ក្រសួងការងារ បន្ដបើកប្រាក់ឧបត្ថម្ភជូនកម្មករ និយោជិតព្យួរការងារ ខណៈសរុបទាំង ៧ លើកនេះអស់ជិត ៤ លានដុល្លារ

ដោយសារតែវិបត្តិដែលបណ្តាលមកពីជំងឺ កូវីដ១៩ នាដើមឆ្នាំ ២០២០ នេះ  និយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ មួយចំនួនត្រូវបានព្យួរការងារជាបន្ដបន្តាប់ បែបនេះហើយទើបរាជរដ្ឋាភិបាល សម្រេចបញ្ចេញថវិកាជាតិដើម្បីដោះស្រាយការលំបាករបស់កម្មករ និងនិយោជិតក្នុងវិស័យទាំងនេះ។

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏នៅតែបន្តបើកប្រាក់ឧបត្ថម្ភ ជូនកម្មករ និយោជិតបម្រើការងារក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ប្រមាណ ១២,៧៦០នាក់ មកពីសហគ្រាសចំនួន ៣៤ ដែលត្រូវបានព្យួរការងារ។ សម្រាប់ការបើកប្រាក់ឧបត្ថម្ភលើកនេះ គឺជាលើកទី ៧ ហើយ។

លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា ថវិកាសម្រាប់បើកឧបត្ថម ទាំង ៧ លើកនេះ មានចំនួនសរុបប្រមាណ ១៥,៩២០,៤៧៥,៥៣០ រៀល ឬប្រហែលនឹង ៣.៩ លានដុល្លារអាមេរិក ហើយក្នុងនោះ មានកម្មករ និយោជិតសរុបប្រមាណ ១៦៩,១៦១នាក់ ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភនេះ។

លោក ហេង សួរ ក៏បានបន្ដថា ដោយសារការសុំព្យួរការងារមានរយៈពេលខុសៗគ្នា អញ្ចឹងការទទួលបានក៏ខុសៗគ្នាដែរ ហើយការទទួលបានប្រាក់ឧបត្ថម្ភក៏ផ្សេងៗគ្នា អាស្រ័យលើការផ្តល់ឯកសារ និងព័ត៌មានគ្រប់របស់រោងចក្រសហគ្រាសនីមួយៗ។ ចំពោះការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១០ថ្ងៃ ទទួលបានប្រាក់ឧបត្ថម្ភប្រមាណ ១៥ដុល្លារ, ព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ ទទួលបានប្រាក់ឧបត្ថប្រមាណ ៣០ដុល្លារ ហើយសម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ២១ថ្ងៃ ដល់ ១ខែ ទទួលបានប្រាក់ឧបត្ថម្ភ ៤០ដុល្លារ។

បើតាមអ្នកនាំពាក្យរូបនេះបានឱ្យដឹងទៀតថា ការផ្តល់ប្រាក់ឧបត្ថម្ភនេះ ធ្វើឡើងតាមរយៈធនាគារឯកទេសវីង។  ក្នុងករណី ប្រសិនជាកម្មករ និយោជិត ខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារឯកទេសវីង នោះធនាគារ នឹងបង្វិលប្រាក់ឧបត្ថម្ភជូនរាជរដ្ឋាភិបាលវិញ។

មែនទែនទៅ លោកក៏បានបញ្ជាក់ថា ក៏មាននិយោជិតខកខានក្នុងការបើកប្រាក់ដែរ ព្រោះតែផ្លាស់ប្ដូរលេខទូរស័ព្ទ និងបាត់អត្ដសញ្ញាណប័ន ជាដើម ក៏ប៉ុន្ដែគឺមានចំនួនតិចតួចនោះទេ។ ហើយចំពោះបញ្ហានេះ ក្រសួងក៏បានសហការគ្នាដោះស្រាយបានដោយរលូនផងដែរ។ លោករដ្ឋលេខាធិការរូបនេះ បានអះអាងថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តសហការគ្នាជាមួយភាគីពាក់ព័ន្ធដើម្បីជំរុញការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះឱ្យកាន់តែរលូនថែមទៀត។

ជាចុងក្រោយ លោក ហេង សួរ បានអំពាវនាវទៅដល់កម្មករ និយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស ដែលមិនបានទទួលសារទូរសព្ទពីធនាគារឯកទេសវីង សូមទាក់ទងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួន។ ហើយដើម្បីបើកប្រាក់ឧបត្ថម្ភនេះ កម្មករ និយោជិត ត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុត។ ការបើកប្រាក់ឧបត្ថម្ភនេះ មិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយ៕

ដោយ៖​ ស្រីពេជ្រ