ក្ដីស្រមៃរបស់Elon Musk អាចសម្រេចបាន លុះត្រាតែលោកមករស់នៅអាមេរិក?

តាំងពីតូចដល់ធំ លោក Elon Musk ជាមនុស្សដែលចូលចិត្តអានសៀវភៅបំផុត ជាពិសេសអានសៀវភៅស្ដីពីវិទ្យាសាស្ត្រ ដែលធ្វើឲ្យលោកទទួលរងឥទ្ធិពលពីសៀវភៅទាំងនោះយ៉ាងខ្លាំងរហូតដល់ពេលបច្ចុប្បន្ន។ សៀវភៅវិទ្យាសាស្រ្ដទាំងអស់នោះ បានធ្វើឲ្យលោកមានគំនិតនៅក្នុងការបង្កើតបច្ចេកវិទ្យាថាមពលស្អាត និងសិក្សាពីទីអវកាស ដែលនឹងបំរើសេចក្ដីត្រូវការរបស់មនុស្សនាពេលអនាគត។

ជាមួយនឹងក្ដីស្រមៃទាំងអស់នេះ លោក Musk បានចាប់ផ្ដើមបង្កើត SpeacX នៅក្នុងឆ្នាំ២០០២ និងTesla នៅក្នុងឆ្នាំ២០០៣។ បើក្រលេកទៅមើលភាពជោគជ័យរបស់លោកវិញ គឺលោកអាចស្វែងរក ឱកាសជោគជ័យបាន នៅពេលដែលលោកបានផ្លាស់ទីមករស់នៅទឹកដីសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ១៩៩២។

លោកបានលើកឡើងប្រាប់សារព័ត៌មាន Bloomberg ថា “ទឹកដីអាមេរិកនៅតែជាដែនដី ដែលពោរពេញទៅដោយឱកាស សម្រាប់ការទទួលបាននូវភាពរីកចម្រើន ជាងកន្លែងណាៗទាំងអស់”។

គួររំលឹកថា លោក Musk បានកើតនៅក្នុងទឹកដី អាព្រិចខាងត្បូង ប៉ុន្ដែលោកតែងមានគំនិតមករស់នៅសហរដ្ឋអាមេរិកជានិច្ច។ លោកធ្លាប់បានលើកឡើងថា “កន្លែងដែលមានបច្ចេកវិទ្យារីកចម្រើន និងអ្វីៗជាច្រើនអាចកើតមានឡើង គឺមានតែនៅក្នុងទឹកដីអាមេរិក” ដែលនេះជាមូលហេតុដែលលោកចង់ធ្វើការផ្លាស់ទីទៅរស់នៅអាមេរិក។

នៅពេលដែលលោកមានអាយុ ១៧ឆ្នាំ លោកបានទៅដល់អាមេរិកខាងត្បូង ជាមួយនឹងប្រាក់ត្រឹមតែ ២,០០០$ នៅក្នុងហោប៉ាវ និងវ៉ាលីដែលពោរពេញទៅដោយសៀវភៅ។

យុវជន Musk បានចូលរៀននៅមហាវិទ្យាល័យដោយបង់ថ្លៃសិក្សាដោយខ្លួនឯង។ លោកបានទទួលកម្ចីសម្រាប់និស្សិត រួមទាំងបានអាហារូបករណ៍ផង និងធ្វើការបន្ថែម ហើយនៅចុងក្រោយបំណុលភាពជានិស្សិតរបស់លោក​ បានកើនឡើងរហូតដល់ទៅ ១០០,០០០$។ ក្រោយមក​ លោកបានចាប់ផ្ដើមមកបង្កើតក្រុមហ៊ុនដំបូងដែលមានឈ្មោះថា Zip2 ជាមួយនឹងដើមទុន២,៥០០$, កុំព្យូទ័រមួយ រួមទាំងរថយន្ដដែលលោកបានទិញក្នុងតម្លៃ១,៤០០$មួយគ្រឿង។

ក្រោយមក នៅក្នុងឆ្នាំ១៩៩៩ លោក Musk បានលក់ក្រុមហ៊ុន Zip2 ទៅឲ្យក្រុមហ៊ុន Compaq ក្នុងតម្លៃរហូតដល់ទៅ ៣០០លានដុល្លារអាមេរិក។ Musk បានយកប្រាក់ដែលទទួលបានពីការលក់នេះទៅបង្កើតក្រុមហ៊ុនមួយទៀតនោះគឺ X.com ដែលជាកម្មវិធីបម្រើសេវាផ្នែកហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ និងក្រោយមកបានច្របាច់បញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុន Confinity នៅក្នុងឆ្នាំ២០០០។ នៅទីបំផុត ក្រុមហ៊ុននេះ បានក្លាយជាក្រុមហ៊ុន PayPal ហើយត្រូវក្រុមហ៊ុន eBay ទិញយកក្នុងតម្លៃ១.៥ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០០២ និងបានដំណើរការរហូតដល់បច្ចុប្បន្ននេះ។

ក្រោយពីទទួលបានជោគជ័យនៅក្នុងការបង្កើតក្រុមហ៊ុនជាបន្ដបន្ទាប់មក លោកបានចាប់ផ្ដើមបង្កើតក្រុមហ៊ុនបន្ដទៀត ដែលម្ដងនេះ គឺជាក្រុមហ៊ុនក្នុងក្ដីស្រមៃរបស់លោក គឺ SpaceX និងក្រុមហ៊ុន Tesla Motors ដែលសុទ្ធសឹងតែជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស។ មកដល់ពេលបច្ចុប្បន្ននេះ លោកមានទ្រព្យសម្បត្ដិសុទ្ធច្រើនជាង៣៦.៨ពាន់លានដុល្លារអាមេរិក នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes។

លោកបាននិយាយថា “មុននឹងខ្ញុំសម្រេចចិត្តផ្លាស់ទីមកនៅអាមេរិក ខ្ញុំធ្លាប់គិតថា វាពិតជាគ្មានប្រទេសណាដែលខ្ញុំអាចកសាងអាណាចក្របច្ចេកវិទ្យាបានល្អជាងនៅក្នុងទឹកដីអាមេរិកទៀតនោះទេ”។

អ្វីដែលអាចរៀនសូត្របាននៅពេលនេះ គឺសេចក្ដីស្រែកឃ្លាននៃការចង់បានជោគជ័យ និងការមានសេចក្ដីក្លាហានគ្រប់គ្រាន់នៅក្នុងការសម្រេចក្ដីស្រមៃរបស់ខ្លួនឯង។ ស្វែងរកកន្លែងដែលអ្នកគិតថា​អាចធ្វើឲ្យក្ដីស្រមៃរបស់អ្នកក្លាយជាការពិត និងឆ្ពោះទៅរកវា ប្រកបដោយក្ដីសង្ឃឹម និងទំនុកចិត្តលើខ្លួនឯង។ ជីវិតគឺតម្រូវឲ្យយើងដើរទៅមុខគ្រប់វិនាទី អ្នកមិនគួរផុងខ្លួនជាមួយនឹងសុបិនដែលគ្មានភាពពិតប្រាកដទៀតនោះទេ។ ចូរចាកចេញពីសុបិន ហើយបញ្ចេញសកម្មភាពរបស់អ្នក ដើម្បីសម្រេចនូវអ្វីដែលអ្នកបានសុបិន។ កុំឲ្យសុបិនអ្នក បានត្រៀមតែជារូបភាព ចូរធ្វើវាឲ្យកើតឡើងពិតប្រាកដ៕

អត្ថបទដោយ៖ ឡាយ ឧត្ដម

SHARE