កូវីដ១៩ ធ្វើឲ្យចំណូលគយរបស់ កម្ពុជា ធ្លាក់ចុះ ១៦% នៅឆមាសទី ១ ឆ្នាំនេះ

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២០នេះ ចំណូលសរុបដែលប្រមូលបានក្នុងឆមាសទី ១ មានជាង ៥,១៥២.៦ ប៊ីលានរៀល ឬប្រមាណជា១,២៧២.២ លានដុល្លារអាមេរិក ថយចុះ១៦.២% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។

ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា «ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ចំណូលសរុបដែលប្រមូលបានមានជាង ៥,១៥២.៦ ប៊ីលានរៀល ឬប្រមាណជា ១,២៧២.២ លានដុល្លារអាមេរិក។ យ៉ាងណាមិញ តួលេខចំណូលនេះត្រូវជា ៤៣.៩% នៃផែនការដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ ចំណូលនេះថយចុះ ១៦.២% ដែលក្នុងនោះ ចំណូលពីមុខទំនិញយានយន្តថយចុះ ៣១.៧%, គ្រឿងសំណង់ថយចុះ ២៨.២%, នៅពេលដែលមុខទំនិញប្រេងឥន្ធនៈកើនឡើង ៥.៥% និងមុខទំនិញចម្រុះផ្សេងទៀតមានកំណើន ៣.១%»។

លោកអគ្គនាយកក៏បានថ្លែងបន្ដថា ការនាំចូលមុខទំនិញយានយន្ត ដែលជាប្រភពចំណូលគយដ៏សំខាន់ មានការធ្លាក់ចុះខ្លាំងជាបន្តបន្ទាប់ ជាពិសេសនៅក្នុងត្រីមាសទី២ ឆ្នាំ២០២០នេះ។ ប្រភេទពន្ធនិងអាករសំខាន់ៗ ដែលប្រមូលដោយគយមាន ពន្ធគយ (ពន្ធនាំចូល), អាករពិសេស និងអាករលើតម្លៃបន្ថែម (VAT)។ នៅក្នុងឆមាសទី១ ឆ្នាំ២០២០ នេះ បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ លទ្ធផលចំណូលតាមប្រភេទពន្ធមានការប្រែប្រួលដូចតទៅ៖ ពន្ធគយថយចុះ ១៩.៨%, អាករពិសេសធ្លាក់ចុះ ២១.៦% ហើយ VAT ថយចុះ ៩.៦%។

ចំពោះប្រភពចំណូលពន្ធ និងអាករសំខាន់ៗរួមមាន យានយន្តនិងគ្រឿងចក្រ (ដើរតួនាទីប្រមាណ ៤២.៤%នៃចំណូលសរុប), ប្រេងឥន្ធនៈ (ត្រូវជាប្រមាណ ២១.៦%នៃចំណូលសរុប) និងទំនិញចម្រះនិងគ្រឿងសំណង់ (ដើរតួនាទីប្រមាណជា ៣៤.៧% នៃចំណូលសរុប)។

ដោយឡែក សម្រាប់តួលេខបណ្ដោះអាសន្ននៃទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០២០ ធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានការប្រែប្រួលដូចតទៅ៖ តម្លៃនាំចូលសរុបថយចុះ ៩.៤% ហើយតម្លៃនាំចេញសរុបថយចុះ ០.៧% ក្នុងនោះ តម្លៃផលិតផលកាត់ដេរនាំចេញថយចុះ ៧.៥% ប៉ុន្តែតម្លៃផលិតផលស្រូវ អង្ករ កៅស៊ូ និងកសិផលផ្សេងទៀត សរុបកើនឡើង ១៤.៥%។

ទាក់ទិនទៅនឹងការធ្លាក់ចុះទំហំពាណិជ្ជកម្មអន្តរជាតិ និងចំណូលពន្ធ-អាករគយ ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ លោកអគ្គនាយកបានគូសបញ្ជាក់ថា គឺដោយសារកត្តាមួយចំនួន ដែលក្នុងនោះកត្តាសំខាន់គឺ ការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានធ្វើឱ្យ ទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារនាំចេញរបស់កម្ពុជា និងលំហូរពាណិជ្ជកម្មអន្តរជាតិ រងផលប៉ះពាល់ធ្ងន់ធ្ងរ៕

ដោយ៖ ស្រីពេជ្រ