ក្រុមហ៊ុនអូស្ត្រាលីមួយ កំពុងតែសិក្សាពីលទ្ធភាពវិនិយោគ ស្រូវ-អង្ករនៅកម្ពុជា ដើម្បីផ្គត់ផ្គង់នៅទីផ្សារអូស្រា្ដលី

ដោយមើលឃើញពីគុណភាព ​ ស្រូវ-អង្ករ របស់ កម្ពុជា ក្រុមហ៊ុនអូស្ត្រាលីមួយបានកំពុងតែសិក្សាលទ្ធភាពវិនិយោគក្នុងខ្សែសង្វាក់ផលិតកម្មស្រូវ-អង្ករនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារអូស្ត្រាលី។ ខណៈកម្ពុជា និងអូស្ត្រាលី ត្រៀមខ្លួនពិនិត្យ​លទ្ធភាពក្នុងការពង្រីកការធ្វើពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ាប្លូ កាំង (Pablo Kang) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ។

ការលើកឡើងរបស់​ឯកឧត្ដម ឯកអគ្គ​រាជទូតនេះ គឺនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០២០ នៅទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម។

លោក ឯកអគ្គរាជ ក៏បានថ្លែងប្រាប់ឲ្យដឹងពីសកម្មភាពមួយចំនួនរបស់ រដ្ឋាភិបាល​ អូស្ដ្រាលី ក្នុងកិច្ចសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបាននូវលំនឹង​សេដ្ឋកិច្ច និងជីវភាពសង្គមដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការរីករាលដាល​នៃ​ជំងឺកូវីដ-១៩ ក្នុងនោះរួមមានការផ្ទេរប្រាក់តាមរយៈក្រុមហ៊ុនវីង (WING) ជូនទៅក្រុម​គ្រួសារ​​ក្រីក្រ ក៏ដូចជាការផ្ដល់ជូននូវរថយន្តសង្គ្រោះបន្ទាប់ចំនួន ២០ គ្រឿង​ជូនចំពោះ​ក្រសួង​សុខាភិបាលកម្ពុជា។

ឯកឧត្ដមបានបន្ថែមថា អូស្ត្រាលីក៏កំពុងតែសិក្សា និងគ្រោងនឹងបញ្ចប់ការសិក្សា​នៅឆ្នាំ ២០២១ ខាងមុខនេះ នូវគម្រោងថ្មីមួយដែលផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ច សម្រប​សម្រួលវិនិយោគ និងពិពិធកម្មពាណិជ្ជកម្មផងដែរ។

ដើម្បីជាការឆ្លើយតប ឯកឧត្តម ប៉ាន សូរស័ក្ដិ បានថ្លែងអំណរគុណចំពោះការផ្ដល់ព័ត៌មានជូន​ដោយ​ឯកឧត្តមឯកអគ្គរាជទូតអូស្ត្រាលី ក៏ដូចជាចំពោះជំនួយនានាដែលរដ្ឋាភិបាលអូស្ត្រាលី បាន​ផ្ដល់ជូនប្រទេស និងប្រជាជនកម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ថា កម្ពុជា និង​អូស្ត្រាលី ក៏ជាភាគីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនដូចជា កិច្ចព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងអាស៊ាន-អូស្ត្រាលី និងនូវែល​សេឡង់ (AANZ) ហើយកម្ពុជា និងអូស្ត្រាលី នឹងសហការណ៍គ្នាដើម្បីជំរុញការបញ្ចប់ និងអនុវត្តកិច្ចព្រមព្រៀងទាំងនោះឱ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តមបានស្នើសុំ​ឱ្យ​អូស្ត្រាលី ពិនិត្យលទ្ធភាពជួយបន្ថែមទៀតក្នុងសកម្មភាពរួមមាន លិខិតបទដ្ឋានគតិយុត្ត និងការអភិវឌ្ឍសមាសធាតុផ្សេងៗក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក លិខិតបទដ្ឋានគតិយុត្តនៃច្បាប់ស្ដីពីការប្រកួតប្រជែង ក៏ដូចជាចូលរួមអនុវត្តន៍​នូវអនុ​សាសន៍​នៃយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣។

គួរបញ្ជាក់ផងដែរ កម្ពុជាសំរេចការនាំចេញអង្កររបស់ខ្លួនក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ ​២០២០ បានជាង ​៣០ ម៉ឺនតោន ដែលបរិមាណនេះស្មើនឹងជាង ​៤៨% ​នៃការនាំចេញសរុប របស់​ឆ្នាំ ២០១៩។ ការនាំចេញ ៤ ខែដំបូងមានចំនួន ៣០០,២៥២​ តោន គឺមានកំណើនចំនួន ៤១%​ បើប្រៀបជាមួយ ៤ ខែ ដើមឆ្នាំ ២០១៩ ដែលនាំចេញ បានប្រមាណត្រឹម ចំនួន​ ២១៣,៧៦៣ តោន តែប៉ុណ្ណោះ។ នេះជាកំណើនមួយដែលគួរឲ្យកត់សំគាល់បំផុតរបស់កម្ពុជា ដែលបានសំរេចការនាំចេញមានតួលេខខ្ពស់បំផុតក្នុងរយៈពេល ៤ ខែដើមឆ្នាំ នៃការនាំចេញរបស់កម្ពុជាក្នុងរយៈ ១០ ឆ្នាំចុងក្រោយ៕

ដោយ៖ ស្រីពេជ្រ