ក្បួនសន្សំលុយ ដើម្បីទុកវិនិយោគសម្រាប់យុវ័យគួរតែអនុវត្តន៍

ការវិនិយោគអាចធ្វើឡើងដោយមិនប្រកាន់វ័យទេ គឺអាស្រ័យលើបុគ្គលម្នាក់ៗចេះគ្រប់គ្រងការចំណាយរបស់ពួកគេ និងចេះសន្សំប្រាក់ក្នុងការវិនិយោគ។ តើយើងត្រូវធ្វើដូចម្ដេចដើម្បីធ្វើការសន្សំទុកដើម្បីវិនិយោគប្រកបដោយភាពជោគជ័យ? ខាងក្រោមនេះជាគន្លឹះ សំខាន់ៗក្នុងការគ្រប់គ្រងការចំណាយដើម្បីទុកសន្សំ៖

. អ្នកត្រូវគិតអំពីខ្លួនឯងជាមុនសិន

នៅពេលដែលអ្នកទទួលបានប្រាក់ចំណូលប្រចាំខែរបស់អ្នក អ្នកគួរតែដកប្រាក់មួយចំនួនមកធ្វើការសន្សំជាមុនសិន ជាជាងទុកប្រាក់ដែលនូវសល់បន្ទាប់ពីការចំណាយមកធ្វើការសន្សំ ។

. ការសន្សំទុកសម្រាប់ពេលមានអាសន្ន

គណនីសន្សំបន្ទាន់សម្រាប់ពេលដែលមានអាសន្នវាគឺជាមូលដ្ឋានគ្រឹះមួយនៃផែនការហិរញ្ញវត្ថុដ៏ត្រឹម​ត្រូវ។ ភាពអាសន្នគឺជាអ្វីមួយដែលយើងមិនអាចគ្រប់គ្រងវាបាននោះទេដូចជា ពេលមានជម្ងឺធ្ងន់ធ្ងរ និងពេលបាត់បង់ការងាភ្លាមៗជាដើម។

. ធ្វើការចំណាយតិច សន្សំឲ្យបានច្រើន

ការសន្សំជាធម្មតាវាចាប់ផ្ដើមពីការចំណាយតិច អ្នកមិនគួរចំណាយប្រាក់របស់អ្នកទៅលើរបស់ដែលមិនចាំបាច់នោះទេដូចជា កាហ្វេថ្លៃៗ សម្លៀកបំពាក់ល្បីៗ វាអាចធ្វើឲ្យខាតឱកាសក្នុងការសន្សំរបស់អ្នកបាន ។

. បោះចោលនូវទម្លាប់មិនល្អមួយចំនួន

ឧទាហរណ៍៖ ប្រសិនបើអ្នកទិញរបស់ញ៉ាំខាងក្រៅ ពេលទៅធ្វើការ ឬពេលត្រលប់មកពីធ្វើការវិញជារៀងរាល់ថ្ងៃ៥ដងក្នុងមួយសប្ដាហ៍ ឬក៏មានទម្លាប់ស្រដៀងនេះ សូមអ្នកសម្រេចចិត្តផ្លាស់ប្ដូរទម្លាប់នេះ មកញ៉ាំនៅផ្ទះវិញដើម្បីធ្វើការសន្សំប្រាក់ទាំងនោះ។

. ការច្នៃប្រឌិតក្នុងការបង្កើតចំណូលបន្ថែម

មានវិធី២យ៉ាងដើម្បីបង្កើនប្រាក់របស់អ្នកបានគឺ ការទទួលយកការងារក្រៅម៉ោង និងលក់របស់របរដែលអ្នកលែងត្រូវការ។ ការធ្វើការច្រើនម៉ោងអាចជាបន្ទុកបន្ថែម ប៉ុន្ដែការងារថែមម៉ោងដែលមានពេលវេលាកំណត់ និងគោលដៅជាក់លាក់គឺជាយុទ្ធសាស្រ្ដដ៏ឆ្លាតវៃមួយ។ ចំណែកឯការលក់របស់ដែលអ្នកលែងត្រូវការវាក៏អាចបង្កើតជាសាច់ប្រាក់ក្នុងការសន្សំបានដែរ ។

. ស្វែងយល់ពីតម្លៃនៃការវិនិយោគ

មិនថាអ្នកកំពុងវិនិយោគទៅលើភាគហ៊ុន ឬក៏សញ្ញាប័ណ្ណនោះទេ ការវិនិយោគស្ទើតែទាំងអស់គឺពាក់ព័ន្ធនឹងថ្លៃដើមដែលអ្នកវិនិយោគិនគួរយល់។ លោក Cheryl Krueger​ ដែលជាប្រធានក្រុមហ៊ុនផ្នែកហិរញ្ញវត្ថុបាននិយាយថា “ពេលខ្លះនិយោជកអាចនឹងឧបត្ថមធនដល់ថ្លៃដើមហើយពេលខ្លះក៏អាចនឹងប្រគល់វាទៅឲ្យនិយោជិកតែម្ដង”។

. កុំភ័យខ្លាចក្នុងការស្នើសុំជំនួយ

នៅពេលដែលនិយាយពីការវិនិយោគ អ្នកខ្លះមិនដឹងថាគួរចាប់ផ្ដើមពីកន្លែងណាទេ។ កុំខ្លាចក្នុងការសុំការណែនាំពីអ្នកជំនាញ។ អ្នកគួរតែធ្វើការស្រាវជ្រាវ និងស្វែងរកសេវាកម្មណាដែលមានតម្លៃទាបនឹងជួយឲ្យអ្នកមានទំនុកចិត្តលើទីផ្សារ។

ដូច្នេះការយកចិត្តទុកដាក់ទៅលើហិរញ្ញវត្ថុ ការគ្រប់គ្រងការចំណាយ និងការយល់ច្បាស់ពីតម្លៃនៃការវិនិយោគ វាពិតជាសំខាន់ណាស់សម្រាប់បុគ្គលដែលចង់ធ្វើការវិនិយោគនាពេលអនាគតឲ្យទទួលបានជោគជ័យ៕

ដោយ ៖ វ៉ាន់ ចន្ថា