ក្រុមហ៊ុនវិនិយោគ ព្រលានយន្ដហោះ ខេត្ត កណ្ដាល មានមហិច្ឆិតាចង់អភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនេះឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី

ដើម្បីបង្កើនសមត្ថភាពក្នុងការទទួលវត្តមានយន្តហោះខ្នាតធំ និងទទួលបានអ្នកដំណើរកាន់តែច្រើន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមួយកន្លែងថ្មីទៀតនៅខេត្ត កណ្ដាល កាលពីដើមឆ្នាំ២០១៩ ខណៈពេលនេះមានមហិច្ចតាអភិវឌ្ឍន៍ឲ្យព្រលានយន្តហោះថ្មីនេះមានភាពធំទូលាយ និងទំនើបជាងគេនៅតំបន់អាស៊ី។

មែនទែនទៅ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែ មករា ឆ្នាំ ២០១៨ កន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង ក៏បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគរវាងក្រុមហ៊ុន OCIC អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិននាពេលនោះផងដែរ។

គម្រោងព្រលានយន្តហោះខ្នាតធំនេះជាគម្រោងមួយក្នុងចំណោមកិច្ចព្រមព្រៀងទាំង ១៩ ហើយត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍និងសាងសង់ក្នុងស្រុកឈានមុខគេ របស់ឧកញ៉ា ពុង ឃាវសែ និងធនាគារអភិវឌ្ឍន៍ចិន (China Development Bank) ។

ដោយឡែក ក្រុមហ៊ុនវិនិយោគដែលចាប់ដៃគ្នាសហការទៅលើការសាងសង់ព្រលានយន្ដហោះមួយនេះ ក៏បានគូសបញ្ជាក់ថាខ្លួនមានមហិច្ឆិតាចង់អភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនេះឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ីថែមទៀតផង។

លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ធ្លាប់បានអះអាងថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ សម្រេចបានប្រមាណ ៣០ ភាគរយហើយ ខណៈគ្រោងនឹងអាចបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៣ ខាងមុខ។

លោកបានបញ្ជាក់ទៀតថា តាមការគ្រោងទុកវត្តមានអាកាសយានដ្ឋានអន្តរជាតិមួយនេះ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់នៅឆ្នាំ ២០៣០ ហើយអាចទទួលអ្នកដំណើរ ៣០លាននាក់ នៅឆ្នាំ ២០៥០។

ទន្ទឹមនឹងនេះ សម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ គឺត្រូវបានចេញប្លង់សាងសង់ដោយក្រុមហ៊ុន Foster & Partners ដែលជាក្រុមហ៊ុនល្បីល្បាញមួយនៅលើពិភពលោក និងត្រូវបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០ លានដុល្លារ។

ចំពោះព្រលានយន្តហោះភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះខ្នាតធំ ដែលមានសមត្ថភាពអាចហោះហើរបានឆ្ងាយពីទ្វីបមួយទៅទ្វីបមួយ និងអាចឲ្យប្រភេទយន្តហោះធុនយក្ស ដូចជា Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបានគ្មានបញ្ហា។

គួរបញ្ជាក់ផងដែរ ព្រលានយន្តហោះថ្មីដែលមានទំហំ ២.៦០០ហិកតានេះ នឹងក្លាយជាព្រលានយន្តហោះធំបំផុតលំដាប់ទី ៩ នៅក្នុងពិភពលោក ដែលស្ថិតនៅពីក្រោយអាកាសយានដ្ឋាន Chicago O’Hare ទំហំ២,៦១០ហិកតា និងលំដាប់មុខអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងរបស់ប្រទេសចិន ទំហំ២,៣៣០ហិកតា។ ស្របពេលដែលទំហំនៃព្រលានយន្តហោះភ្នំពេញបច្ចុប្បន្នគឺ ៤០០ហិកតា៕

ដោយ៖ ស្រីពេជ្រ