ក្បួនគ្រប់គ្រងអាជីវកម្មកុំអោយមានបញ្ហា នៅក្នុងពេលមានវិបត្ដិកូវីដ១៩នេះ

វិបត្ដិកូវីដ១៩ នៅតែជាបញ្ហាដែលមិនទាន់ដោះស្រាយបាន ដរាបណាមិនទាន់មានវ៉ាក់សាំងការពារត្រូវបានបង្កើតឡើង។ នៅក្នុងពេលដ៏លំបាកនេះ សេដ្ឋកិច្ចពិភពលោកកំពុងតែជួបនូវវិបត្ដិយ៉ាងធ្ងរធ្ងន់ ហើយអាជីវកម្មអ្នកក៏ត្រូវជួបបញ្ហាហិរញ្ញវត្ថុដែលមិនអាចជៀសវាងបាន ចំណែកមនុស្សរាប់លានអ្នកត្រូវបានបាត់បង់ការងារធ្វើ ដែលនេះជាពេលមួយដែលក្រៀមក្រំបំផុតមួយនៅក្នុងយុគសម័យទំនើបនេះ។ មានផ្លូវតែមួយគត់ដែលអ្នកត្រូវធ្វើនៅពេលនេះ គឺកាត់បន្ថយហានិភ័យហិរញ្ញវត្ថុ និងក្រុមហ៊ុនអ្នក ឲ្យនៅកម្រិតទាបបំផុត។

ខាងក្រោមនេះ ជាវិធីសាស្ត្រមួយចំនួនដែលម្ចាស់អាជីវកម្មគ្រប់រូបគួរតែពិចារណាធ្វើ៖

១. បង្កើតភាពច្បាស់លាស់ជាមួយនឹងបុគ្គលិករបស់អ្នក

នៅក្នុងពេលនេះ ប្រសិនបើអ្នកផ្អាកសកម្មភាពអាជីវកម្មបណ្ដោះអាសន្ន នោះប្រាកដណាស់ថា មិនប៉ះពាល់ត្រឹមតែចំណូលរបស់អ្នកនោះទេ ប៉ុន្ដែក៏ប៉ះពាល់ដល់ជីវភាពរបស់បុគ្គលិកអ្នកដែរ។ ប្រ​សិនបើអ្នក បញ្ឈប់ពួកគេ ក៏ត្រូវផ្ដល់ហេតុផលសមរម្យ និងការលើកទឹកចិត្តត្រឹមត្រូវ។ ប្រសិនបើអ្នកកាត់ប្រាក់បៀវត្ដន៍ ក៏គួរកាត់ក្នុងកម្រិតមួយដែលសមរម្យ និងមិនប៉ះពាល់ដល់ជីវភាពពួកគេ។ ប្រសិនបើអ្នកផ្អាកសកម្មភាព តើពេលណាទើបពួកគេអាចចូលធ្វើការវិញ? ប្រសិនបើអ្នកមិនចង់បញ្ឈប់បុគ្គលិករបស់អ្នកណាម្នាក់ទេ មានវិធីម៉្យាងដែលអ្នកអាចធ្វើបាន នោះគឺការធ្វើការងារឆ្លាស់ម៉ោងគ្នា ដែលអ្នកអាចចំណាយតិចជាងមុន ប៉ុន្ដែបុគ្គលិករបស់អ្នកគឺនៅទាំងអស់។

២. យកពេលនេះមកអភិវឌ្ឍខ្លួនឲ្យខ្លាំង និងកំណត់គោលដៅថ្មី ដើម្បីបង្កើនផលិតភាពការងារ

“ចូរកុំមើលមកពេលនេះថាវាជាពេលដែលអ្នកត្រូវដើរថយក្រោយ មកកែលម្អ និងគោលដៅដែលអ្នកបានសម្រេចនោះទេ ប៉ុន្ដែគួរមើលពេលនេះជាឱកាសនៅក្នុងការអភិវឌ្ឍ និងពង្រីកខ្លួនឲ្យកាន់តែធំថែមមួយកម្រិតទៀត”។ ជាការពិត បើនិយាយអំពីឱកាស អ្នកត្រូវជ្រើសមួយ បោះបង់មួយចោល មិនអាចធ្វើទាំងពីរក្នុងពេលតែមួយបាននោះទេ។ អ្នកគួរប្រើពេលនេះ ជាពេលដែលអ្នកត្រូវធ្វើការបង្កើតសករាជថ្មីសម្រាប់អាជីវកម្មអ្នក និងខ្លួនអ្នកផ្ទាល់។ អ្នកត្រូវដឹងថា បើទោះបីស្ថានការណ៍ត្រលប់មកជាប្រក្រតីវិញក៏ដោយ ក៏អាជីវកម្មអ្នកមិនប្រាកដថា នឹងត្រលប់មកជាប្រក្រតីដែរ។ ដៃគូជំនួញរបស់អ្នកអាចនឹងប្រែប្រួលទៅរកអ្នកដែលផ្ដល់តម្លៃដល់ពួកគេច្រើនជាងអ្នក, ចំណែកទីផ្សាររបស់អ្នកអាចនឹងធ្លាក់ចុះ ឬបុគ្គលិកជំនាញៗរបស់អ្នកនឹងលាឈប់ទៅធ្វើនៅកន្លែងដែលធំជាង និងផ្ដល់ប្រយោជន៍ច្រើនជាង។ល។ ដូច្នេះ ម្ចាស់អាជីវកម្មត្រូវគិតគូរចំណុចនេះឲ្យបានមែនទែន នៅក្នុងពេលកើតកលយុគនេះ។

៣. គិតពីហេតុផលដែលចាប់ផ្ដើម និងឆ្លុះបញ្ចាំងពីគោលដៅរបស់អ្នក

នៅក្នុងកាលៈទេសៈបែបនេះ អ្វីដែលត្រូវការគឺ កម្លាំងចិត្ត នៅក្នុងការវាយបំបាក់រាល់បញ្ហានានា ដែលកើតឡើង។ នៅពេលដែលអ្នកមានអារម្មណ៍ថា បរាជ័យ ឬហត់នឿយនឹងការប្រឈមមុខជាមួយនឹងបញ្ហា អ្នកត្រូវសួរខ្លួនឯងថា តើអ្នកបង្កើតអាជីវកម្មនេះឡើង ដើម្បីអ្វី? តើអ្នកខិតខំធ្វើការរាល់ថ្ងៃដើម្បីនរណា? តើអ្នកព្រមបោះបង់ក្ដីស្រមៃ និងមនុស្សដែលនៅជាមួយអ្នកចោលទាំងអស់ឬ?

ចាប់ផ្ដើមមើលពីគោលបំណង និងគោលដៅរបស់ខ្លួនឯង តើអ្នកបានដើរដល់ចំណុចណាហើយ? ប្រសិនបើអ្នក ដើរជិតដល់គោលដៅហើយ តើអ្នកព្រមបោះបង់វាចោលទទេឬ?

៤. គិតបែបវិជ្ជមាន

នៅក្នុងពេលនេះ ជាពេលមួយដ៏ពិបាកសម្រាប់សហគ្រិនគ្រប់គ្នា ប៉ុន្ដែប្រសិនបើអ្នកចុះចាញ់ នោះអ្នកនឹងបាត់បង់អ្វីគ្រប់យ៉ាងដែលអ្នកបានខិតខំព្យាយាមធ្វើកន្លងមក។ ឧបសគ្គមួយនេះ ប្រសិនបើអ្នកចង់ជៀសក៏អ្នកមិនអាចជៀសបានឡើយ ព្រោះអ្វីៗនឹងមកដល់ដោយមិនអាចទប់ស្កាត់បាន ដរាបណាមិនទាន់មានសញ្ញាណវិជ្ជមានណាមួយនៅឡើយនៅក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ អ្វីដែលអ្នកត្រូវធ្វើ គឺការត្រៀមខ្លួនបានល្អ បង្កើនទំនុកចិត្តខ្លួនឯង គិតបែបវិជ្ជមានឲ្យបានច្រើន និងកាត់បន្ថយហានិភ័យឲ្យបានទាបបំផុតតាមដែលអាចធ្វើបានចំពោះអាជីវកម្មអ្នក៕

អត្ថបទដោយ៖ ឡាយ ឧត្ដម