ក្រុមហ៊ុន ជប៉ុន ប្ដេជ្ងាចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ

ដោយបានមើលឃើញពីសក្តានុពលយ៉ាងធំធេងរបស់វិស័យកសិកម្មកម្ពុជា ជាពិសេសផលិតកម្មបន្លែ ប៉ុន្ដែនូវខ្វះបច្ចេកទេស បែបនេះហើយទើប ក្រុមហ៊ុន ជប៉ុន មួយចំនួនសហការគ្នា និងប្ដេជ្ងាចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ។

នាថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២០ នេះផងដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ   បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នាស្តីពី “ការអភិវឌ្ឍបន្លែសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ” ជាមួយក្រុមហ៊ុនជប៉ុន Yamato Green Co., Ltd។

ជាមួយគ្នានេះ អនុស្សរណៈនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងអភិវឌ្ឍលើផលិតកម្មបន្លែទាំងការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅបរទេសតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យពីប្រទេសជប៉ុន។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ព្រឹត្តិការនាពេលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ពីឆន្ទ:របស់រាជរដ្ឋាភិបាលជប៉ុនក្នុងការគាំទ្រ និងជួយឧបត្ថម្ភទាំងធនធានថវិកា និងបច្ចេកទេសដើម្បីចូលរួមអភិវឌ្ឍផលិតកម្មបន្លែកម្ពុជាឲ្យមានការរីកចម្រើនសមស្របតាមសេចក្តីត្រូវការទីផ្សារបន្លែ ការចាប់យកកាលានុវត្តភាព ជាពិសេសតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចំពោះគោលបំណងសំខាន់ៗ ខាងលើបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិស័យផលិតកម្មបន្លែកម្ពុជាក្នុងទិសដៅធ្វើទំនើបភាវូបនីយកម្មបន្លែគ្រប់ខ្សែច្រវាក់ផលិតកម្ម ប្រែក្លាយផលិតកម្មបែបលក្ខណ: គ្រួសារ ទៅជាផលិតកម្មបែបកសិ-ឧស្សាហកម្ម ដើម្បីធានាបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពតាមតម្រូវការក្នុងស្រុក និងនាំចេញ។

ទាក់ទិននឹង ឯកសារ MOU ដែលបានចុះហត្ថលេខានាថ្ងៃនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា មានលក្ខណ:គ្រប់គ្រាន់ក្នុងការបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមកយ៉ាងប្រទាក់ក្រឡាក្នុងខ្សែច្រវាក់ផលិតកម្មបន្លែដោយចាប់ផ្តើមពីការដាំ ការថែរក្សា (ទឹក ជី ថ្នាំ ជំងឺ និងសត្វល្អិត) ការប្រមូលផល ការវេចខ្ចប់ ការរក្សាទុកក្នុងទូត្រជាក់ និងការដឹកជញ្ជូនទៅកាន់ទីផ្សារ ការផ្គត់ផ្គង់ធាតុចូល ការស្រាវជ្រាវ និងការផ្សព្វផ្សាយបច្ចេកទេស។ល។

យ៉ាងណាមិញ តាមរយៈ លោក​ Nabeshima Katsuhito ស្ថាបនិក និងជានាយកក្រុមហ៊ុន Yamato Green Co., Ltd របស់ជប៉ុន និងដៃគូពាក់ព័ន្ធក្នុងគម្រោងបានសម្តែងនូវឆន្ទ:យ៉ាងមុតមាំថានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពប្រើប្រាស់សក្តានុពល និងធនធានដែលមានខ្លួនមាន នាំយកបច្ចេកវិទ្យាចុងក្រោយនៃវិស័យផលិតកម្មបន្លែទាំងអំឡុងពេលដាំដុះ  មកអនុវត្តនៅកម្ពុជាដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មបន្លែកម្ពុជា។  ហើយក្រុមហ៊ុនជប៉ុនចំនួន ១០ ផ្សេងទៀត នឹងមកចូលរួមអភិវឌ្ឍគ្រប់ជ្រុងជ្រោយលើខ្សែច្រវាក់ផលិតកម្មបន្លែនេះទៅតាមជំនាញនីមួយៗ ហើយពិតណាស់កសិករជាអ្នកផលិតគឺជាដៃគូមិនអាចខ្វះបានក្នុងការឈានទៅសម្រេចជោគជ័យតាមផែនការនេះ។

បន្ថែមពីនេះ កាលពីពេលកន្លងទៅ លោកក៏ធ្លាប់បានសន្យានឹងចូលរួមគ្នាដោះស្រាយនូវរាល់ចំណុចខ្វះខាត ដែលកសិករកម្ពុជាកំពុងជួបប្រទះ ដោយចូលរួមចែករំលែក បទពិសោធន៍ និងបច្ចេកទេសថ្មីៗ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីផលិតបន្លែមានគុណភាព សុវត្ថិភាព ផ្គត់ផ្គង់បានគ្រប់ គ្រាន់តាមតម្រូវការទីផ្សារពេញមួយឆ្នាំ មានសមត្ថភាពធ្វើការប្រកួតប្រជែង ជាមួយទីផ្សារអន្តរជាតិ និងចុងក្រោយចង់នាំចេញផលិតផលបន្លែកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាកសញ្ញា Made in Cambodia or Product of Cambodia៕

ដោយ៖ ស្រីពេជ្រ