ក្រុមហ៊ុនចិនមួយ គ្រោងចាយទុន ១៦០ លានដុល្លារ ដើម្បីបង្កើតចំណតរថយន្តថ្មីចំនួន ៣ ទីតាំង នៅរាជធានីភ្នំពេញ

ក្រុមហ៊ុនចិនមួយបានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគលើគម្រោងសាងសង់ចំណតរថយន្ដ ៣ ទីតាំង នៅរាជធានីភ្នំពេញ ខណៈគ្រោងចាយទុនប្រមាណ ១៦០ លានដុល្លារ។

​គម្រោង​ខាងលើ​​នេះ​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុងឱកាស​ជំនួប​ពិភាក្សា​រវាង​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជាមួយ​តំណាង​ក្រុមហ៊ុន​Good car investment​ ប្រទេស​ទេស​ចិន ​តាម​រយៈលោកស្រី​ឧកញ៉ា​ចាន់ សុទ្ធា នៅ​សាលា​រាជធានី​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃ​ទី ​៣០​ មិថុនា​ ឆ្នាំ​២០២០ កន្លងទៅ​នេះ។

ជាមួយគ្នានេះ ក្រុមហ៊ុនឯកជនមួយនេះ ក៏បានបង្ហាញពីគម្រោងរបស់ខ្លួនជូនដល់ លោក អភិបាល ដោយគ្រោងនឹងកសាងចំណតរថយន្តចំនួន ៣ ទីតាំង នៅក្នុងរាជធានីភ្នំពេញ  រួមមានដូចជានៅតំបន់រង្វង់មូលគួស្រូវជាប់ព្រំប្រទល់ខេត្ត កណ្តាល និងនៅតំបន់ផ្លូវជាតិលេខ ៦ មួយកន្លែង ស្របពេលគម្រោងមួយទៀតកំពុងតែរកទីតាំងដែលស្ថិតនៅតំបន់ជាយក្រុង។

ដើម្បីជាការឆ្លើយតប លោកអភិបាលក៏បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគោលបំណងខាងលើនេះព្រោះស្របតាមគោលបំណងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលសព្វថ្ងៃកំពុងតែត្រូវការចំណតរថយន្តជាចំណុចអទិភាពក្នុងទីក្រុង។

ទាក់ទិននឹងគម្រោងវិនិយោគនេះ លោកស្រី ឧញ៉ាចាន់ សុទ្ធា ក៏បានជំរាបជូនពីគោលបំណងវិនិយោគលើចំណតរថយន្ត និងនាំចូលរថយន្ត ដឹកជញ្ជូនទំនិញ និងរថយន្តដឹកជញ្ជូនអ្នកដំណើរមករាជធានីភ្នំពេញ។ ហើយតំណាង ក្រុមហ៊ុនបានបង្ហាញពីគោលដៅត្រូវកសាងចំណតរថយន្តចំនួន ៣ ទីតាំងក្នុងរាជធានីភ្នំពេញលើទឹកប្រាក់វិនិយោគ ១៦០ លានដុល្លាអាមេរិកដែលក្រុមហ៊ុនបានពិនិត្យទីតាំងរួចចំនួន ២ កន្លែងគឺនៅតំបន់រង្វង់មូលគួស្រូវជាប់ព្រំប្រទល់ខេត្ត កណ្តាលមួយកន្លែង និងនៅតំបន់ផ្លូវជាតិលេខ៦មួយកន្លែងនិងកំពុងរកទីតាំងមួយកន្លែងទៀតដែលស្ថិតនៅជាយក្រុង។

ជាចុងក្រោយ ឯកឧត្តមអភិបាល ក៏បានផ្តល់អនុសាសន៍ដល់ ក្រុមហ៊ុន មុននឹងសម្រេចចិត្តដាក់ទុនវិនិយោគ ត្រូវតែសិក្សាឲ្យច្បាស់លាស់ជាមុនសិន ព្រោះកន្លងមកមានក្រុមហ៊ុនច្រើនមកហើយបានលើកឡើងពីការចង់វិនិយោគបែបនេះ តែមិនទទួលបានលទ្ធផលនោះឡើយ។ ហើយមូលហេតុក៏ព្រោះតែ វិនិយោគិនទាំងនោះ ខ្វះការសិក្សាស្វែងយល់ពីចំណង់ចំណូលចិត្ត ទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរធ្វើឲ្យពួកគេបរាជ័យ ហើយបានត្រឹមតែមកបង្ហាញពីគម្រោងប៉ុន្ដែមិនបានលេចចេញជារូបរាង៕

ដោយ៖ ស្រីពេជ្រ