គម្រោងវារីអគ្គិសនីថ្មីមួយទៀតកម្លាំង ១៥០ មេហ្កាវ៉ាត់ នឹងត្រូវបោះទុនវិនិយោគនៅខេត្តកោះកុង ក្នុងពេលឆាប់ៗ នេះ

ខេត្ដកោះកុងនឹងត្រៀមស្វាគមន៍ គម្រោង​ទំនប់​វារីនៅអគ្គិសនី​ថ្មីមួយទៀត ដែលមានអានុភាព ១៥០មេហ្គាវ៉ាត ប្រសិនបើការសិក្សាត្រូវបានបង្ហាញថាគ្មានផលប៉ះពាល់ទៅដល់តំបន់ដែលនៅជុំវិញ។

បច្ចុប្បន្ននេះ គម្រោង​ទំនប់​វារីនៅអគ្គិសនី​ថ្មីនៅខេត្ត កោះកុង កំពុងត្រូវបានសិក្សាយ៉ាងយកចិត្តទុកដាក់ទៅលើផលប៉ះពាល់​បរិស្ថាន និង​សង្គម ​ខណៈ​ការសិក្សាគ្រោងនឹងបញ្ចប់​ឆាប់ៗ​នេះ ដើម្បី​ឈាន​ដល់​ការវិនិយោគ និងបើកការសាងសង់​។

តាមរយៈលោក សុខ សុទ្ធី អភិបាលរង​ខេត្តកោះកុង​ ថ្លែងប្រាប់ឲ្យដឹង​ថា ​៖ «​យើង​បាន​ធ្វើការ​សិក្សា​ផលប៉ះពាល់​សម្រាប់​គម្រោង​នេះ​លើ​ឃុំ​ចំនួន​ ២ ​គឺ​ឃុំ​ឫស្សីជ្រំ និង​ឃុំ​តាតៃលើ ស្ថិត​ក្នុង​ខេត្ត​កោះកុង ​ហើយពេលនេះសម្រេចបាន ៨០ ​ភាគរយ​ហើយ ដោយ​មិនមាន​ផលប៉ះពាល់ច្រើននោះទេ»។

ទាក់ទិននឹងគម្រោង​ទំនប់​វារីនៅអគ្គិសនីនេះ លោក​ វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពលក៏​បាន​ឲ្យ​ដឹងផងដែរថា ​គម្រោង​ទំនប់​វារីអគ្គិសនី​ស្ទឹង​តាតៃលើកំពុងស្ថិតនៅដំណាក់កាលសិក្សានៅឡើយ ហើយមិនទាន់​ឈាន​ដល់​ការវិនិយោគ​នៅឡើយនោះទេ​។

លោក​បាន​បន្តថា គម្រោង​នេះ​ត្រូវបានអ្នកជំនាញវាយតម្លៃថាមាន​លក្ខណៈ​ល្អប្រសើរ​ដែល​អាច​ផ្តល់​ថាមពល​លើសពី​ ៥០ ​ភាគរយ​នៅ​រដូវប្រាំង​។ ហើយប្រសិនជាសិក្សាទៅឃើញថាគ្មានផលប៉ះពាល់អ្វីនោះទេ គម្រោងវារីអគ្គិសនីអានុភាព ១៥០ មេហ្គាវ៉ាត នេះនឹងត្រូវបានអនុម័តពីរដ្ឋាភិបាល ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៦។

​បន្ថែមពីនេះ លោកក៏បានបន្ដថា កម្ពុជា​អាច​មាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​បាន​ចន្លោះ ៧០ ទៅ ៨០ ​ភាគរយ​ នៃ​តម្រូវការ​ប្រើប្រាស់​សរុប​ក្នុងស្រុក​ ហើយសេសសល់ក្រៅពី​នេះគឺនាំចូល​មកពី​ប្រទេសជិតខាងដែលរួមមានដូចជា ​ឡាវ ថៃ និង​វៀតណាម​។

គួរបញ្ជាក់ ទំនប់​វារីអគ្គិសនី​ថ្មី​នេះ​នឹងត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុនរបស់​ប្រទេស​ចិន China National Heavy Machinery Corporation (CHMC) ​ ​ ក្នុងតម្លៃ​វិនិយោគ ៣៨០ ​លាន​ដុល្លារ​។ ហើយបន្ទាប់ពីសាងសង់រួច គម្រោង​នេះត្រូវបានគេរំពឹងថា ​មិន​ត្រឹមតែអាច​ជួយ​អភិវឌ្ឍ​ខេត្តកោះកុង​ប៉ុណ្ណោះ​ទេ វា​ថែមទាំងជាបណ្ដាញ​ចែកចាយ​ថាមពល​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​កម្ពុជា​នៅពេល​អនាគតផងដែរ៕

ដោយ៖ ស្រីពេជ្រ