គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ២០,៦៥% ខណៈដោះស្រាយផលប៉ះពាល់បាន ៨៨,៨៤%

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០ គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានសម្រេចបាន ២០,៦៥% និងដោះស្រាយផលប៉ះពាល់បាន ៨៨,៨៤%ហើយ គិតត្រឹមខែមេសា ឆ្នាំ២០២០ នេះ។ បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២  ពាន់លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។

លោក គង់ សារាជ បានឱ្យដឹងដែរថា ខេត្តព្រះសីហនុ គឺជាច្រកប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជា ហើយការសាងសង់ផ្លូវល្បឿនលឿននេះ ដើម្បីធ្វើការដឹកជញ្ជូនទំនិញឱ្យបានលឿន ដើម្បីជួយឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចំរើនបន្ថែមទៀត។ បន្ទាប់ពីមានផ្លូវល្បឿនលឿននេះហើយ លោកនឹងធ្វើយ៉ាងណាជំរុញឱ្យខេត្តព្រះសីហនុ មានកំពង់ផែកាន់តែល្អប្រសើរ មានកំពង់ផែទឹកជ្រៅកាន់តែឆាប់រហ័ស ដែលអាចឱ្យកប៉ាល់ដឹកជំនិញធំៗ អាចចូលមកបានផងដែរ។

ដោយឡែក ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភារូបនេះ បានបញ្ជាក់ទៀតថា ការធ្វើផ្លូវល្បឿនលឿន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនេះ គឺមិនមែនធ្វើតែផ្លូវភ្នំពេញ-ព្រះសីហនុមួយនេះនោះទេ គឺនៅមានការធ្វើផ្លូវល្បឿនលឿនផ្សេងៗទៀត ដោយសារនៅលើពិភពលោកនេះ ការដឹកជញ្ជូន គឺមានសារៈសំខាន់ណាស់ បើសិនជាការដឹកជញ្ជូន មិនបានលឿននោះទេ គឺយើងមិនអាចដើរទាន់ការរីកចំរើន នៃសកលលោកបាននោះទេ ដូចនេះហើយទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស គឺត្រូវតែធ្វើយ៉ាងសម្រួលឱ្យការដឹកជញ្ជូនបានលឿន។

គួរបញ្ជាក់ដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ត្រូវបានបើកការដ្ឋានសាងសង់ នាថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២០ ដោយរយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងនឹងបញ្ចប់ការសាងសង់មុនពេលកំណត់ នាចុងឆ្នាំ២០២២ នេះ ៕

ដោយ៖ ស្រីពេជ្រ