ក្រុមហ៊ុនចិនគ្រោងវិនិយោគលើសាកលវិទ្យាល័យមួយ ផ្តោតលើផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងខេត្តកំពង់ស្ពឺ

ដោយមើលឃើញថា កម្ពុជា គឺជាគោលដៅវិនិយោគដ៏ល្អមួយ និងសម្រាប់ការអភិវឌ្ឍយ៉ាងសំខាន់ ខណៈសេដ្ឋកិច្ចមានការរីកចម្រើនជាលំដាប់ ពេលនេះក្រុមហ៊ុនមួយដែលមកពីប្រទេសចិន គ្រោងនឹងវិនិយោគលើសាកលវិទ្យាល័យធំមួយនៅ ខេត្ត កំពង់ស្ពឺ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យអប់រំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សម្រាប់គម្រោងមួយនេះ ត្រូវបានចូលរួមសហការដោយក្រុមហ៊ុនពីររបស់ចិន និង កម្ពុជាគឺ CCYF DEVELOPMENT CO.,LTD និង MINDS BRIDGE EDUCATION (Cambodia) INVESTMENT CO.,LTD និងបានចុះហត្ថលេខារួមគ្នាពីគម្រោងបង្កើតសាកលវិទ្យាល័យនៅកម្ពុជា នាព្រឹកថ្ងៃទី  កក្កដា ឆ្នាំ ២០២០ កន្លងទៅផងដែរ។

ទន្ទឹមនឹងនេះ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានសម្តែងចំណាប់អារម្មណ៍ថា លោកវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនទាំងពីរ ដែលគ្រោងនឹងបើកសាកលវិទ្យាល័យនៅកម្ពុជា។ លោកចាត់ទុកថា សកម្មភាពនេះ គឺជាការបង្កើតនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជនកម្ពុជាទាំងមូលតែម្តង។

លោកក៏បានបន្ថែមថា «ថ្វីត្បិតថានេះជាចំណុចចាប់ផ្តើម តែជាការចាប់ផ្តើមមួយដ៏រីករាយ ដែលប្រកបដោយមោទនភាព ពោលការចាប់ផ្តើមរបស់ក្រុមហ៊ុនទាំងពីរ គឺជាឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជាសុទ្ធសាធ»

យ៉ាងណាមិញ បើតាមការបញ្ជាក់របស់លោកអភិបាលរងដដែលបានឲ្យដឹងថា សាកលវិទ្យាល័យនេះ គ្រោងនឹងបញ្ចប់ការសាងសង់មុនឆ្នាំ ២០២១ ដើម្បីចាប់ផ្តើមទទួលសិស្សឲ្យចូលរៀន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍មួយចំនួន រួមមាន៖ ការសាបព្រូសចំណេះដឹង, ការសិក្សាដ៏រីកចម្រើន, និងការធ្វើឲ្យប្រទេសជាតិមានធនធានមនុស្ស។

សូមបញ្ជាក់ ក្រៅពីគម្រោងវិនិយោគលើសាកលវិទ្យាល័យក្នុងខេត្ត កំពង់ស្ពឺ ក៏មានបណ្ដាវិនិយោគិនជាច្រើនមកពីប្រទេសចិន ចូលរួមពិភាក្សាលើគម្រោងវិនិយោគផ្សេងៗ ដែលរួមមានដូចជា  វិស័យឧស្សាហកម្មរោងចក្រសហគ្រាសខ្នាតធំ វិស័យកសិកម្មកម្រិតខ្ពស់ និងគម្រោងសាងសង់ខុនដូ ជាដើម៕

ដោយ៖ ស្រីពេជ្រ