ការអាន គឺជារបរតែមួយគត់ដែលអ្នកត្រូវវិនិយោគដំបូងគេ មុនចេញរកស៊ីអ្វីផ្សេង

ភាពរីកចម្រើននាពេលបច្ចុប្បន្ននេះ គឺសុទ្ធតែកើតឡើងដោយសារតែការបន្សល់នូវគំនូស អក្សរ ដែលបន្សល់ទុកដោយមនុស្សជំនាន់មុន។ សៀវភៅ តែងជាមិត្ដដ៏ល្អសម្រាប់អ្នកអភិវឌ្ឍន៍ និងអ្នកបង្កើតថ្មី។

លោកអតីតនាយករដ្ឋមន្ត្រីអង់គ្លេស Winston Churchill តែងតែចំណាយពេលជាច្រើនម៉ោងនៅក្នុងមួយថ្ងៃដើម្បីអានសៀវភៅ ប្រវត្ដិសាស្ត្រ ជីវប្រវត្ដិ ទស្សនវិទ្យា និងសេដ្ឋកិច្ច។ ចំណែកឯ ប្រធានាធិបតីអាមេរិកដែលជាប់ឈ្មោះជាមនុស្សដែលចូលចិត្តអានបំផុតវិញ គឺមានដូចជា លោកប្រធានាធិបតី George Washington, Thomas Jefferson, Abraham Lincoln, និង JFK ជាដើម ដែលសុទ្ធសឹងតែជាអ្នកដែលអាចច្រើនបំផុត។  ចំពោះលោកប្រធានាធិបតី Theodore Roosevelt វិញ លោកក៏ជាមនុស្សដែលចូលចិត្តអានបំផុតផងដែរ។ បើទោះបីជាលោករវល់យ៉ាងណា ក៏លោកនៅតែឆ្លៀតអានសៀវភៅឲ្យចប់១ក្បាលដែរនៅក្នុង១ថ្ងៃ ប៉ុន្ដែប្រសិនបើលោកទំនេរនៅពេលល្ងាចវិញ លោកតែងតែអាចចប់ពី២ ទៅ៣ក្បាលឯណ្ណោះនៅក្នុង១ថ្ងៃ។

សម្រាប់ការអាននេះ មិនមែនមានត្រឹមតែជាឥស្សរជននយោបាយប៉ុណ្ណោះនោះទេ ដែលចូលចិត្ដអាន តែសម្រាប់មហាសេដ្ឋី និងសហគ្រិនជាច្រើនក៏ជាមនុស្សដែលមានទម្លាប់អាចច្រើនផងដែរ។ ជាក់ស្ដែង លោកមហាសេដ្ឋី Mark Cuban លោកអាន២ ទៅ៣ម៉ោងនៅក្នុង១ថ្ងៃ, លោកមហាសេដ្ឋី Arthur Blank លោកអាន ២ម៉ោងនៅក្នុង១ថ្ងៃ, លោកមហាសេដ្ឋី Dan Gilbert អាន១ ទៅ២ម៉ោងនៅក្នុង១ថ្ងៃ, លោកស្រី Oprah Winfrey លោកស្រីអានផង និពន្ធផង ដែលអាចនិយាយបានថាការអានបានធ្វើជីវិតរបស់លោកស្រីមានថ្ងៃនេះ, លោក Elon Musk អាចចប់២ក្បាលនៅក្នុង១ថ្ងៃនៅពេលដែលលោកនៅវ័យជំទង់, លោក Mark Zuckerberg អានចប់១ក្បាលនៅរៀងរាល់២សប្ដាហ៍, លោក Jeff Bezos បានអានសៀវភៅប្រភេទវិទ្យាសាស្ត្ររាប់រយក្បាលកាលពីលោកនៅវ័យ១៣ឆ្នាំ, លោកមហាសេដ្ឋីBill Gates, Warren Buffett សុទ្ធតែជាអ្នកដែលនិយមការអានសៀវភៅ។ មនុស្សជោគជ័យលើមុខជំនួញ និងអាជីបទាំងអស់នេះ សុទ្ធតែមានជំនឿយ៉ាងមុតមាំថា អាថ៌កំបាំងជាច្រើននៃភាពជោគជ័យ គឺមានបង្កប់ទុកនៅក្នុងរាល់សៀវភៅនីមួយៗ។

ការអាន នឹងធ្វើឲ្យយើងអានបង្កើនប្រសិទ្ធិភាពនៃការចងចាំ បង្កើតភាពសប្បាយរីករាយនៅក្នុងជីវិត កាត់បន្ថយស្រេស្ដ៍ និងបង្កើតរបកគំហើញថ្មីនៃជីវិត។ សៀវភៅ១ក្បាល វាប្រៀបដូចជាខ្សែជីវិតរបស់មនុស្សម្នាក់អញ្ចឹង នៅពេលដែលអ្នកអានចប់មួយ មានន័យថាអ្នកបានដើរឆ្លងកាត់ជីវិតមួយដែលពោរពេញទៅដោយបទពិសោធន៍ និងដំណោះស្រាយបញ្ហាល្អៗដែលអ្នកនិពន្ធបន្សល់ទុក។ សៀវភៅខ្លះ ត្រូវចំណាយពេលសេរសេរស្ទើរ១ជីវិត។ នៅពេលដែលអ្នកបានអាន ហាក់ដូចជាអ្នកមានអាយុ៤០ឆ្នាំបន្ថែមទៀតអញ្ចឹង ឬអ្នកចំណេញពេលបាន៤០ឆ្នាំ ពីព្រោះរឿងរ៉ាវដែលអ្នកត្រូវចំណាយពេល៤០ឆ្នាំដើម្បីស្វែងយល់ដោយផ្ទាល់ តែពេលនេះអ្នកចំណាយត្រឹមតែប៉ុន្មានម៉ោង ក៏ដឹង​ និងយល់អស់ទៅហើយ៕

ខ្ញុំមិនដឹងថាអត្ថបទមួយនេះ នឹងត្រូវបានជនអសមត្ថភាព និងស្ថាប័នខិតខូចដែលរស់ដោយសារតែអត្ថបទគេ ចម្លង និងកែច្នៃយកទៅប្រើបម្រើប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងដូចម្ដេចទៀតនោះទេ ប៉ុន្ដែយ៉ាងហោចណាស់ ក៏ពួកគេទាំងនោះបានអាន និងរៀនសូត្រតាមរយៈអត្ថបទនេះដែរ។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ពួកគេនឹងយល់ពីតម្លៃនៃការតែងនិពន្ធយ៉ាងពិតប្រាកដ!

អត្ថបទដោយ៖ ឡាយ ឧត្ដម