ក្នុងពេល Lockdown! CEO របស់ Google បានរៀនជំនាញថ្មីមួយបន្ថែមទៀត

មនុស្សជាច្រើនលាននាក់នៅជុំវិញពិភពលោកកំពុងតែសម្របខ្លួននឹងកាលវិភាគប្រចាំថ្ងៃថ្មីរបស់ខ្លួន ដែលត្រូវធ្វើការនៅផ្ទះ ដោយសារតែជំងឺកូវីដ១៩។ អ្នកទាំងនោះធ្វើការនៅផ្ទះតាមរបៀបរបស់ខ្លួន ហើយមនុស្សជាច្រើនត្រូវបានគេសង្កេតឃើញថា ពួកគេនឹករលឹកដល់កន្លែងការងារចាស់ និងទម្លាប់ចាស់របស់ពួកគេ។ នៅក្នុងចំណោមនោះ ក៏មានអ្នកគ្រប់គ្រងជាន់ខ្ពស់របស់Google ម្នាក់ផងដែរ។

លោក Sundar Pichai ដែលជា CEO របស់ Google បច្ចុប្បន្ន បាននិយាយប្រាប់សារព័ត៌មាន CNBC ថា “ខ្ញុំពិតជានឹកដល់ក្រុមហ៊ុន និងប្រតិបត្ដិការនានា រួមទាំងបុគ្គលិករបស់ខ្ញុំណាស់”។

លោកក៏បាននិយាយទៀតថា លោកពិតជាមានអាម្មណ៍ថានឹកដល់ពេលដែលសម្រាកជុំគ្នាជាមួយបុគ្គលិក មិត្ដរួមការងារ ពេលប្រជុំ និងការធ្វើគម្រោងជុំគ្នា ដែលលោកធ្លាប់តែដើរពីផ្នែកមួយទៅផ្នែកមួយទៀតពាសពេញអាគារ និងទីតាំងដែលលោកធ្វើដំណើរពីផ្ទះ ទៅការិយាល័យរបស់លោក។

នៅក្នុងពេលដែលត្រូវធ្វើការបង្ឃាំងខ្លួននៅផ្ទះបែបនេះ វាជាពិតជាប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់មនុស្សពិតមែន។ លោក Pichai បាននិយាយទៀតថា លោកនឹកដល់កន្លែងដែលលោកធ្លាប់បាននៅស្ងាត់តែម្នាក់ឯង ដើម្បីគិតពីការងារដែលពិបាកៗ។

ជាការពិតណាស់ លោក Pichai បានផ្លាស់ប្ដូរកាលវិភាគធ្វើការរបស់លោក និងតែងតែកត់ត្រាទុកនូវអ្វីដែលត្រូវធ្វើ និងពេលវេលា នៅលើប្រតិទិនរបស់លោក។

“ខ្ញុំព្យាយាមប្លុកពេលវេលារបស់ខ្ញុំនៅលើប្រតិទិន ដើម្បីធ្វើការងារជាក់លាក់ណាមួយ ជាពិសេសកំណត់ពេលដែលខ្ញុំត្រូវបានអាន និងគិត” “ពិតណាស់ថា​វាពិបាក ប៉ុន្ដែខ្ញុំត្រូវតែធ្វើវាឲ្យបាន” នេះជាការលើកឡើងរបស់ CEO រូបនេះ។

លោកក៏បានសិក្សាពីរបៀបធ្វើការនៅផ្ទះប្រកបដោយប្រសិទ្ធិភាពផងដែរ។ លោកបានរៀបរាប់ថា​ អ្នកត្រូវបែងចែកឲ្យបានដាច់ស្រេចនូវកាលវិភាគធ្វើការរបស់អ្នក និងជីវិតផ្ទាល់ខ្លួនរបស់អ្នក។ សម្រាប់លោក Pichai លោកចាប់យកទម្លាប់ និងចំណង់ចំណូលចិត្ដថ្មី និងសាកល្បងធ្វើអ្វីដែលថ្មីដែលលោកមិនធ្លាប់បានធ្វើពីមុនមកនៅក្នុងអំឡុងពេលនេះដែរ។ លោកបាននិយាយថា  “​ខ្ញុំបង្កើតចំណង់ចំណូលចិត្តថ្មី ដែលខ្ញុំមិនដែលគិត និងមិនធ្លាប់មានពីមុនមកសោះមកជំនួសទម្លាប់ចាស់ៗរបស់ខ្ញុំ ដោយនឹកស្មានមិនដល់ ដើម្បីបន្លប់ខ្លួនកុំឲ្យមានអារម្មណ៍ថាស្រងូតស្រងាត់ខ្លាំង”។

តើអ្នកដឹងទេ អ្វីជាចំណង់ចំណូលចិត្តថ្មីរបស់​CEO រូបនេះ?

ចំណូលចិត្តថ្មីមួយនៅក្នុងចំណោមជាច្រើនទៀតរបស់លោក Pichai គឺការចម្អិនម្ហូប។ លោកបានហាត់ធ្វើនំ Pizza តាមរយៈវិឌីអូក្នុង YouTube ដែលជាផ្នែកមួយនៃក្រុមហ៊ុនរបស់លោក។ លោកក៏បានអរគុណដល់អ្នកដែលបង្កើតវិឌីអូក្នុង YouTube ផងដែរ។

នៅក្នុងការសិក្សាមួយដែលធ្វើឡើងកាលពីខែមេសា បានធ្វើការសាកសួរនិយោជិកច្រើនជាង ១,០០០នាក់ នៅក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកមួយបានរកឃើញថា ៦៩% បាននឹកដល់ទម្លាប់ និងសកម្មភាពចាស់របស់ពួកគេ។ តាមការស្រាវជ្រាវថ្មីរបស់ CNBC បានរកឃើញថា ៤៧% នៃប្រជាជនដែលបានសាកសួរបាននិយាយថា ពួកគេបានយកពេលដែលពួកគេត្រូវចេញទៅខាងក្រៅទាំងនោះ មកនៅជាមួយក្រុមគ្រួសារវិញ ហើយនៅក្នុងនោះក៏មានអ្នកដែលបន្ថែមពេលដេក និងធ្វើតាមចំណង់ចំណូលចិត្តរបស់ពួកគេដែរ៕

អត្ថបទដោយ៖ ឡាយ ឧត្ដម

SHARE