបន្ថែមសម្រាប់ កំណើនអាជីវកម្ម។

លោក ហុង សុខហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទីផ្សារមូលធនបាននិងកំពុងផ្លាស់ប្តូរទម្លាប់សន្សំប្រាក់សម្រាប់ឱកាសវិនិយោគដែលអនុញ្ញាតឱ្យអ្នកដែលមានដើមទុនច្រើនអាច ផ្តល់ដល់វិនិយោគិនដែលត្រូវការដើមទុនក្នុងការពង្រីកនិងពង្រឹងអាជីវកម្មរបស់ពួកគេ។»

ទន្ទឹមនឹងនេះ សម្រាប់នៅឆ្នាំ ២០២០ បើទោះបីមានការព្យាករណ៍របស់ស្ថាប័នអន្តរជាតិ អំពីការថមថយនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្តី ក៏ស្ថានភាពប្រាក់ចំណេញរបស់អេស៊ីលីដា ត្រូវបានរំពឺងថាមិនបានផលប៉ះពាល់អ្វីនោះទេ ដោយសារតែអតិថិជនរបស់អេស៊ីលីដា គឺជាសហគ្រាសធុនតូច ដែលការប្រកបរបរចិញ្ចឹមជីវិតតាមធម្មតាប៉ុណ្ណោះ ហើយថែមទាំងអាចកើនឡើងដល់ទៅ ១០ ភាគរយថែមទៀតផង។

គួរបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់សវនកម្មនៃធនាគារ អេស៊ីលីដា ប្រាក់ចំណូលសរុបរបស់ធនាគារ អេស៊ីលីដា មានចំនួន ៥៥០ លានដុល្លារ កាលពីឆ្នាំ ២០១៩។ ហើយប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណូលមានចំនួន ១៥៣ លានដុល្លារជាមួយនឹងប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធចំនួន ១២០ លានដុល្លារ ដែលកើនឡើងប្រមាណ ១.៣ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨៕

ដោយ៖ ស្រីពេជ្រ