ក្រុមហ៊ុន Huawei បង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគនៅ កម្ពុជា

កាលពីថ្មីៗ នេះ ក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យា Huawei បានសម្ដែងពីការចាប់អារម្មណ៍ ចង់វិនិយោគលើគម្រោងជាច្រើនក្នុងប្រទេស កម្ពុជា  ទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាតាមអនឡាញដើម្បីផ្តល់សេវាសាធារណៈ តាមរយៈបទបង្ហាញរបស់ខ្លួនដែលលើកឡើងអំពីសមិទ្ធផលសម្រេចបានសំខាន់ៗរបស់ក្រុមហ៊ុនដែល បានធ្វើប្រតិបត្តិការនៅប្រទេសចិន។ នេះបើយោងតាម លោក YAO Yuya នាយកប្រតិបត្តិក្រុមហ៊ុន Huawei Technology (Cambodia) Co., Ltd. ប្រចាំកម្ពុជា។

ការលើកឡើងរបស់លោក YAO Yuya បានធ្វើឡើងនាថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២០ បន្ទាប់ពីបានទទួលជួបពិភាក្សាការងារជាមួយ លោក ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញ ពាក់ព័ន្ធផងដែរ។

ក្នុងនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឱ្យលោក YAO Yuya ចូលរួមសហការជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈរបស់ក្រសួង ដើម្បីស្វែងយល់វិស័យសំខាន់ៗដែលក្រុមហ៊ុន HUAWEI អាចផ្តល់ការគាំទ្រឯកទេសបាន។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនអំពីការប្រើប្រាស់ប្រព័ន្ធព័ត៌មាន វិទ្យានៃបដិវត្តឧស្សាហកម្មជំនាន់ ៤.០ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកម្ពុជា ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព ដែលក្នុងនោះរួមមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មការចុះបញ្ជីយានយន្ត ការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត កម្មវិធីថែទាំផ្លូវROAD CARE Mobile App ជាដើម។

បន្ថែមពីនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីអត្ថប្រយោជន៍នៃការដាក់ឱ្យប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយសារជង្ហុកសំបុកមាន់ និងផ្លូវខូច ព្រមទាំងជួយឱ្យប្រជាពលរដ្ឋធ្វើដំណើរលើប្រព័ន្ធបណ្តាញផ្លូវប្រកបដោយសុវត្ថិភាព ការប្រើ ប្រាស់ជញ្ជីងថ្លឹងរថយន្តដោយស្វ័យប្រវត្តិបង្កប់នៅក្នុងដី (Weighs in motion) និងកាំមេរ៉ាចាប់ល្បឿន រថយន្តសំដៅធានាកុំឱ្យមានរថយន្តដឹកទំនិញលើសកម្រិតកំណត់។

ដោយឡែក ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវផងដែរ អំពីការត្រៀមដាក់ឲ្យប្រើប្រាស់ឧបករណ៍ តាមដានល្បឿនបើកបររបស់អ្នកបើកបរ និងតម្រាយផ្លូវធ្វើដំណើរ ប្រមាណ១២០គ្រឿងរបស់ក្រុមហ៊ុន Baidu ដែលអាចបំពាក់នៅតាមរថយន្តដឹកទំនិញធំៗ តាមរយៈក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋប្រជា មានិតចិន ដើម្បីធ្វើឱ្យប្រសើរឡើងដល់សុវត្ថិភាពចរាចណ៍។

លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវអំពីគម្រោងប្រើប្រាស់ Block Chainរបស់ ក្រសួង ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញក្នុងការបំពេញការងារ និងក្លាយជាក្រសួងឈានមុខគេក្នុងការ ប្រើប្រាស់ក្រដាសស្នាមតិចតូច(Paperless) ដើម្បីពន្លឿនលំហូរការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ ស្រីពេជ្រ