កូវីត១៩ ធ្វើឲ្យ កម្ពុជាខាតបង់ចំណូលប្រមាណ ៣ ពាន់លានដុល្លារ ពីវិស័យទេសចរណ៍

វិស័យទេសចរណ៍ គឺជាវិស័យដ៏សំខាន់មួយផងដែរសម្រាប់ ប្រទេស កម្ពុជា និងបានចូលរួមចំណែក ​ស​ម្រាប់ផលិតផល​ក្នុងស្រុក​សរុប​របស់កម្ពុជាប្រមាណ ១៣% តែដោយសារការរីករាលដាលនៃ កូវីត ១៩ ជាសកល បានធ្វើឲ្យវិស័យមួយនេះដាំក្បាលចុះ ហើយខាតបង់ចំណូលយ៉ាងច្រើនប្រមាណជាង ៣ ពាន់លានដុល្លារអាមេរិក ត្រឹមរយៈពេល ៤ ខែដំបូងក្នុងឆ្នាំ ២០២០។ នេះបើយោងតាម រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាឱកាសដាក់ចេញនូវវិធានការណ៍ថ្មីៗ នេះ ពីការរឹតបណ្ដឹង សុវត្ថិភាពបន្ថែមសម្រាប់អាជីវកម្មផ្អែកលើវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ថោង ខុន បានលើកឡើងយ៉ាងដូច្នេះថា៖ “ជំងឺ កូវីត ១៩​ បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ពិភពលោក។ រីឯវិស័យទេសចរណ៍ក៏ត្រូវបានគេរាយការណ៍ថារងការប៉ះទង្គិចយ៉ាងដំណំ។ ស្របពេលជាមួយគ្នានេះ ប្រទេសកម្ពុជា កំពុងត្រូវបានគេមើលឃើញថា ភ្ញៀវទេសចរបរទេសមានការធ្លាក់ចុះប្រមាណ ៧០ ភាគរយ និងក្នុងស្រុកធ្លាក់ចុះ ៥០ ភាគរយ ក្នុងឆ្នាំនេះ ដែលបណ្តាលឱ្យ កម្ពុជា  ខាតបង់ទឹកប្រាក់ចំនួន ៣ ពាន់លានដុល្លារអាមេរិក”។

មែនទែនទៅ គិតត្រឹមរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២០ នេះ កម្ពុជា​ ទទួលបានភ្ងៀវទេសចរបរទេសត្រឹមចំនួន  ១.១៦ លាននាក់ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះប្រមាណ ៥២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ។

យោងបើតាម​របាយការណ៍ពីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ដែលបាន​ចេញផ្សាយកាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ បាន​ឲ្យដឹងថា កំណើន​នៃវិស័យ​សណ្ឋាគារ និងភោជនីយដ្ឋាន​ សម្រាប់​ឆ្នាំ២០២០នេះ រំពឹងថា​ នឹង​រក្សាបាន​ត្រឹមតែ ២.៧% ប៉ុណ្ណោះ ខណៈដែល​កាលពីឆ្នាំ ២០១៩ មានកំណើនរហូតដល់ ៥.៣%។

ជុំវិញបញ្ហានេះ ក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវវិធានការណ៍សុវត្ថិភាពបន្ថែម សម្រាប់សណ្ឋាគារ និងផ្ទះសំណាក់ភោជនីយដ្ឋាន ការដឹកជញ្ជូន និងរមណីយដ្ឋាននានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតឡើងវិញនៃ កូរីត១៩ បន្ទាប់ពីសញ្ញានៃសកម្មភាពទេសចរណ៍កំពុងស្ទុះឡើងវិញ។ ខណៈកាលពីកំឡុងខែ កុម្ភៈ កន្លងទៅនេះ ក៏ធ្លាប់បានដាក់ចេញវិធានការលើកលែងពន្ធលើអាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់រយៈពេល ៤ ខែ ហើយ​បុគ្គលិក​ផ្នែក​នេះ​នឹងត្រូវ​ទទួលបានការបណ្តុះបណ្តាល​ជំនាញបន្ថែម។

រហូតមកដល់ពេលនេះ អាជីវកម្មទាំងឡាយណាដែលទាក់ទងនឹងវិស័យទេសចរណ៍នៅក្នុងប្រទេស កម្ពុជា ត្រូវបានរាយការណ៍ថាមានចំនួន ២,៩៥៦ ត្រូវបានបិទទ្វារហើយដែលធ្វើឱ្យប្រជាជនដែលមានការងារក្នុងវិស័យនេះ ប្រមាណចំនួន ៤៥.៤០៥ នាក់គ្មានការងារធ្វើ។

គួរបញ្ជាក់ បើទោះជាបច្ចុប្បន្ន ចំនួនភ្ងៀវទេសចរកំពុងធ្លាក់ចុះយ៉ាងគំហក តែក្រោយពីដោះស្រាយចប់បញ្ហារីករាលដាលនៃជំងឺ Covid-19 នៅកំឡុង ៤ ឬ ៥ ខែទៀត ភ្ញៀវទេសចរ ​មកដើរកម្សាន្ដនៅ កម្ពុជា អាចនឹងកើន២ទៅ៣​ដង  ដែលនេះការរំពឹងទុក​របស់​លោក ទិត្យ ចន្ថា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍៕

ដោយ៖ ស្រីពេជ្រ