កំឡុងកូវីត១៩ មហាសេដ្ឋីអាមេរិកចំនួន ៨ នាក់នាំគ្នាកើបប្រាក់ចំណេញ ស្របពេលដែលមនុស្សជាច្រើនជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ

ស្របពេលដែលពិភពលោកកំពុងមានវិបត្តិដោយសារកូវីត ១៩ ហើយមនុស្សជាច្រើនកំពុងប្រឈមមុខនឹងការបាត់បង់ការងារធ្វើ តែមហាសេដ្ឋីដែលមានដើមកំណើតក្នុងទឹកដីអាមេរិកភាគច្រើន បែរជានាំគ្នាប្រមូលបានប្រាក់ចំណេញសរុបច្រើនជាង ២៣៨ ពាន់លានដុល្លារ អំឡុងពេលមានជំងឺរាតត្បាតឆ្លងរាលដាលជាសកលទៅវិញ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ដែលត្រូវបានចេញផ្សាយដោយសារពត៌មាន Forbes។

មហាសេដ្ឋីចំនួន ៨ នាក់ រួមមានដូចជាលោក Jeff Bezos, Elon Musk, MacKenzie Bezos, Eric Yuan, Steve Ballmer, John Albert Sobrato, Joshua Harris និង Rocco Commisso ចាប់ផ្ដើមទទួលបានប្រាក់ចំណេញច្រើនជាង ១ ពាន់លានដុល្លារ តាំងពីដើមខែ មករា មកម្ល៉េះ ជាពេលដែលជំងឺ កូវីត១៩ ចាប់ផ្ដើមផ្ទុះឡើង។

ក្នុងចំណោម មហាសេដ្ឋីអាមេរិកទាំងអស់លោក Bezos ស្ថាបនិកក្រុមហ៊ុន Amazon ទទួលបានប្រាក់ចំណេញច្រើនជាងគេបំផុតក្នុងកំឡុងពេលមានជំងឺរាតត្បាត ដោយសារការដឹកជញ្ជូនរយៈពេលពីរថ្ងៃរបស់ក្រុមហ៊ុន Amazon Prime មានប្រជាប្រិយភាពយ៉ាងខ្លាំង សម្រាប់មនុស្សដែលកំពុងស្នាក់នៅក្នុងផ្ទះក្នុងអំឡុងពេលរដ្ឋាភិបាលចេញសេចក្ដីហាមប្រាមឲ្យនៅផ្ទះ។ យោងតាមការស្រាវជ្រាវដដែលបានឱ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក Bezos បានកើនឡើងសរុបជាង ២៥ ពាន់លានដុល្លារចាប់តាំងពីថ្ងៃទី ១ ខែ មករា រហូតមកដល់បច្ចុប្បន្ន។

ទន្ទឹមនឹងនេះ ក្រសួងការងារនៅអាមេរិកក៏បានរាយការណ៍ប្រាប់ឲ្យដឹងកាលពីថ្ងៃ ព្រហស្បតិ៍ សប្ដាហ៍មុនថា ជនជាតិអាមេរិកប្រមាណជាង ៣.៨ លាននាក់ គ្មានការងារធ្វើ ហើយមូលហេតុដោយសារតែការរីករាលដាលនូវជំងឺ កូវីត១៩ នៅតែបន្ដកើនឡើងនៅក្នុងទឹកដីសហរដ្ឋអាមេរិក។ ក្នុងនោះផងដែរ

ចាប់តាំងពីរដ្ឋនានាក្នុងប្រទេសមហាអំណាចមួយនេះ បានអនុម័តវិធានយ៉ាងតឹងរឹងក្នុងការស្នាក់នៅ ផ្ទះ យ៉ាងហោចណាស់ប្រជាជនអាមេរិកជាង ៣០.២ លាននាក់ ត្រូវបានហាមមិនឲ្យចេញដើរហើរទៅណា។ ចំពោះភាពអត់ការងារធ្វើនាពេលនេះ ត្រូវបានគេកត់សម្គាល់ឃើញថាកើនឡើងដល់ ២៥ ភាគរយ ឡើងខ្ពស់ជាងកាលពីជំនាន់ឆ្នាំ ១៩៣៣ ទៅទៀត ដែលកាលនោះមានត្រឹម ២៤.៩ ភាគរយប៉ុណ្ណោះ៕

អត្ថបទដោយ៖ ស្រីពេជ្រ