ក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយទៀត ត្រៀមខ្លួនចូលមកបម្រើភ្ងៀវទេសចរ ក្រោយទទួលបានសិទ្ធិហោះហើរជាផ្លូវការ

ថ្វីបើវិស័យអាកាសចរណ៍ កម្ពុជា កំពុងត្រូវបានគំរាមកំហែងពីវិបត្តិ កូវីត-១៩ ខណៈខ្សត់ភ្ងៀវទេសចរណ៍ក្នុងមួយរយៈពេលនេះក្ដី តែរដ្ឋលេខាធិការរដ្ឋានអាកាសចរស៊ីវិល បានសម្រេចប្រគល់វិញ្ញាបនបត្រប្រតិបត្តិការហោះហើរ (AOC) ដល់ក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយបន្ថែមទៀត ដើម្បីបម្រើដល់ភ្ងៀវទេសចរ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នេះ។

ជាមួយគ្នានេះ បើតាមអាកាសចរណ៍ស៊ីវិលកម្ពុជា មុននឹងឈានដល់ការប្រគល់វិញ្ញាបនបត្រប្រតិបត្តិការហោះហើរ (AOC) នេះ ក្រុមហ៊ុនត្រូវបំពេញនូវលក្ខខណ្ឌបច្ចេកទេស ដែលមានចំនួន០៥ ដំណាក់កាល ដែលត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ដោយមន្ត្រីជំនាញរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ស្របតាមបទប្បញ្ញត្តិកម្ពុជា ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងអាចប្រតិបត្តិការក្នុងស្រុក និងអន្តរជាតិ។

យោងតាមរយៈ លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានថ្លែង ក្រុមហ៊ុនអាកាសចរណ៍ Prince International Airlines ដែលមានលោកស្រី Yifei JIANG ជាប្រធានក្រុមប្រឹក្សាភិបាលនេះ ដំណាក់កាលដំបូង គឺប្រើប្រាស់ឧទ្ធម្ភាគចក្រសម្រាប់ជិះធ្វើដំណើរផ្ទាល់ខ្លួន និងជួលប៉ុណ្ណោះ។ ប៉ុន្តែក្រុមហ៊ុនក៏មានគម្រោងទិញយន្តហោះបែបឯកជន (Private Jet) សម្រាប់ប្រើប្រាស់ និងជួលឲ្យអ្នកជំនួញផងដែរ។

បច្ចុប្បន្ន ប្រទេសកម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ចំនួន០៧ គឺ ១៖ Cambodia Angkor Air, ២៖ Sky Angkor Airlines, ៣៖ Bassaka Air, ៤៖ JC (Cambodia) International Airlines, ៥៖ Lanmei Airlines, ៦៖ Cambodia Airways, ៧៖ Prince International Airlines រួមទាំង ក្រុមហ៊ុន Helicopter ចំនួន០២ គឺ១៖ Helicopter Cambodia និង ២៖ Helistar Cambodia។

គួរបញ្ជាក់ផងដែរ វត្តមានរបស់ក្រុមហ៊ុនអាកាសចរណ៍ Prince International Airlines ត្រូវបានគេរំពឹងថានឹងចូលរួមចំណែកជួយបំពេញតម្រូវការ និងបម្រើដល់ ភ្ងៀវទេសចរណ៍ទាំងក្នុង និងក្រៅប្រទេស បន្ទាប់ពីវិបត្តិ កូវីត ១៩ ត្រូវបានបញ្ចប់៕

ដោយ៖ ស្រីពេជ្រ