ក្រសួងកសិកម្ម៖ ប្រជាពលរដ្ឋកម្ពុជាទទួលទានបន្លែចំនួនប្រមាណ ៥៧៣ តោន ក្នុងមួយថ្ងៃ

ការទទួលទានបន្លែអាចជួយឲ្យសុខភាពល្អប្រសើររឹងមាំ បែបនេះហើយ បច្ចុប្បន្នបរិមាណនៃការទទួលទានបន្លែរបស់ប្រជាពលរដ្ឋកម្ពុជាត្រូវបានមើលឃើញថាស្ថិតក្នុងកម្រិតខ្ពស់មួយ ដែលមានចំនួនដល់ទៅរាប់រយតោនក្នុងមួយថ្ងៃ។

យោងតាមតួលេខពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញឲ្យដឹងថា ប្រជា​ពលរដ្ឋកម្ពុជាទទួលទានបន្លែចំនួន ៥៧៣ តោន ក្នុងមួយថ្ងៃ ដែលក្នុងនោះ ៤០០ តោន​ត្រូវបានដាំដុះក្នុងស្រុក ក្រៅពីនេះគឺនាំចូលពីក្រៅប្រទេស ដូចជាប្រទេស វៀតណាម ថៃ និង ​ចិន ជាដើម។ ទន្ទឹមនឹងនេះ ដោយមើលឃើញពីតម្រូវការរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានជំរុញឱ្យបង្កើនផលិតកម្មបន្លែគ្មានជាតិគីមី ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក កាត់បន្ថយការនាំចូល និងអាចបង្កើនឱកាសការងារដល់ប្រជាពលរដ្ឋបានមួយចំណែកផងដែរ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់យ៉ាងដូច្នេះថា៖ « ក្រសួងបាននឹងកំពុងធ្វើការលើកកម្ពស់ផលិតកម្មក្នុងស្រុកដើម្បី​ឆ្លើយ​តបទៅនឹងតម្រូវការក្នុងស្រុក។ យើងបាន និងកំពុងជំរុញ​ផលិត​កម្មបន្លែ និងសាច់ ដើម្បីបង្កើនការផ្គត់ផ្គង់ទីផ្សារ។ យើងរំពឹងថាផលិតកម្មក្នុងស្រុករបស់​យើងនឹងកើនឡើង ហើយអាចឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុកបាន»។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអំពាវនាវឱ្យមានការបង្កើន​ផលិត​កម្មបន្លែសត្វគ្មានជាតិគីមីដើម្បីកាត់បន្ថយការនាំចូលពីក្រៅ៕

ដោយ៖ ស្រីពេជ្រ