“ការសម្រេចចិត្តយឺតយ៉ាវ និងយូរពេក នឹងធ្វើឲ្យអ្នកបាត់បង់ការច្នៃប្រឌិតអ្វីដែលថ្មីពីក្រុមការងារអ្នក”

បើតាមលោក Jeff Bezos លោកតែងតែយកអតិថិជនជាគោល និងចាត់ទុកការពេញចិត្ត និងមិនពេញចិត្តរបស់អថិតិជនជាខ្នាតរង្វាស់សម្ធិផលនៃការងារប្រចាំថ្ងៃ។ ម៉្យាង ដំណើរការរហ័សនៅក្នុងក្រុមហ៊ុនគឺជារឿងសំខាន់បំផុត។ លោក Jeff Bezos តែងមានការជឿជាក់ថា ប្រសិនបើក្រុមហ៊ុនរបស់អ្នកធំ អ្នកមិនគួរឲ្យដំណាក់កាលនៃការសម្រេចចិត្ត ឬដំណើរការនៃការធ្វើការងាររបស់ក្រុមហ៊ុនអ្នកធំ ទូលំទូលាយ ទៅតាមមាឌក្រុមហ៊ុនរបស់អ្នកនោះទេ។ ដំណើរការវែងឆ្ងាយ វានឹងក្លាយជាឧបសគ្គធំ និងធ្វើឲ្យរាំងស្ទះនៅក្នុងក្រុមហ៊ុនជាមិនខាន។ អ្វីដែលលោក Jeff Bezos ណែនាំឲ្យអ្នកយកចិត្តទុកដាក់ជាងគេនោះគឺ “ល្បឿន” ប្រសិនបើអ្នកចង់ឈ្នះគូប្រកួតប្រជែក និងរក្សាអតិថិជនឲ្យនៅជាមួយអ្នករហូតនោះ។

ស្ថាបនិក Amazon រូបនេះក៏ធ្លាប់បាននិយាយថា “ពិភពខាងក្រៅ ឬគូប្រកួតប្រជែកខាងក្រៅ នឹងធ្វើឲ្យអ្នកឈានទៅដល់ថ្ងៃទី២ ឬថ្ងៃបរាជ័យ ប្រសិនបើអ្នកមិនបានពិនិត្យ និងតាមដានសភាពការណ៍ និងនិន្នាការនាពេលបច្ចុប្បន្នបាននោះទេ។ ប្រសិនបើអ្នកព្យាយាមចាប់យកតាមនិន្នាការនោះ ហើយធ្វើការប្រយុទ្ធជាមួយវា នោះមានន័យថា អ្នកកំពុងតែវាយសម្រុកទៅលើអនាគតរបស់អ្នកហើយ ដែលពេលនោះហើយដែលអ្នកនឹងអាចរកបានខ្យល់សម្រាប់ដកដង្ហើមបានដូចគេ” ។

កុំសម្រេចចិត្តយូរពេកលើរឿងដែលងាយៗ និងដែលកើតឡើងដដែលៗ

ការធ្វើសេចក្ដីសម្រេចចិត្ដប្រកបដោយភាពច្បាស់លាស់ ត្រឹមត្រូវ និងសុក្រឹត វាពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ការរីកចម្រើននៅក្នុងអង្គភាព។ ការធ្វើសម្រេចចិត្តខ្លះតម្រូវឲ្យយើងត្រូវគិតម្ដងមួយជំហានៗ យ៉ាងលំអិត និងស៊ីជម្រៅ ជាពិសេសគឺការសម្រេចលើការប្រើប្រាស់ហិរញ្ញវត្ថុ ដែលត្រូវធ្វើដោយការប្រុងប្រយ័ត្ន និងប្រសិនបើអាចត្រូវការយោបល់ពីអ្នកជំនាញ។ ប៉ុន្ដែការធ្វើសេចក្ដីសម្រេចចិត្តខ្លះ មិនចាំបាច់ត្រូវគិតច្រើនអ្វីនោះទេ ព្រោះសភាពការណ៍ជាក់ស្ដែង មិនអនុញ្ញាតឲ្យយើងធ្វើការពិនិត្យមើលគ្រប់ច្រកល្ហកបាននោះទេ តែសេចក្ដីសម្រេចចិត្ដនោះត្រូវតែជាការសម្រេចចិត្តដែលលឿនរហ័ស ហើយមានការវិនិច្ឆ័យខ្ពស់។ ដូច្នេះហើយ បានជាអ្នកដែលត្រូវធ្វើសេចក្ដីសម្រេចចិត្តនានាក្នុងក្រុមហ៊ុនក្ដី ឬអង្គភាពការងារ     ផ្សេងៗក្ដី គឺត្រូវតែមានពិសោធន៍ច្រើន និងរៀនសូត្រជាប្រចាំ ដើម្បីងាយស្រួលក្នុងការសម្រេចចិត្តភ្លាមៗ។

នៅក្នុងក្រុមហ៊ុនធំៗជាច្រើន ដែលមិនសូវមានការអភិវឌ្ឍអ្វីថ្មីៗ ទាន់នឹងសម័យកាលបច្ចុប្បន្នបាន គឺមិនមែនដោយសារតែពួកគេគិតមិនឃើញថាត្រូវធ្វើអ្វីនោះទេ តែបញ្ហានៅត្រង់ថាដំណើរការធ្វើសម្រេចចិត្តនៅក្នុងក្រុមហ៊ុននោះវាមានភាពយឺតយ៉ាវពេក និងធំទូលាយពេក ដែលធ្វើឲ្យរាំងស្ទះដល់ការធ្វើសេចក្ដីសម្រេចចិត្ត។ សម្រាប់លោក Jeff Bezos វិញ លោកយល់ថា បញ្ហានេះ គឺកើតចេញឡើងដោយសារតែពួកគេគិតថាការសម្រេចចិត្តនោះ វាជារឿងស្លាប់រស់ដែលទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងប្រថុយប្រថានពេក ដែលជាហេតុធ្វើឲ្យពួកគេបាត់បង់ឱកាសក្នុងការបង្កើតអ្វីដែលថ្មី។ ជាលទ្ធផល ក្រុមហ៊ុនរបស់ពួកគេនឹងមិនអាចដើរទាន់គូប្រកួតប្រជែករបស់ពួកគេបាននោះទេ។ សម្រាប់មេដឹកនាំ អ្នកត្រូវដឹងថា តើអ្វីដែលត្រូវធ្វើការសម្រេចចិត្តភ្លាមៗ លឿនរហ័ស និងអ្វីដែលត្រូវគិតគូពិចារណាល្អិតល្អន់? មិនមែនល្អិតគ្រប់រឿងនោះទេ៕

ខ្ញុំមិនដឹងថាអត្ថបទមួយនេះ នឹងត្រូវបានជនអសមត្ថភាព និងស្ថាប័នខិតខូចដែលរស់ដោយសារតែអត្ថបទគេ ចម្លង និងកែច្នៃយកទៅប្រើបម្រើប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងដូចម្ដេចទៀតនោះទេ ប៉ុន្ដែយ៉ាងហោចណាស់ ក៏ពួកគេទាំងនោះបានអាន និងរៀនសូត្រតាមរយៈអត្ថបទនេះដែរ។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ពួកគេនឹងយល់ពីតម្លៃនៃការតែងនិពន្ធយ៉ាងពិតប្រាកដ។

អត្ថបទដោយ៖ ឡាយ ឧត្ដម