កំឡុងពេលវិបត្ដិកូវីដ១៩នេះ! មានឱកាសចំនួន ៧ដែលអ្នកគួរចាប់យក

ឱកាសល្អៗ តែងមាននៅក្នុងបញ្ហាធំៗជានិច្ច។ អ្នកមាន គេតែងកេងយកផលចំណេញនៅពេលដែលមានវិបត្ដិនេះឯង។ ដូចជាលោ​ក Warrant Buffett បានកើបយកផលប្រយោជន៍យ៉ាងច្រើនពីផ្សារភាគហ៊ុន កាលពីវិបត្ដិហិរញ្ញវត្ថុឆ្នាំ២០០៨។ ចូរគិតបែបវិជ្ជមាន នោះអ្នកនឹងមើលឃើញឱកាសរកចំណេញបានកាន់តែច្រើន នៅក្នុងបញ្ហាដែលកើតឡើង។ ខាងក្រោមនេះ ជាឱកាសមួយចំនួនដែលអ្នកអាចពិចារណាបាន៖

១. ឱកាសបង្កើតមុខរបរថ្មី ដែលជាតម្រូវការបច្ចុប្បន្ន

និន្នាការនេះ បានកើនឡើងរួចមកហើយនៅពេលបច្ចុប្បន្ន។ ការបង្កើតមុខរបរថ្មីដែលបំពេញតម្រូវការប្រើប្រាស់បច្ចុប្បន្ន វាជារឿងដែលអ្នកគួរពិចារណា ដូចជា ការលក់ទឹកអាកុលសម្រាប់លាងដៃ សាប៊ូ ម៉ាស់ ដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងការលក់ម្ហូបអាហារស្រាប់ ឬសេវាកម្មដឹកជញ្ជូនជាដើម។

២. ឱកាសកែខៃ ពិនិត្យឡើងវិញនូវចំណុចខ្វះខាតរបស់ក្រុមហ៊ុន

វាអាចជាឱកាសល្អសម្រាប់ម្ចាស់ក្រុមហ៊ុន ដែលឆ្លៀតពេលនេះ ជាពេលដែលត្រូវអង្គុយគិត សាររើឡើងវិញ ពីចំណុចខ្លាំង នឹងចំណុចខ្សោយរបស់ខ្លួន។ មុនកូវីដ១៩ អ្នកនៅចំណុចណា? ពេលកូវីដ១៩ តើអ្នកមានការប៉ះពាល់ប៉ុន្មាន ហើយតើមានយុទ្ធសាស្ត្រអ្វីត្រូវតែបង្កើតដើម្បីបង្ការវិបត្ដិលើកក្រោយប្រសិនបើមាន?

៣. ឱកាសរៀបចំយុទ្ធសាស្ត្រវាយសម្រុក ក្រោយចប់កូវីដ១៩

អ្នកចាំបាច់ណាស់ត្រូវរៀបចំផ្លូវក្រោយឲ្យហើយស្រេច ប្រសិនបើកាលៈទេសៈល្អមកដល់ អ្នកត្រូវតែដើរទៅមុខភ្លាម។ ជាការពិត នៅពេលដែលចប់កូវីដ១៩ ក្រុមហ៊ុន សហគ្រាសជាច្រើន ចាប់ផ្ដើមដំណើរការឡើងវិញ ប៉ុន្តែមិនទាន់ពេញលេញនៅឡើយទេ ដូច្នេះ តើអ្នកនឹងគួរធ្វើអ្វីនៅក្នុងអំឡុងពេលនោះ?

៤. ឱកាសបានសាងទំនាក់ទំនងកាន់តែស្អិតរមួតជាមួយក្រុមគ្រួសារ និងបុគ្គលិកការងារ

ជាការពិត អ្នកអាចពិនិត្យមើលឡើងវិញ នូវទំនាក់ទំនងរបស់អ្នកជាមួយនឹងសមាជិកក្រុមគ្រួសារ និងបុគ្គលិករបស់អ្នក។ វាជាឱកាសល្អមួយ ដែលអ្នកអាចប្រើដើម្បីធ្វើការប៉ះប៉ូវនូវការខ្វះខាតរបស់អ្នកកន្លងមកចំពោះពួកគេ។

៥. ឱកាសសាងមុខមាត់ក្រុមហ៊ុន និងផ្សាយពាណិជ្ជកម្មក្នុងតម្លៃថោក

ការជួយសង្គម ជាពិសេសគឺក្នុងអំឡុងពេលដែលប្រជាជនកំពុងពិបាកនេះ អ្នកអាចបង្កើតកម្មវិធីមនុស្សធម៌ ឬផ្សេងៗ តាមលទ្ធភាព ដើម្បីជួយដោះទាល់ពួកគេ ក្នុងក្របខ័ណ្ឌក្រុមហ៊ុន ឬបុគ្គលផ្ទាល់ ដែលវានឹងជួយបង្កើនកេរ្ដិ៍ឈ្មោះល្អឲ្យអ្នកនៅក្នុងសង្គម។ អ្នកក៏អាចផ្សព្វផ្សាយពាណិជ្ជកម្មក្នុងតម្លៃថោកជាងមុនផងដែរ។

៦. ឱកាសរកបានមនុស្សពូកែមកធ្វើការជាមួយ

នៅក្នុងកាលៈទេសៈបែបនេះ មនុស្សជាច្រើនកំពុងតែបាត់បង់ការងារ ដោយសារតែការផ្អាកបណ្ដោះអាសន្ន ឬរហូត នៃក្រុមហ៊ុនសហគ្រាស ដូច្នេះអ្នកអាចឆ្លៀតឱកាសនេះទាញយកមនុស្សពូកែមកធ្វើការឲ្យអ្នកបាន ក្នុងតម្លៃពលកម្មទាបជាងមុន។

៧. ឱកាសគេចផុតពីការប្រកួតប្រជែកខ្ពស់ពេលបើកអាជីវកម្ម​ដំបូង

ពេលនេះ មនុស្សគ្រប់គ្នាកំពុងតែភ័យខ្លាច ចុះបើអ្នកភ័យខ្លាចការរកស៊ីដែរ តើអ្នកអាចកេងយកផលចំណេញពីពេលមានវិបត្ដិដោយរបៀបណា? ជំងឺឆ្លងយើងតែត្រូវតែប្រយ័ត្ន និងការពារខ្លួន តែអាជីវកម្ម យើងមិនត្រូវនៅស្ងៀមមួយកន្លែងនោះទេ។ វាអាចជាឱកាសល្អ នៅក្នុងការបើកក្រុមហ៊ុនថ្មី ដែលមិនសូវមានដៃគូប្រកួតប្រជែកខ្ពស់ដូចពេលធម្មតា​។ នៅពេលដែលចប់កូវីដ១៩ នោះក្រុមហ៊ុនអ្នកបានចូលទៅក្នុងចំណែកទីផ្សារបានដោយសុវត្ដិភាពរួចទៅហើយ៕

អត្ថបទដោយ៖ ឡាយ ឧត្ដម