គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ នឹងប្រែក្លាយខេត្តនេះទៅជាតំបន់អភិវឌ្ឍន៍ពហុជាតិសាសន៍ ដ៏មានសក្ដានុពលសម្រាប់កម្ពុជា

ខេត្ត​ព្រះសីហនុ ដែលជា​ប៉ូល​សេដ្ឋកិច្ច​មួយ​ដ៏​មាន​សក្ដានុពល​របស់​ក​ម្ពុ​ជា ត្រូវបានគេមើលឃើញថា នឹង​ក្លាយទៅជា​ខេត្ត​អភិវឌ្ឍន៍​ពហុ​ជាតិ​សាសន៍ លើ​គ្រប់​វិស័យ​នាពេលខាងមុខ ក្រោយពេល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​នៅ​ទីនោះ​ត្រូវបាន​ស្ថាបនា​រួចរាល់​។​

ឆ្លៀតក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និង​ក្រុមការងារ​បច្ចេកទេស​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង ក្នុង​ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃទី​ ០១ ខែ មិថុនា ​ឆ្នាំ ​២០២០ នៅ​សាលាខេត្ត​ព្រះសីហនុ សម្ដេច​តេ​ជោ​បាន​លើកឡើងថា មូលហេតុដែលខេត្ត​ព្រះសីហនុ បានក្លាយ​ទៅជា​ក្រុង​អភិវឌ្ឍន៍​ពហុ​ជាតិ​សាសន៍ ដោយសារ​ក្នុងនោះ មាន​ប្រទេស​ជប៉ុន​ជួ​យក​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ ប្រទេស​បារាំង​អភិវឌ្ឍ​អាកាសយានដ្ឋាន ប្រទេស​ចិន និង​ម៉ាឡេស៊ី​អភិវឌ្ឍ​រោងចក្រ​ថាមពល​អគ្គិសនី និង​ក្រុមហ៊ុន​ជាច្រើន​ទៀត សាងសង់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​។​

បន្ថែមពីនេះ សម្ដេចក៏បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងនោះជប៉ុន​បានផ្តល់​ហិរិ​ញ្ញ​ប្ប​ទាន និង​ជួយ​យើង​ឱ្យ​ពង្រីក​កំពង់ផែ​ទឹក​ជ្រៅ​ខេត្ត​ព្រះសីហនុ ដែល​នេះ​ខ្ញុំ​បាន​និយាយ​ជាមួយ​នាយករដ្ឋមន្ត្រី ហ្ស៉ី​ន​ហ្សូ អា​បេ ឱ្យ​បន្ត​ការខិតខំ ដើម្បី​ធ្វើ​យ៉ាងម៉េច​ឱ្យ​កំពង់ផែ​របស់​យើង​នេះ ក្លាយជា​កំពង់ផែ​ទឹក​ជ្រៅ ដែលមាន​ជម្រៅ ១៤​ម៉ែត្រ​កន្លះ ឱ្យបាន​ឆាប់​បំផុត ដើម្បី​ចៀសវាង​ការដឹកជញ្ជូន ដែល​ត្រូវ​ផ្ទេរ​នៅ​សិង្ហបូរី ឬ​ផ្ទេរ​នៅ​វៀតណាម រួចហើយ​ទើប​ចូលមក​កម្ពុជា។

ដោយឡែក កា​វិនិយោគ​អាកាសយានដ្ឋាន ឥឡូវ​កំពុង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​វ៉ាង​ស៊ី​របស់​បារាំង ហើយ​នៅក្នុង​ឆ្នាំ​២០២០​នេះ ផ្លូវ​រត់​ចម្ងាយ ៣ ៨០០​ម៉ែត្រ នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​នៅ​ឆ្នាំ​២០២០ នេះឯង​។ ឯ​ស្ថានីយ៍​ទទួល​អ្នកដំណើរ គាត់​ប្តេជ្ញា​ថា​នឹង​ធ្វើឱ្យ​រួច​នៅ​ឆ្នាំ​២០២២​។

ស្របពេលរោងចក្រ​អគ្គិសនី​មាន​យ៉ាងច្រើន​នៅទីនេះ ត្រូវបាន​បង្កើត​ដោយ​ក្រុមហ៊ុន​ម៉ាឡេស៊ី និង​ក្រុមហ៊ុន​ចិន ដែល​បញ្ចេញ​ថាមពល​ទៅ​ផ្គត់ផ្គង់​នៅ​រាជធានី​ភ្នំពេញ និង​ទូទាំងប្រទេស ដែល​ឥឡូវ​បរិមាណ​ប្រមាណ​ជា ១​ពាន់​មេ​ហ្កា​វ៉ា​ត់ ហើយ​យើង​នឹងត្រូវ​បន្ថែម​ជា​បន្តបន្ទាប់​ទៀត​ដូច​ការសិក្សា​។ នេះ​ជា​រោងចក្រ​អគ្គិសនី ដើរ​ដោយ​ថាមពល​ធ្យូងថ្ម​។ ជាមួយគ្នានេះដែរ បណ្ដា​សណ្ឋាគារ និង​ភោជនីយដ្ឋាន​នានា ត្រូវបាន​វិនិយោគ​ដោយ​ច្រើន​ជាតិ​សាសន៍​​។​

ជាមួយគ្នានេះ សម្តេចតេជោហ៊ុន សែនបានអះអាងបន្ដថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តព្រះសីហនុ ក៏ដើម្បីកែប្រែខេត្តនេះ ឲ្យក្លាយជាប៉ូលទី២នៃច្រកសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ទំាងវិស័យទេសចរណ៍ និងការវិនិយោគផងដែរ។

គួរបញ្ជាក់ផងដែរ​ ផ្លូវទំាង ៣៤ ខ្សែដែលមានប្រវែង​សរុប​ចំនួន ៨២,១៤៥ គីឡូម៉ែត្រក្នុងខេត្តព្រះសីហនុនេះ ចំណាយថវិកាក្នុងការសាងសង់អស់ប្រមាណជាង ៣០០ លានដុល្លារ ។ ចំពោះគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងសាងសង់គឺដើម្បីជំរុញការលើកកម្ពស់សោភ័ណភាពខេត្តនេះ ឲ្យកាន់តែស្រស់ស្អាត ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ៕

ដោយ៖ ស្រីពេជ្រ