ក្នុងវិបត្តិ កូវីដ១៩! CEO នៃStarbucks ចេញយុទ្ធសាស្ត្រអាជីវកម្មថ្មីមួយ ធ្វើឲ្យទទួលបានការចាប់អារម្មណ៍ច្រើនពីអតិថិជន

ក្នុងកាលៈទេសៈកូវីដ១៩ Starbucks បានរុញសេវាកម្មថ្មីរបស់ខ្លួនឲ្យកាន់តែរីកធំឡើងៗ នោះគឺការបង់ប្រាក់តាមរយៈ contactless payment services ដែលបានបង្កើតឡើងដើម្បីផ្ដល់ភាពងាយស្រួលបង់ប្រាក់ និងកាន់តែរហ័ស។ តាមរយៈសេវាកម្មនេះ អ្នកទិញមិនចាំបាច់ត្រូវយកប្រាក់មកដោយផ្ទាល់នោះទេ ដោយគ្រាន់តែបង្កើតគណនីអតិថិជនរបស់ Starbucks ហើយធ្វើការទូទាត់តាមប្រព័ន្ធអនឡាញ ដោយប្រើ QR Code ។ នៅក្នុងសប្ដាហ៍នេះ លោក Kevin Johnson ដែលជា CEO នៃStarbucks បានចេញលិខិតជូនចំពោះបុគ្គលិក និងអតិថិជន ដែលបង្ហាញពីផែនការនៃការពង្រីកចំនួនទឹកប្រាក់នៅក្នុងសេវាកម្មបង់ប្រាក់របស់ខ្លួនតាមរយៈAppរបស់ខ្លួន។

តាមលោក Kevin Johnson លោកនឹងបើកឲ្យដំណើរការឡើងវិញនូវហាងប្រហែលជា៨៥% នៅទូទាំងសហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះ។ លោកបានបង្ហាញពីសារសំខាន់នៃការប្រើប្រាស់សេវាកម្មបង់ប្រាក់តាមរយៈ contactless payment service របស់ Starbucks ថា វានឹងកាត់បន្ថយហានិភ័យនៃការចម្លងជំងឺកូវីដ១៩ និងធ្វើឲ្យប្រតិបត្ដិការទិញលក់មានការលឿនរហ័សជាមុន។

នាពេលបច្ចុប្បន្ននេះ មានអ្នកប្រើប្រាស់សេវាកម្មនេះរហូតដល់ទៅ ២០លានគណនីរួចមកហើយ។ សេវាកម្មរបស់ Starbucks មួយនេះ នឹងក្លាយជាដៃគូប្រកួតប្រជែងរបស់ Apple Pay, Google Pay និងសេវាកម្មរបស់ក្រុមហ៊ុនផ្សេងទៀត។ ចំណុចពិសេសរបស់ contactless payment service របស់ Starbucks គឺថា អតិថិជនអាចខ្ចីប្រាក់ពីក្រុមហ៊ុនដើម្បីបញ្ចូលក្នុងគណនីរបស់ខ្លួនដើម្បីធ្វើការទិញកាហ្វេ ដោយនឹងសងត្រលប់មកវិញនៅពេលក្រោយ។ តាមរយៈQR Code ការបង់ប្រាក់គឺមានការលឿនរហ័សជាងសេវាកម្មបង់ប្រាក់របស់គូប្រកួតប្រជែងរបស់ Starbucks ឆ្ងាយណាស់។

ចាប់ពីពេលនេះទៅ ការប្រើប្រាស់ប្រាក់អេឡិចត្រូនិក នឹងកាន់តែទូលំទូលាយជាងមុន នៅក្នុងប្រតិបត្ដិការដោះដូរ ដែលនេះជារបត់ថ្មីមួយនៅក្នុងការរៀបចំយុទ្ធសាស្ត្រអាជីវកម្មថ្មីនៅក្នុងកាលៈទេសៈកូវីដ​១៩ និងក្រោយកូវីដ១៩៕

ខ្ញុំមិនដឹងថាអត្ថបទមួយនេះ នឹងត្រូវបានជនអសមត្ថភាព និងស្ថាប័នខិតខូចដែលរស់ដោយសារតែអត្ថបទគេ ចម្លង និងកែច្នៃយកទៅប្រើបម្រើប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងដូចម្ដេចទៀតនោះទេ ប៉ុន្ដែយ៉ាងហោចណាស់ ក៏ពួកគេទាំងនោះបានអាន និងរៀនសូត្រតាមរយៈអត្ថបទនេះដែរ។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ពួកគេនឹងយល់ពីតម្លៃនៃការតែងនិពន្ធយ៉ាងពិតប្រាកដ។

អត្ថបទដោយ៖ ឡាយ ឧត្ដម