ការនាំចេញអង្ករ កម្ពុជា ទៅកាន់ទីផ្សារអន្ដរជាតិ ក្នុងឆមាសទី ១ ឆ្នាំនេះ កើនឡើង ៤១%

បើទោះជាដើមឆ្នាំ ២០២០ នេះ កម្ពុជា ទទួលការរំខានពីជំងឺ កូវីត ១៩ ក្ដី តែការនាំចេញអង្ករទៅកាន់ទីផ្សារអន្ដរជាតិនៅតែមានសន្ទុះកើនឡើង ខណៈត្រូវបានរាយការណ៍ថា កើនឡើងរហូតដល់ ៤១ ភាគរយ ត្រឹមរយៈពេល ៦ ខែ ដំបូងនេះ។ នេះបើតាមរបាយការណ៍ ពីក្រសួងកសិកម្ម។

តាមរយៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា កម្ពុជានាំចេញអង្ករសម្រេចបាន ៣៩៧,៦៦០ តោន កើនឡើង ១១៦,១២២ តោន ស្មើនឹង៤១.២៥% ដែលធៀបទៅនឹងរយៈពេល ៦ ខែដើមឆ្នាំ ២០១៩ មានត្រឹមចំនួន ២៨១,៥៣៨តោន។

លោករដ្ឋមន្ត្រីក៏បានបន្ដទៀតថា ក្នុងខែ មិថុនា ឆ្នាំ២០២០ សម្រេចការនាំចេញអង្ករបាន ចំនួន៤១,៥៦៣តោន កើនឡើងចំនួន ១០,១៩៧តោន ស្មើនឹង ៣២.៥១% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤១,៨៦៤តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៨,៧៥២ តោន, អង្ករចំហ៊ុយមានចំនួន ៩២៤តោន និងអង្ករក្រហមមានចំនួន២៣តោន។

ក្នុងរយៈពេល ៦ ខែនេះ ប្រទេសដែលបានបញ្ជាទិញអង្ករ ពី កម្ពុជា មានចំនួន៥៦ប្រទេស ដែលក្នុងនោះរួមមាន សហភាពអឺរ៉ុបមានប្រទេសចំនួន២៤ ,ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនឹងនៅទ្វីបដទៃទៀតចំនួន២៥ ប្រទេស។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៦៦ ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេផងដែរ។

បន្ថែមពីនេះ សម្រាប់ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់ ដោយក្នុងនោះសហភាពអឺរ៉ុបកើនឡើងចំនួន ៤៥.១៩%, ប្រទេសចិនកើនចំនួន២៥.២០%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន៤៧.៦៩% និងគោលដៅដទៃទៀតបានកើនឡើងចំនួន ៧៩.២៦%។

គួរបញ្ជាក់ផងដែរ ទោះបច្ចុប្បន្នការរីករាលដាលនៃ កូវីត ១៩ បានកំពុងគំរាមកំហែងដល់ប្រទេស កម្ពុជា ក៏ដោយ តែសហព័ន្ធស្រូវអង្ករកម្ពុជានៅតែបង្ហាញពីក្ដីរំពឹងថា ក្នុងឆ្នាំ ២០២០ នេះ ការនាំចេញអង្ករសរុប របស់កម្ពុជា នឹងអាចសម្រេចបានប្រមាណ ៨០ ម៉ឺនតោន៕

ដោយ៖ ស្រីពេជ្រ