ក្បួនការពារអាជីវកម្មទាំង ៤ចំនុច ដើម្បីកុំឲ្យជួបបញ្ហារហូតឈានដល់ការបិទក្រុមហ៊ុនក្នុងវិបត្តិកូវីដ ១៩

គិតត្រឹមថ្ងៃទី២០ ខែមិនា ឆ្នាំ២០២០ នេះមានអ្នកឆ្លង COVID-19 មានរហូតដល់ទៅ៥១ករណីនៅទូទាំងប្រទេស ដែលតម្រូវឲ្យយើងមានការប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ការអនុវត្ដតាមវិធានអនាម័យ ការតាមដានព័ត៌មានដែលទុកចិត្តបាន និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល គឺជារឿងដែលសំខាន់បំផុត។​

COVID-19 មិនត្រឹមតែធ្វើឲ្យការរស់នៅរបស់មនុស្សទូទៅមានការពិបាកប៉ុណ្ណោះនោះទេ ប៉ុន្ដែវាការអាចជះឥទ្ធិពលអវិជ្ជមានទៅលើសហគ្រាស ក្រុមហ៊ុន និងអាជីវកម្មផ្សេងៗផងដែរ។ ដើម្បីអាចទប់​ស្កាត់ផលប៉ះពាល់ម្ចាស់អាជីវកម្មគួរតែមានការត្រៀមខ្លួនឲ្យបានរួចរាល់ ក្នុងការទប់នឹងឥទ្ធិពលរបស់ COVID-19។ ខាងក្រោមនេះជាវិធានការមួយចំនួនដែលអ្នកអាចពិចារណាបាន៖

១. សិក្សាពីផលប៉ះពាល់របស់អតិថិជន

អតិថិជន ជាបុគ្គលទី៣ដែលសំខាន់បំផុតនៅក្នុងអាជីវកម្មអ្នក។ ប្រសិនបើពួកគេមានការប៉ះពាល់ខ្លាំងទៅលើសេដ្ឋកិច្ចរបស់ពួកគេដោយសារតែ COVID-19 នោះប្រាកដណាស់ថា អាជីវកម្មអ្នកក៏ប្រហែលជាមិនអាចជៀសផុតបានដែរ។ អ្វីដែលអ្នកអាចធ្វើបានគឺអង្កេតមើលឥរិយាបថរបស់ពួកគេ ថាតើមានការប្រែប្រួសកម្រិតណា?

ជាការពិត នៅពេលដែលជួបវិបត្ដិ ច្បាស់ណាស់ថា ចំណូលរបស់ពួកគេនឹងត្រូវកាត់បន្ថយ នោះការចំណាយក៏ត្រូវថយ ដោយពួកគេត្រូវសន្សំសំចៃជាងមុន និងមិនសូវជាចេញទៅណា មកណានោះទេ។ ដូច្នេះ អ្នកអាចឆ្លៀតឱកាសនេះ លក់ផលិតផលរបស់អ្នកទៅឲ្យអតិថិជនឲ្យបានកាន់តែច្រើន។ អ្នកមិនគួរលក់ផលិតផលក្នុងតម្លៃខ្ពស់ពេកនោះទេ ព្រោះអ្នកប្រហែលជាដឹងពីស្ថានភាពហិរញ្ញវត្ថុពួកគេហើយ។ អ្នកគួរប្រើយុទ្ធសាស្ត្រលក់បានច្រើន ចំណេញច្រើន មិនគួរលក់តិចចំណេញច្រើននោះទេ។ អ្នកអាចលក់តាមប្រព័ន្ធអ៊ីនធើណេត ផ្ដល់សេវាដឹកជញ្ជូន ឬផលភាពងាយស្រួលបំផុតសម្រាប់អតិថិជនរបស់អ្នក។

២. សិក្សាពីផលប៉ះពាល់របស់អាជីវកម្មខ្លួនឯង

មែនទែនទៅ យើងគឺជាផ្នែកផ្គត់ផ្គង់ អតិថិជនជាផ្នែកតម្រូវការ។ ប្រសិនបើមានតម្រូវការ នោះយើងនឹងអាចផ្គត់ផ្គង់ភ្លាម ប៉ុន្ដែបញ្ហានៅពេលនេះគឺ ការបាត់បង់សមត្ថភាពក្នុងការផ្គត់ផ្គង់របស់យើង ដោយសារតែខ្វះខាតវត្ថុធាតុដើម ឬមិនមានតម្រូវការ។ នៅពេលដែលមានផលិតផលតែលក់មិនដាច់ ឬពេលមានតម្រូវការ តែគ្មានផលិតផលលក់ វាជាចំណុចចាប់ផ្ដើមនៃការបិទបញ្ចប់អាជីវកម្មហើយ ដោយសារតែអាជីវកម្មបាត់បង់សមត្ថភាពក្នុងការបង្កើតប្រាក់ចំណូល ប៉ុន្ដែចំណាយចេះតែកើនឡើងឥតឈប់។ ជាដំណោះស្រាយ អ្នកត្រូវពិនិត្យមើលស្ថានភាពហិរញ្ញវត្ថុរបស់អ្នក តើថានៅកម្រិតណានៃផលខាត និងផលចំណេញ? ប្រសិនបើវាមិនអាចងើបឡើងវិញបានទេ នោះអ្នកត្រូវតែមានវិធានការកាត់បន្ថយការចំណាយផ្សេងៗ ដូចជា ការកាត់បន្ថយការផលិត កាត់បន្ថយកម្លាំងពលកម្ម និងចំណាយណាដែលមិនចាំបាច់ ដើម្បីកុំឲ្យមានឳនភាពថវិកា(ចំណាយ ច្រើនជាងចំណូល) ខ្លាំងពេក។ បើក្នុងករណីដែលឥទ្ធិពលនៃ COVID-19 មានសភាពកាន់តែអាក្រក់ទៅៗ នោះមានតែជម្រើសផ្អាកប្រតិបត្ដិការអាជីវកម្មទាំងអស់សិន ជៀសវាងត្រូវក្ស័យធន។

៣. បង្កើតធនបម្រុងសម្រាប់ទុកដោះស្រាយនៅពេលដែលអាជីវកម្មរងផលប៉ះពាល់ខ្លាំង

ការបង្កើតធនបម្រុង ឬប្រាក់សម្រាប់ទុកដោះស្រាយវិបត្ដិវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការស្រោចស្រង់ក្រុមហ៊ុន។ តាមពិតទៅ នៅក្នុងក្រុមហ៊ុននីមួយៗតែងតែមានកញ្ចប់ថវិការបម្រុងទុក​សម្រាប់ដោះស្រាយនៅពេលដែលមានអាសន្ន។ សារៈសំខាន់នៃការបង្កើតប្រាក់បម្រុងនេះ គឺអាចជួយអ្នកជាដើមទុនថ្មីសម្រាប់ចាប់ផ្ដើមអាជីវកម្មម្ដងទៀត អាចជួយអ្នកក្នុងការចំណាយនានាអំឡុងពេលអន្ដរកាល ឬសម្រាប់ជួយអ្នកពីការក្ស័យធនជាដើម។

៤. អនុញ្ញាតឲ្យបុគ្គលិកធ្វើការនៅកន្លែងដែលមានសុវត្ថិភាពសម្រាប់ពួកគេ

ការអនុញ្ញាតឲ្យបុគ្គលិកធ្វើការនៅផ្ទះ ឬនៅកន្លែងដែលពួកគេមានសុវត្ថិភាព វាជាវិធានការមួយដែលល្អ និងមិនធ្វើឲ្យប៉ះពាល់ដល់ចំណូលរបស់ក្រុមហ៊ុនច្រើន រួមទាំងអាចការពារដល់សុខភាពពួកគេទៀត។ ម៉្យាងវាជាការដែលជួយកាត់បន្ថយចំណាយរបស់ក្រុមហ៊ុនទៅលើចំណាយប្រតិបត្ដិការដូចជា ទឹក ភ្លើង និងផ្សេងៗទៀត។ ការងារដែលអាចនឹងធ្វើឲ្យមានហានិភ័យខ្ពស់នៅក្នុងការឆ្លង COVID-19 គួរតែត្រូវបានផ្អាក ឬប្ដូរទៅធ្វើអ្វីផ្សេងនៅក្នុងពេលអន្ដរកាលនេះ។

ជារួមមក មានតែការការពារខ្លួន ដោយថែរក្សាអនាម័យ និងមិនត្រូវនៅជិត ឬជួបនិយាយជាមួយបុគ្គលដែលសង្ស័យថា មានវីរុសថ្មី COVID-19 ទេ ទើបអាចជួយទប់ស្កាត់ការរីករាលដាលបាន៕

អត្ថបទដោយ៖ ឡាយ ឧត្ដម

SHARE