កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ សម្រេចការសាងសង់បានជិត ៨០% ហើយ

យោងទៅតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា បច្ចុប្បន្នគម្រោងថែទាំ ជួសជុលធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៣ កំពត-វាលរេញនេះ សម្រេចការសាងសង់ប្រមាណជិត ៨០ %  ហើយ។

ចំពោះគម្រោងថែទាំ និងពង្រឹងគុណភាពកំណាត់ផ្លូវជាតិលេខ៣ (ទីរួមខេត្តកំពត-វាលរេញ) មានប្រវែង ៥៤.៣០គីឡូម៉ែត្រ ចែកជាពីរកំណាត់ គឺពីគីឡូម៉ែត្រ ១៤៧+១០០ ដល់គីឡូម៉ែត្រ ១៨១+០០០ ត្រូវបានជួសជុល និងក្រាលកៅស៊ូAC ហើយគីឡូម៉ែត្រ ១៨១+០០០ ដល់គីឡូម៉ែត្រ ២០១+៤០០ ត្រូវធ្វើការជួសជុល ពង្រឹងឡើងវិញដោយធ្វើការលើកកម្ពស់តួ ផ្លូវចំនួន៤៥សង់ទីម៉ែត្រ ដើម្បីពង្រឹងតួផ្លូវ និងការពារជំនន់ទឹកភ្លៀងហូរកាត់នៅរដូវវស្សា។

កំណាត់ផ្លូវនេះត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ ថែទាំ និងពង្រឹងគុណភាព ចាប់តាំងពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៨ មកម្ល៉េះ ដោយប្រើប្រាស់រយៈពេល ៥៤ ខែ គ្រោងចំណាយថវិកាប្រមាណ ១២,០៦១,៦៨៨.០៥ ដុល្លារសហរដ្ឋអាមេរិក ក្រោមគម្រោងឥណទាន IDA Credit។ រីឯការសាងសង់ត្រូវបានទទួលខុសត្រូវដោយក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International Co., Ltd។

ជាមួយគ្នានេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពការងារគម្រោងថែទាំ និងពង្រឹងគុណភាពផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ដោយមានការចូលរួមពីមន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសនា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ពេលនេះកំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ សម្រេចការសាងសង់ ៧៩.៦០% ហើយ។

លោកទេសរដ្ឋមន្ត្រីក៏បានបន្ដថា តែបើទោះបីជាផ្លូវនេះធ្វើបានជិត៨០%ក៏ដោយ តែគុណភាពនៃការសាងសង់នូវមិនទាន់អាចទទួលយកបាននោះទេ ដូច្នេះហើយទើបលោកបានជំរុញឱ្យក្រុមហ៊ុន សាងសង់ត្រូវតែធ្វើឱ្យបានត្រឹមត្រូវតាមស្ដង់ដារដែលបានកំណត់ ព្រោះក្រសួង ក៏ដូចជារាជរដ្ឋាភិបាល បានប្រកាន់យកគោលការណ៍ធ្វើផ្លូវឱ្យជាប់រឹងមាំ មិនមែនធ្វើខាងមុខខូចខាងក្រោយ ធ្វើខាងក្រោយខូចខាងមុខនោះទេ។

ជាចុងក្រោយ លោកទេសរដ្ឋមន្ត្រី ក៏ធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យងាកមកប្រើប្រាស់កម្មវិធីថែទាំផ្លូវ (Road Care Mobile App) ដើម្បីចូលរួមថែទាំផ្លូវថ្នល់ទាំងអស់គ្នាឱ្យបានគង់វង្សជាប់បានយូរ និងបានសំណូមពរឲ្យក្រុមហ៊ុនដឹកជញ្ជូន កុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់បណ្តាលឱ្យផ្លូវឆាប់ខូច និងចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរ។

គួរបញ្ជាក់ឲ្យដឹងថា គោលបំណងនៃការចុះពិនិត្យលើកនេះ គឺដើម្បីធានាថាគុណភាពនៃសំណង់ពិតជាត្រូវបានអនុលោមតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនម៉ៅការសាងសង់ ក្នុងការធ្វើឱ្យផ្លូវនេះមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕

ដោយ៖ ស្រីពេជ្រ