គម្រោងអភិវឌ្ឍន៍ទីក្រុងរណបវ័យឆ្លាត វឌ្ឍនៈ វីល នឹងលេចវត្តមាននៅទីក្រុងភ្នំពេញ លើផ្ទៃដីជាង ១០០០ ហិកតា

តាមរយៈការប្រកាសរបស់ ក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី នាថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២០ កន្លងទៅ គម្រោងអភិវឌ្ឍន៍ទីក្រុងរណបឆ្លាតវៃ និងមេត្រីភាពបរិស្ថាន (smart eco-satellite city) នៅទីក្រុងភ្នំពេញ ដែលមានឈ្មោះថា វឌ្ឍនៈ វីល នឹងត្រៀមលេចវត្តមានក្នុងទីក្រុងភ្នំពេញនាពេលឆាប់ៗ ខាងមុខនេះហើយ នៅលើផ្ទៃដីសរុបប្រមាណជាង ១០០០ ហិកតា។

សម្រាប់គម្រោងលំនៅឋានដ៏ស្អាតប្រណីតនេះនឹងមានអមទៅដោយរុក្ខវិថី មន្ទីរពេទ្យអន្តរជាតិដ៏ជំនាញ អគារពាណិជ្ជកម្មទំនើបធំៗ ការិយាល័យដ៏មានផាសុកភាព មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ដ៏សម្បូរបែប ឧទ្យាន ទីលានវាយកូនហ្គោលកម្រិតស្តង់ដារ ប៉ុស្តិ៍ប៉ូលីស ស្ថានីយពន្លត់អគ្គិភ័យ និងជាពិសេស ថែមទាំងមានសាលារៀនអន្តរជាតិដ៏ល្បី The King’s School របស់ចក្រភពអង់គ្លេសទៀតផង។

មែនទែនទៅ គម្រោងនេះបង្កើតឡើងក្នុងគោលបំណងដើម្បីផ្ដល់ជូននូវសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តយ៉ាងប្រណីត និងសម្បូរបែបដែលពុំធ្លាប់មានពីមុនមក អមជាមួយនឹងការនាំយកមកនូវបទពិសោធន៍ថ្មីៗនៃសេវាសាធារណៈសំខាន់ៗ ជាច្រើន សម្រាប់ឆ្លើយតប នឹងតម្រូវការគ្រប់បែបយ៉ាងទាំងអស់ក្នុងការរស់នៅតាមបែបសហគមន៍ដ៏ស៊ីវិល័យនិងជឿនលឿន។

ដោយឡែក ដើម្បីនាំមកនូវភាពស្អាតប្រណីត និងគុណភាពជាប់បានយូរអង្វែង គម្រោងមួយនេះក៏បានសហការជាមួយក្រុមហ៊ុនស្ថាបត្យកម្ម វិស្វកម្ម រចនា ក្រុមហ៊ុនទីប្រឹក្សានិងអ្នកជំនាញលំដាប់ពិភពលោកជាច្រើនដែលរួមមាន៖ ក្រុមហ៊ុនស្ថាបត្យកម្ម Kohn Pedersen Fox Associates, ក្រុមហ៊ុន PLandscape អ្នកជំនាញស្ថាបត្យកម្មផ្នែកទេសភាពសម្រាប់គម្រោង រមណីយដ្ឋាន សណ្ឋាគារ និងលំនៅឋានបែបប្រណីត, ក្រុមហ៊ុនស្ថាបត្យកម្ម Ronald Lu & Partners , ក្រុមហ៊ុនទីប្រឹក្សាអន្តរជាតិផ្នែកវិស្វកម្មនិងការអភិវឌ្ឍន៍ Mott Macdonald, ក្រុមហ៊ុនរចនាតុបតែងផ្នែកខាងក្នុងអគារ Steven Leung Design, ក្រុមហ៊ុន Eight Partnership អ្នកជំនាញរចនានិងប្រឹក្សាយោបល់លើម៉ាក ជាដើម។

សូមបញ្ជាក់ ក្រុមហ៊ុន វឌ្ឍនៈប្របភើធី គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនលើវិស័យសំខាន់ៗ ដូចជា៖ វិស័យធនាគារ, វិស័យអចលនទ្រព្យ, វិស័យបដិសណ្ឋារកិច្ច វិស័យម្ហូបអាហារ, វិស័យទំនិញ-សេវាកម្ម ព្រមទាំងមានគម្រោងវិនិយោគធំៗ ចំនួន ២ គឺគម្រោងរោងចក្រស្រាបៀរ វឌ្ឍនៈ ប្រូវើរី (Vattanac Brewery) និងគម្រោងទីក្រុងរណបថ្មី វឌ្ឍនៈវីល នេះផ្ទាល់តែម្ដង៕

ដោយ៖ ស្រីពេជ្រ