ក្រុមហ៊ុន ១០ របស់ជប៉ុន មានចក្ខុវិស័យជំរុញការដាំដុះបន្លែរបស់កសិករកម្ពុជា ឲ្យមានសមត្ថភាពអាចឈរជើងនៅទីផ្សារអន្ដរជាតិ

ក្រុមហ៊ុន ១០ របស់ជប៉ុន បង្ហាញចក្ខុវិស័យជំរុញការដាំដុះបន្លែរបស់កសិករកម្ពុជា ឲ្យមានសមត្ថភាព អាចឈរជើងនៅលើទីផ្សារអន្ដរជាតិ និងបានចូលរួមចែករំលែក បទពិសោធន៍ និងបច្ចេកទេសថ្មីៗ ទាក់ទងនឹងដាំដុះ កែច្នៃ វេចខ្ចប់បន្លែ។

នេះបើតាមការលើកឡើងរបស់លោក Nabeshima Katsuhito ស្ថាបនិក និងជានាយកក្រុមហ៊ុន ក្រុមហ៊ុន Yamato Green Co., Ltd របស់ជប៉ុន ក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយលោក លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កិច្ចពិភាក្សានេះធ្វើឡើងនៅឯទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នេះ ធ្វើឡើងក្នុងបំណងពិភាក្សាការងារពីគំនិតផ្តួចផ្តើមនៃ ការបង្កើតអនុស្សារណ:យោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍលើអនុវិស័យដំណាំបន្លែសុវត្ថិភាពនៅកម្ពុជា ដោយចាប់ពីការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារបរទេស តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យ និងបច្ចេកទេសក្រោយពេល ប្រមូលផលពីប្រទេសជប៉ុន។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្មកម្ពុជា បាន​ឲ្យដឹងក្នុងកាលៈទេសៈ នៃក្នុងបរិបទកំណើន​សេដ្ឋកិច្ច និងជា​ពិសេស ពិភពលោកកំពុងជួប​នូវវិបត្តិ​ជំងឺឆ្លងកូវីដ-១៩ វាបានផ្តល់ឱកាស​មាស​​ដល់ប្រជា​កសិករ​​​កម្ពុជា ដើម្បីកែប្រែទម្លាប់​ពីការផលិត​សម្រាប់​បម្រើសេចក្ដី​ត្រូវការរបស់ខ្លួន មកជា​ការផលិត​​សម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញ​​តម្រូវការនៃទីផ្សារវិញ ពោលគឺប្រែក្លាយ​ពី “កសិករ ទៅជាកសិ-ពាណិជ្ជករ”។

ឯកឧត្តមបានបញ្ជាក់បន្ដ គម្រោងវិនិយោគលើផលិតកម្មបន្លែនេះ គឺស្របពេលដែលអ្នកបរិភោគកំពុងផ្លាស់ប្តូរឥរិយាបថមកបរិភោគចំណីអាហារ ដែលមានស្តង់ដារប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់។ ដូច្នេះដើម្បីឆ្លើយតប និងបំពេញតម្រូវការនៃបរិបទថ្មីនេះ តម្រូវឱ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធពីគ្រប់ដៃគូពាក់ព័ន្ធតាមអភិក្រម “ រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍ ”។

ជាមួយគ្នានេះ លោក Nabeshima Katsuhito បានលើកឡើងយ៉ាងដូច្នេះថា កសិកម្មកម្ពុជាមានសក្តានុពលយ៉ាងធំធេង ជាពិសេសផលិតកម្មបន្លែ ប៉ុន្តែកម្ពុជាមិនទាន់ប្រើប្រាស់សក្តានុពល និងធនធានដែលមានស្រាប់ ឱ្យអស់លទ្ធភាពនៅឡើយ តាំងពីចំណុចចាប់ផ្តើម ដាំដុះ ថែរក្សា ការពារ ប្រមូលផល លៀងសំអាត វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូន និយាយរួមគឺការអនុវត្តបច្ចេកវិទ្យាចុងក្រោយ ទាំងអំឡុងពេលដាំដុះ និងប្រមូលផលរហូតដល់លើតុសម្រាប់អ្នកបរិភោគ។ បែបនេះហើយទើប ធ្វើឱ្យផលិតផលបន្លែកម្ពុជា មិនអាចផ្គត់ផ្គង់ទីផ្សារ បានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ ឬផ្គត់ផ្គង់បានតាមរដូវលើសពីតម្រូវការធ្លាក់ថ្លៃ និងគ្មានឱកាសធ្វើការប្រកួតប្រជែងកម្រិតអន្តរជាតិបាន។

លោកបានបន្ដថា «បន្ទាប់ពីឃើញពីចំណុះខ្វះខាតទាំងអស់នេះ ក្រុមហ៊ុនជប៉ុនចំនួន ១០ ថាសន្យា ថានឹងចូលរួមគ្នាដោះស្រាយនូវរាល់ចំណុចខ្វះខាត ដែលកសិករកម្ពុជាកំពុងជួបប្រទះ ដោយចូលរួមចែករំលែក បទពិសោធន៍ និងបច្ចេកទេសថ្មីៗ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីផលិតបន្លែមានគុណភាព សុវត្ថិភាព ផ្គត់ផ្គង់បានគ្រប់ គ្រាន់តាមតម្រូវការទីផ្សារពេញមួយឆ្នាំ មានសមត្ថភាពធ្វើការប្រកួតប្រជែង ជាមួយទីផ្សារអន្តរជាតិ និងចុងក្រោយចង់នាំចេញផលិតផលបន្លែកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាកសញ្ញា Made in Cambodia or Product of Cambodia»។

ជាចុងក្រោយ លោករដ្ឋមន្រ្ដីបានសម្តែងក្ដីរីករាយហើយមានក្តីសង្ឃឹមថា នឹងទទួលបាននូវបច្ចេកវិទ្យាថ្មីៗ សម្រាប់អភិវឌ្ឍវិស័យផលិតកម្មបន្លែនៅកម្ពុជា នាពេលអនាគត និងជឿជាក់ថា គម្រោងដ៏មានអត្ថប្រយោជន៍មួយនេះនឹងទទួលបានជោគជ័យហើយទទួលបានភាពជាម្ចាស់ ក្នុងការផលិត ផ្គត់ផ្គង់ និងឈានទៅធ្វើការនាំចេញបន្លែ ទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាក «ផលិតផលកម្ពុជា»៕

ដោយ៖ ស្រីពេជ្រ