ក្បួនលក់ទាំង ៤ចំនុចនេះហើយដែលជួយឲ្យអ្នកក្លាយជាកំពូលអ្នកលក់

នៅពេលដែលអ្នកចាំផ្ដើមបើកអាជីវកម្មមួយ ឬក៏ធ្វើជំនួញអ្វីមួយអ្នកតែងតែរំពឹងថាការលក់របស់លោកអ្នក ការរកស៊ីរបស់លោកអ្នក នឹងទទួលបានជោគជ័យដោយអាស្រ័យទៅលើទីផ្សារ និងកត្តាផ្សេងៗដ៏ទៃទៀត។ ប៉ុន្ដែបើសិនជា វិធីសាស្ត្រក្នុងការលក់របស់លោកអ្នកខ្យោយនោះប្រាកដណាស់ថាការលក់របស់លោកអ្នកនឹងធ្លាក់ចុះជាក់ជាមិនខាន ដូច្នេះវិធីសាស្រ្តក្នុងការលក់គឺវាពិតជាមានសារៈសំខាន់ណាស់ ហើយការដែលមានទំនាក់ទំនងល្អជាមួយអតិថិជនក៏រឹតតែសំខាន់ទៅទៀតព្រោះថាយើងអាចលក់ដាច់បានច្រើនលុះត្រាតែយើងត្រូវមានទំនាក់ទំនងល្អជាមួយអតិថិជនជាមុនសិន ។ ខាងក្រោមនេះក៏ជាវិធិសាស្រ្តសំខាន់ៗដើម្បីជួយឲ្យអ្នកទទួលបានជោគជ័យក្នុងការលក់ផងដែរ ៖

១. ត្រូវចេះគ្រប់គ្រងអារម្មណ៍របស់អ្នក

ប្រាកដណាស់ទោះបីអ្នកជា ថៅកែ ឬក៏ជាបុគ្គលិករបស់ក្រុមហ៊ុនក៏ដោយបើសិនជាអ្នកស្ថិតក្នុងមុខងារជាអ្នកលក់ម្នាក់នោះអ្នកត្រូវរៀនក្នុងការគ្រប់គ្រងអារម្មណ៍ខ្លួនឯងជាមុនសិន ព្រោះថាអ្នកមិនអាចប្រើអារម្មណ៍ដែលអ្នកកំពុងមានទៅកាន់អតិថិជនបានទេ ហើយម្យ៉ាងវិញទៀតនៅពេលដែលអ្នកក្លាយជាអ្នកលក់មួយរូបអ្នកនឹងត្រូវជួបមនុស្សយ៉ាងច្រើនហើយពួកគេក៏មានអាកប្បកិរិយា និងពាក្យសម្ដីផ្សេងៗគ្នាផងដែរ ដូច្នេះការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងវាជាកត្ដាសំខាន់។

២. ត្រូវចេះធើ្វឲ្យខ្លួនឯងមានភាពសប្បាយ

ជាធម្មតាមនុស្សយើងម្នាក់ៗតែងតែមានថ្ងៃដែលយើងសប្បាយចិត្ត និងថ្ងៃដែលកើតទុក ប៉ុន្ដែអ្វីដែលសំខាន់នោះគឺថាយើងចេះក្នុងការធ្វើឲ្យខ្លួនឯងសប្បាយចិត្តដែរឬទេ។ នៅពេលដែលយើងមានអារម្មណ៍មិនល្អយើងគួរតែធ្វើអ្វីមួយដើម្បីឲ្យវាភាពល្អប្រសើឡើងវិញដូចជា ការអានសៀវភៅ ស្ដាប់តន្រ្ដី សម្មាធិ ឬក៏ហាត់ប្រាណជាដើម ដើម្បីឲ្យយើងទទួលបានអារម្មណ៍ស្រស់ស្រាយមកវិញ ហើយវាក៏ជួយឲ្យមានប្រសិទ្ធិភាពខ្ពស់ក្នុងការលក់ផងដែរ​ ។

៣. ស្វែងយល់ពីខ្លួនឯងឲ្យបានច្បាស់

អ្នកជំនាញលក់ម្នាក់ឈ្មោះលោក Barry Farber បាននិយាយថាដើម្បីបង្កើនការលក់បាន គឺការសិក្សាអំពីចិត្តគំនិតរបស់ខ្លួនឯងជាមុនសិន ជាពិសេសយើងត្រូវលើកទឹកចិត្តខ្លួនឯង ហើយយើងក៏ត្រូវសួរខ្លួនឯងថា តើយើងស្រលាញ់ការងារហ្នឹងដែរឬទេ ? ស្រលាញ់មិត្តរួមការងាររបស់យើងទេ ? តើកត្ដាអ្វីដែលជម្រុញឲ្យអ្នកចូលចិត្តការងារប្រភេទហ្នឹង ?  នៅពេលដែលអ្នកបានយល់ច្បាស់អំពីខ្លួនឯងហើយនោះអ្នកក៏អាចបង្កើនឱកាសក្នុងការលក់ដែរ។

៤. ស្វែងរកអតិថិជនហើយថែរក្សាពួកគេ

ឈានដល់ដំណាក់កាលចុងក្រោយគឺអ្នក ត្រូវចេះស្វែងរកអតិថិជន ការយល់ដឹងពីសង្គមខាងក្រៅនិងដឹងពីតម្រូវការរបស់មនុស្សទូទៅ វាជួយឲ្យអ្នកមានភាពងាយស្រួលក្នុងការស្វែងរកអតិថិជន។ កត្ដាដែលសំខាន់ទៀតនោះគឺអ្នកត្រូវចេះវិធីក្នុងការថែរក្សាពួកគេដើម្បីឲ្យពួកគេនៅតែគាំទ្រផលិតផលយើង  ដូចជានៅពេលដែលពួកគេបានទិញផលិតផលឬទំនិញរបស់អ្នកហើយអ្នកគួរតែយកចិត្តទុកដាក់បន្ថែមទៀតទាក់ទងទៅនឹងបញ្ហា ដែលពួកគេជួបប្រទះហើយចាប់ផ្ដើមក្នុងការកែតម្រូវវាឡើង​វិញ ។

សរុបជាចុងក្រោយ ដើម្បីអាចបង្កើនជំនាញក្នុងការលក់បានអ្នកត្រូវអនុវត្តទៅតាមវិធីសាស្ត្រដូចដែលបានរៀបរាប់ខាងលើ និងត្រូវយកចិត្តទុកដាក់ទៅលើគុណភាពផលិតផលឬក៏ទំនិញរបស់អ្នកផងទើបជាការប្រសើ៕

អត្ថបទដោយ ៖ វ៉ាន់ ចន្ថា