គម្រោង ជីប ម៉ុង ថៅវើ សម្រេចសាងសង់បាន ៣៩% ខណៈរំពឹងដាក់ឱ្យដំណើរការដើមឆ្នាំ ២០២២ ខាងមុខ

បើទោះបីជាមានការរំខានពីជំងឺ កូវីត ១៩ ក៏ដោយ តែគម្រោងអគារជីប ម៉ុង ថៅវើ ត្រូវបានរាយការណ៍ថាសម្រេចការសាងសង់បាន៣៩% ហើយ ខណៈរំពឹងដាក់ឱ្យដំណើរការដើមឆ្នាំ ២០២២ ខាងមុខ។

អាគារដែលមានទីតាំងស្ថិតនៅម្តុំស្ពានអាកាសសាលាតិចណូ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក មានកម្ពស់ ៤៥ ជាន់ ជីប ម៉ុង ថៅវើ ត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់អស់ប្រមាណជិត២០០លានដុល្លារ និងត្រូវបានគេរំពឹងថានឹងក្លាយជាសំណង់អគារប្រវត្តិសាស្ត្រសម័យទំនើបកណ្តាលបេះដូងនៃរាជធានីភ្នំពេញ បន្ទាប់ពីសាងសង់រួចរាល់។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអគារពាណិជ្ជកម្មចម្រុះជីប ម៉ុង ថៅវើ និង​ក្រុម​ហ៊ុនកូមិនខ្មែរសម្រាប់ការ​ម៉ៅការការងារប្រព័ន្ធមេកានិក ទឹក​និង​ភ្លើងកាល​ពីព្រឹកថ្ងៃទី៣​ខែ​មិថុ​នា​ លោកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន​ ជីប​ ម៉ុង បាន​មានប្រសាសន៍ថា​៖ “អគារ ជីប ម៉ុង ថៅវើ ត្រូវបានសាងសង់លើផ្ទៃដីទំហំ៨០០០ម៉ែត្រការ៉េ ដែលមានតម្លៃ៥០លានដុល្លារ និងតួអគារទាំងមូលដែលមានផ្ទៃជាង១០ម៉ឺនម៉ែត្រការ៉េ ត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ១៥០លានដុល្លារនិងមានចំនួន៤៥ជាន់។

លោកឧញ៉ា ក៏បានបន្ដទៀតថា ក្រុមហ៊ុន ជីប ម៉ុង នឹងបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចមួយឲ្យរឹងមាំ បើ​ទោះ​បី​ស្ថិត​ក្នុង​អំឡុងពេល​ដែល​សេដ្ឋកិច្ចពិភពលោកកំពុង​​ប្រឈម​នឹង​​​​វិបត្តិ​​​ដោយ​សារ​វីរុស​​កូវីដ-១៩​ក៏​​ដោយ។

ជាមួយគ្នានេះ ២០ ជាន់ ក្នុងអគារធ្វើឡើងសម្រាប់ជាសណ្ឋាគារលំដាប់ផ្កាយបី Fairfield by Marriott Phnom Penh, ១០ជាន់សម្រាប់ការិយាល័យ ៥ ជាន់សម្រាប់មណ្ឌលផ្សារទំនើប ជីប ម៉ុង, ៩ជាន់សម្រាប់ចំណតរថយន្ត និងជាន់ក្រោមដី។ ។

បន្ថែមពីនេះ លោក Michael Vong នាយកផ្នែកមណ្ឌលផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា៖ “មណ្ឌលផ្សារទំនើប ជីប ម៉ុង ដែលនឹងមានវត្តមានក្នុងអគារ ជីប ម៉ុង ថៅវើ នឹងមានផលិតផលផ្សេងៗជាច្រើន ផ្សារទំនើប ភោជនីយដ្ឋាន ហាងកាហ្វេ និងពាណិជ្ជកម្មយីហោល្បីៗថ្មីៗជាច្រើនទៀត ដែលនឹងផ្ដល់បទពិសោធន៍នៃការទិញទំនិញបែបថ្មី និងសម្បូរបែបជូនដល់អតិថិជនផងដែរ”។

គួរបញ្ជាក់ផងដែរថា បើសិនជាគ្មានការប្រែប្រួលនោះទេ អគារដ៏ប្រណិតមួយនេះនឹងបើកឲ្យដំណើរការក្នុងឆ្នាំ ២០២២ នាពេលខាងមុខទៅតាមផែនការដែលបានគ្រោងទុក​ បន្ទាប់ពីសាងសង់រួច៕

ដោយ៖ ស្រីពេជ្រ

SHARE