ការនាំចេញផលនេសាទរបស់កម្ពុជា សម្រេចបានជាង ១ ពាន់តោន ធ្លាក់ចុះ ៨០ ភាគរយក្នុងឆមាសទី ១

យោងតាម​របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទនាពេលថ្មីៗ នេះ បានឲ្យដឹងថា កម្ពុជា​បាន​នាំចេញ​ផលនេសាទ​សរុប ១ ៣៧២ ​តោន​ ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ ២០២០ ទៅកាន់​ទីផ្សារ​អន្តរជាតិធ្លាក់ចុះ​ប្រមាណ ៨០ ​ភាគរយ​ បើ​ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ៨ ៧១០ ​តោន​។

របាយការណ៍ដដែល​បង្ហាញថា ចំពោះ​ការនាំចេញ​ផលនេសាទ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ មានសរុប ១ ៣៧២ ​តោន​នេះ​ ​ដោយក្នុងនោះការនាំចេញ​ផលនេសាទ​ស្រស់​មាន​ចំនួន​ ១ ១៤០ ​តោន ​ធ្លាក់ចុះ ៧៩,១២ ​ភាគរយ​ ធៀប​ទៅនឹង​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ ដែល​មាន​ចំនួន ៥ ៤៦០ ​តោន​។ ខណៈ​ការនាំចេញ​ផលនេសាទ​កែច្នៃ​មាន​ចំនួន ២៣២ ​តោន ​ធ្លាក់ចុះ ៩៣ ​ភាគរយ​។

ដោយឡែក កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចេញ​ផលនេសាទ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​សរុប ១៤ ១០០ តោន​ ធ្លាក់ចុះ ២,២៥ ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨ មាន​ចំនួន ១៤ ៥០០ តោន​។ រីឯត្រីមាសទី ១ ឆ្នាំ ២០២០ នេះវិញ កម្ពុជា​បាន​នាំចេញ​ផលនេសាទ​ចំនួន ៣ ៤៧៥ ​តោន ​កើនឡើង ២៥ តោន ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ៣ ៤៥០ ​តោន​។

តាមការបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលថ្មីៗ កន្លងទៅនេះ បានឲ្យដឹងថា ការចិញ្ចឹមត្រីនៅ កម្ពុជា បានកើនឡើងពីបរិមាណ ៥ ម៉ឺនតោនក្នុងឆ្នាំ ២០០៩ ដល់ជាង ៣០ ម៉ឺនតោន នៅឆ្នាំ ២០១៩។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទៅនឹង ការប្រែប្រួលរបបទឹកទន្លេមេគង្គ ជាមួយនឹងការប្រែប្រួលភូមិសាស្រ្ត បឹង ព្រែក ស្ទឹង និងទន្លេ និងអាកាសធាតុ និងឆ្លើយតបទៅនឹងសេចក្តីត្រូវការទីផ្សារ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំផែនការយុទ្ធសាស្រ្ត សម្រាប់វិស័យជលផលឆ្នាំ២០១៥-២០២៤ និងផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វារី-វប្បកម្ម នៃប្រទេសកម្ពុជាឆ្នាំ២០១៦-២០៣០ ដែលផែនការនេះ អនុលោមតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨។

យុទ្ធសាស្រ្តនេះ ផ្តោតសំខាន់ទៅលើ៧ចំណុចសំខាន់ៗ៖ (១) គុណភាពពូជសម្រាប់ប្រភេទត្រីនានា (២) បង្កើនការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ទាំងបរិមាណ (៣) ធានាបាននូវការផ្គត់ផ្គង់ចំណី ប្រកបដោយនិរន្តរភាព (៤) បង្កើនចំណេះដឹង ជំនាញ និងសមត្ថភាពស្ថាប័ន (៥) ថែរក្សាគុណភាពបរិស្ថាន និងកាត់បន្ថយដោយជំងឺ (៦) បង្កើនគុណភាព និងតម្លៃនៃផលិតផលវារីវប្បកម្មកែច្នៃ (៧) សម្របសម្រួលក្នុងការផ្តល់ នូវសេវាឥណទានវារីវប្បកម្ម។

សូមបញ្ជាក់ តាមរយៈផែនការយុទ្ធសាស្រ្ដដែលរាជរដ្ឋាភិបាលបានដាក់ចេញ រដ្ឋបាល​ជលផល ក៏មានក្ដីសង្ឃឹមថា កម្ពុជា​អាច​ផ្គត់ផ្គង់​ផលជលផលតាមរយៈ​ការធ្វើ​វារីវប្បកម្ម​បាន ៧៤០ ០០០ ​តោន​នៅ​ឆ្នាំ​ ២០២៤ ខាងមុខនេះ៕

ដោយ៖ ស្រីពេជ្រ