ក្បួននៃការចរចារប្រកបដោយប្រសិទ្ធិភាពសម្រាប់សហគ្រិនជំនាន់ថ្មី

មានមូលដ្ឋានគ្រឹះ៣យ៉ាង ដែលអ្នកត្រូវដឹងពីរបៀបនៃការចរចារប្រកបដោយភាពឆ្លាតវៃសម្រាប់ការធ្វើជំនួញ ឬកិច្ចការផ្សេងៗប្រកបដោយប្រសិទ្ធិភាព៖

១. ការត្រៀមខ្លួន(Make a good preparation)

សម្រាប់អ្នកចរចារ គ្មានអ្វីដែលសំខាន់ជាងការត្រៀមខ្លួនរួចរាល់នោះទេសម្រាប់ការបើកកិច្ចចរចារមួយប្រកបដោយប្រសិទ្ធិភាព។ ចាប់ផ្ដើមធ្វើការស្រាវជ្រាវ និងស្វែងយល់ពីដៃគូដែលត្រូវជួប រៀបចំឯកសារដែលពាក់ព័ន្ធ មុននឹងអ្នកដើរចូលទៅក្នុងបន្ទប់ប្រជុំ។

ប្រសិនបើ និយាយពីការចរចារផ្នែកអចលនទ្រព្យវិញ អ្នកត្រូវចំណាយពេលវេលាឲ្យបានច្រើនជាងអ្វីដែលអ្នកគិតថាអ្នកត្រូវការ ដើម្បីស្វែងយល់ពីទីផ្សារ ពីអចលនទ្រព្យ ឱកាស និងព្យាយាមយល់ឲ្យបានច្រើនជាងអ្នកលក់។ ការចំណាយពេលរៀបចំខ្លួន វាមិនត្រឹមតែធ្វើឲ្យអ្នកចាប់បានចំណុចសំខាន់ដែលត្រូវនិយាយ និងចាប់ចំណុចដែលដៃគូរបស់អ្នកចង់បាននោះទេ តែវាក៏ធ្វើឲ្យអ្នកមានទំនុកចិត្តខ្ពស់នៅក្នុងការចរចារផងដែរ។

២. ចូរកុំនិយាយថា “ទេ” នៅរាល់ចម្លើយរបស់អ្នក(Don’t take no for an answer)

ការចរចារប្រសិនបើមានស្ដ្រីម្នាក់ ឬច្រើននាក់នៅក្នុងចំណោមអ្នកចរចារ លទ្ធផលវិជ្ជមានច្រើនតែទទួលបាន ជាពិសេសការចរចារលើកិច្ចការដែលលំបាកៗ។ ចំនុចសំខាន់មួយក្នុងការចរចារ គឺកុំដាច់ខាតគ្រប់ពេល ឬនិយាយថាទេគ្រប់សំណើរ ឬនៅរាល់ចម្លើយរបស់អ្នក។ សំណើរបដិសេដខ្លះ មិនមែនមានន័យថាយើងមិនទទួលបានអ្វីនោះទេ ប៉ុន្ដែគ្រាន់តែយើងទទួលបានតិច។ ដូច្នេះ គួរកុំនិយាយថា “ទេ”ភ្លាម ត្រូវចរចារបង្កើនផលប្រយោជន៍អ្នកឲ្យបានអស់លទ្ធភាពសិន។

៣. អ្នកត្រូវត្រៀមខ្លួនទទួលបរាជ័យជានិច្ច និងទុកផ្លូវក្រោយឲ្យខ្លួនឯង(Ready to go)

ពេលខ្លះការចរចាររបស់អ្នក អាចនឹងត្រូវបរាជ័យដោយសារតែកត្ដា៣យ៉ាង៖ ទី១ កត្ដាក្រុមរបស់អ្នក ទី២ កត្ដាគូភាគី និងទី៣ កត្តាខាងក្រៅ។ ការចរចារ ដែលមានប្រសិទ្ធិភាព និងច្រើនតែទទួលជោគជ័យ គឺជាប្រភេទការចរចារដែលមានការធ្វើសម្បទានឲ្យគ្នាទៅវិញទៅមក នូវអ្វីដែលត្រូវការ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមើលឃើញថា អ្នកពិតជាមិនអាចផ្ដល់ឲ្យនូវអ្វីដែលដៃគូរបស់អ្នកចង់បាន ឬដៃគូរបស់អ្នកមិនអាចធ្វើតាមសំណើររបស់អ្នកបានទេ នោះអ្នកគួរបញ្ចប់កិច្ចសន្ទនាភា្លម ដើម្បីកុំឲ្យមានភាពរង្គោះរង្គើដល់ទំនាក់ទំនង។ ម៉្យាងអ្នកអាចប្រើវិធីកែតម្រូវ ដោយបង្កើតការចរចារលើកទី២ ឬទី៣បន្ដទៀត ដើម្បីរកដំណោះស្រាយរួមមួយ។ លើសពីនេះ មុននឹងចរចារអ្នកត្រូវគិតពីផ្លូវដែលត្រូវទៅឲ្យហើយស្រេច ដើម្បីចាប់ផ្ដើមកុំឲ្យខាតពេល ដូចជាគិតគូពីដៃគូចរចារថ្មីជាដើម៕

អត្ថបទដោយ៖ ឡាយ ឧត្ដម