ក្នុងមួយឆ្នាំកម្ពុជាចំណាយហោចណាស់ ៤០០ លានដុល្លារ ដើម្បីនាំចូលជ្រូកពីប្រទេសជិតខាង

ដោយសារនៅមិនទាន់អាចបំពេញតម្រូវការរបស់ប្រជាជនក្នុងស្រុកបានគ្រប់គ្រាន់ ក្នុង១ឆ្នាំៗ កម្ពុជាត្រូវចំណាយប្រាក់យ៉ាងហោចណាស់ ៤០០លានដុល្លារ ក្នុងការនាំចូលសត្វជ្រូក ពីប្រទេសជិតខាង។ នេះបើតាមបញ្ជាក់ របស់តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរឹតបន្តឹងការនាំចូលសត្វជ្រូករស់ចូលមកកម្ពុជា នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ។

ឆ្លៀតក្នុងឱកាសនោះ អ្នកតំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងមួយឆ្នាំ គ្រាន់តែយកលុយទិញជ្រូក ពីបរទេស ៤០០ លានដុល្លារ ហើយបើគិតទាំងមាន់ ទា និងបន្លែ កម្ពុជាត្រូវចំណាយជិត១ពាន់លានដុល្លារ»

ជាមួយគ្នានេះ តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាក៏បានបញ្ជាក់ទៀតថា បើសិនជាចំណាយលុយ ១ ពាន់លានដុល្លារនេះ មកធ្វើលារចិញ្ចឹមក្នុងស្រុកវិញ នឹងធ្វើឲ្យមានការកាត់បន្ថយ ការចំណាកស្រុក របស់ប្រជាពលរដ្ឋទៅក្រៅប្រទេស ដោយមិនពិបាករកការងារធ្វើនៅក្នុងស្រុកនោះទេ។ បន្ថែមពីនេះ លោកក៏សូមអំពាវនាវដល់អ្នកនាំចូល ក៏ដូចជាអ្នកចិញ្ចឹមសត្វទាំងអស់មកធ្វើការវិនិយោគនៅស្រុក ឲ្យបានច្រើន ព្រោះថាវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា មានឱកាសធំណាស់។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្ននេះ តម្លៃសត្វជ្រូករស់ មានស្ថិរភាពល្អ ចន្លោះពី ១១០០០-១២០០០ រៀល ដែលបង្ហាញថា ចំណាត់ការរបស់ក្រសួងកសិកម្មលើការរឹតបន្តឹងការនាំចូលជ្រូក ធ្វើឲ្យវិស័យចិញ្ចឹមជ្រូករស់ឡើងវិញ។

នេះបើតាមការបញ្ជាក់របស់ លោក តាន់ សុផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ បានអះអាងថា កម្ពុជាអាចនឹងលែងពឹងផ្អែកការនាំចូលទាំងស្រុង ក្នុងរយៈពេល២ ឬ៣ឆ្នាំខាងមុខ ប្រសិនបើគ្មានជួបបញ្ហាជំងឺរាតត្បាត ប៉ះពាល់ដល់ការចិញ្ចឹមសត្វទេនោះ។

មែនទែនទៅ គិតមកដល់បច្ចុប្បន្ន នៅកម្ពុជា មានសមត្ថភាពផ្គត់ផ្គង់ទីផ្សារជ្រូក ក្នុងស្រុកប្រមាណ៨២ ភាគរយ តម្រូវការនាំចូលមានត្រឹមតែជាង១០ភាគរយប៉ុណ្ណោះ។ សត្វជ្រូក ដែលកំពុងចិញ្ចឹមទាំងអស់នៅកម្ពុជា មានចំនួន២.៣លានក្បាល។

គួរបញ្ជាក់ផងដែរ ក្រសួងកសិកម្មបានសម្រេចបិទការនាំចូលសត្វ ទៅខេត្តព្រះសីហនុ ដើម្បីឲ្យសហគមន៍ចិញ្ចឹមសត្វ ក៏ដូចជាកន្លែងចិញ្ចឹមសត្វធំៗ អាចផ្គត់ផ្គង់នៅទីនោះបានផងដែរ។ នៅខេត្តព្រះសីហនុ មានតម្រូវការនាំចូលជ្រូក ១៤០ ក្បាលក្នុង ១ ថ្ងៃ៕

ដោយ៖ ស្រីពេជ្រ