កំពូលមេដឹកនាំ Microsoft បង្ហើបពីគន្លឹះ ៣យ៉ាងដើម្បីក្លាយជាមេដឹកនាំកំពូល

មានបទពិសោធន៍ និងបានចំណាយពេលជាង២ទសវត្សន៍នៅក្នុងក្រុមហ៊ុន Microsoft និងបានដឹក​នាំ​​ប្រព័ន្ធ Software ខ្នាតយក្សនេះ តាំងពីឆ្នាំ២០១៤ លោក Satya Nadella ដែលមាននាទីជា CEO​​​ នៃ Microsoft បានបង្ហាញអាថ៌កំបាំងស្ដីពីវិធីក្លាយជាមេដឹកនាំកំពូល នៅក្នុងកម្មវិធី Mobile World​​ Congress (MWC) នៅក្នុងទីក្រុង Barcelona កាលពីពេលកន្លងទៅ។

១. ផ្ដល់នូវភាពច្បាស់លាស់

“នៅក្នុងពេលដែលអង្គភាពជួបបញ្ហា និងវិបត្ដិផ្សេងៗ ហើយអ្នកបានចូលមកក្នុងហេតុការណ៍នោះ ដោយមិនទាន់ដឹងច្បាស់ពីបញ្ហា និងចូលមកដោយភាពយល់ច្រលំ នោះអ្នកមិនអាចហៅខ្លួនអ្នកថាជាមេដឹកនាំល្អបាននោះទេ។ អ្នកចាំបាច់ត្រូវស្វែងយល់ពីបញ្ហានោះឲ្យច្បាស់ ហើយបង្កើតភាពប្រាកដប្រជា និងបង្កើតច្រកចេញសម្រាប់បញ្ហាដែលមិនទាន់មានច្រកចេញរួច” នេះជាការលើកឡើងរបស់ CEO ក្រុមហ៊ុន Microsoft រូបនេះ។ លោកបានបន្ដទៀតថា “មេដឹកនាំដែលអស្ចារ្យ គឺពួកគេបានដឹងយ៉ាងច្បាស់ ពីការកែប្រែបញ្ហាដែលគ្មានច្រកចេញ និងគ្មានភាពច្បាស់លាស់ ឲ្យក្លាយជាបញ្ហាដែលអាចដោះស្រាយបានដោយងាយ”។

២. បង្កើតថាមពល

នៅពេលដែលមេដឹកនាំបានបង្កើតមុខសញ្ញាណនៃដំណោះស្រាយ និងភាពច្បាស់លាស់ដែលអាចឲ្យមនុស្សនៅក្រោមបង្គាប់បានយល់ហើយ នោះអ្វីដែលត្រូវធ្វើជាបន្ដទៀតគឺ រៀបចំកម្លាំងដើម្បីប្រយុទ្ធនឹងបញ្ហា។ សម្រាប់អ្នកដឹកនាំជាន់ខ្ពស់របស់ Microsoft រូបនេះ ភាពវៃឆ្លាត ចំណង់ និងការពេញចិត្ដនឹងអ្វីដែលខ្លួនកំពុងធ្វើ គឺពិតជាបានជួយមនុស្សយ៉ាងច្រើននៅក្នុងការរកដំណោះស្រាយបញ្ហា និងការកសាងនូវលក្ខណៈនៃភាពជាអ្នកដឹកនាំកំពូល។

លោកបានបន្ដទៀតថា “មេដឹកនាំ ជាអ្នកដែលបង្កើត និងផ្ដល់ថាមពលដល់មនុស្សនៅជុំវិញខ្លួន រួមទាំងធ្វើជាគំរូ​ល្អដល់មនុស្សនៅក្នុងសង្គម” ។ ប៉ុន្ដែប្រសិនបើមាននរណាម្នាក់ប្រាប់អ្នកថា “ខ្ញុំខ្លាំង ក្រុមរបស់ខ្ញុំខ្លាំង អង្គភាពខ្ញុំរឹងមាំ ប៉ុន្ដែបើមើលមនុស្សនៅជុំវិញខ្លួនសុទ្ធតែមានបញ្ហា នោះពួកគេមិនមែនជាមេដឹកនាំល្អនោះទេ”។

៣. ទាញយកភាពជោគជ័យនៅក្នុងគ្រប់កាលៈទេសៈទាំងអស់

ភាពជោគជ័យទាំងអស់ មិនមែនបានមកត្រឹមតែប្រើពេលមួយយប់នោះទេ អ្នកត្រូវតែធ្វើដំណើរដើរទៅរកវា ដោយក្ដីស្រែកឃ្លាន។ លោក Nadella បានលើកឡើងថា “អ្នកមិនអាចនិយាយថា ខ្ញុំកំពុងតែរង់ចាំពេលវេលាល្អ រង់ចាំធាតុអាកាសត្រជាក់ស្រួល រង់ចាំអារម្មណ៍ល្អ រង់ចាំផ្កាយរះពេញមេឃសិន សឹមខ្ញុំបង្ហាញពីសមត្ថភាព​ និងភាពអស្ចារ្យឲ្យអ្នកឃើញ នោះមិនមែនជាភាពជាអ្នកដឹកនាំទេ”។ អ្នកត្រូវតែប្រើប្រាស់ថាមពលរបស់អ្នក ទាញយកភាពជោគជ័យដែលមាននៅក្នុងសភាពជុំវិញខ្លួនរបស់អ្នក។

ជាចុងក្រោយ មេដឹកនាំកំពូលរូបនេះបានបង្ហើបថា ក្រុមហ៊ុន Microsoft ជ្រើសរើសបុគ្គលិក គឺពិនិត្យមើលចំណង់ ការចង់បាន ការស្រឡាញ់នូវកិច្ចការដែលខ្លួនចង់បាន និងភាពជាខ្លួនឯងដ៏ពិតប្រាកដរបស់ពួកគេ៕

ប្រភព៖ CNBC

អត្ថបទដោយ៖ ឡាយ ឧត្ដម