គិតត្រឹមខែមិថុនានេះ ផលស្រូវនារដូវវស្សាទូទាំងប្រទេស សម្រេចបានជាង ១.៣ លានហិកតា ខណៈការនាំចេញកសិផលមានជាង ៣ លានតោន

បន្ទាប់ពីរដូវវស្សាបានឈានចូលមកដល់ ប្រជាកសិករនៅតែប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ទៅលើការបង្កបង្កើនផលស្រូវរបស់ខ្លួនដូចសព្វដង។ ហើយគិតមកត្រឹម ខែ មិថុនា ឆ្នាំ ២០២០ នេះ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេស ត្រូវបានរាយការណ៍ថា សម្រេចបានប្រមាណ ជាង ១ លានហិកតា។

មែនទែនទៅ បើយោងតាមប្រសាសន៍របស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា ត្រឹមថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចបាន ១,៣៧៦,៤៥៨ ហិកតា ស្មើនឹង ៥៣.១៨% នៃផែនការចំនួន ២,៥៨៨,១៣០ ហិកតា។

ក្នុងនោះផងដែរ ការបង្កបង្កើនផលស្រូវរដូវវស្សានៅទូទាំងប្រទេសមាន ស្រូវស្រាលចំនួន ៤៩១,០៩០ហិកតា, ស្រូវកណ្តាលចំនួន ៥៩៤ ៩២២ ហិកតា ស្រូវធ្ងន់ចំនួន ២៤៧ ៤១៣ ហិកតា, ស្រូវចម្ការចំនួន ១១ ៧១៧ ហិកតា ស្រូវឡើងទឹកចំនួន ៣១ ៣១៦ ហិកតា។

បន្ថែមពីនេះ សម្រាប់ដំណាំឧស្សាហកម្មវិញការបង្កបង្កើនផល សម្រេចបាន ៥៥៤ ១៥១ ហិកតា ស្មើនឹងផែនការ ៨៧៥ ២០០ ហិកតា ក្នុងនេះមាន៖ ពោតក្រហម ៧៨ ៣៣៦ ហិកតា, ដំឡូងមីចំនួន ៤៣៨ ២១៧ ហិកតា សណ្តែកបាយចំនួន ១៣ ៥២៦ ហិកតា សណ្តែកដីចំនួន ៣ ២៩០ ហិកតា, សណ្តែកសៀងចំនួន ១ ២៣១ ហិកតា និងអំពៅចំនួន ៩ ៩៧៧ ហិកតា ។

ចំពោះការនាំចេញផលិតផលកសិកម្មវិញ ក្រសួងបានពិនិត្យឃើញថា ក្នុងរយៈពេលជាង ៥ ខែ មកនេះ មានការកើនឡើងល្អប្រសើរ លើកលែងតែម្សៅដំឡូងមីតែប៉ុណ្ណោះ។ ចំពោះបរិមាណនៃការនាំចេញសរុប សម្រេចបាន ៣,២៤១,៥២៩ តោន ដែលក្នុងនេះមានផលិតផលសំខាន់ៗមួយចំនួនដូចជា អង្ករ សម្រេចបាន ៣៨៨ ៨២៧ តោន ទៅកាន់ ៥៥ ប្រទេស។ ចំពោះស្រូវ សម្រេចបាន ៩៤៦ ៦៥១ តោន ទៅកាន់ប្រទេសវៀតណាម (ក្រៅផ្លូវការ)។ រីឯ គ្រប់ស្វាយចន្ទី សម្រេចបាន ១៩៣ ២០០ តោន។

ជាមួយគ្នានេះ ចេកស្រស់ សម្រេចបាន ១២៩ ៦៦២ តោន ទៅកាន់ប្រទេស ចិន វៀតណាម និងជប៉ុន ។ ខណៈក្រូចថ្លុង សម្រេចបាន ៩ ៩០០ តោន ទៅកាន់ប្រទេសថៃ ។ ហើយដំណាប់ស្វាយ សម្រេចបាន ៤ ០៣០ តោន។  ស្របពេលដែល ម្សៅដំឡូងមី សម្រេចបាន ១១ ០៩៦ តោន ស្វាយស្រស់ ៤៥ ៨៩៩ តោន និង ម្រេច ប្រមាណ ២ ៧៩៦ តោន។

គួររំលឹកផងដែរ ទីផ្សារនាំចេញសំខាន់ៗ របស់ កម្ពុជា សម្រាប់ ផលិតផលទាំងអស់នេះ រួមមានដូចជា ចិន អាមេរិច វៀតណាម ជប៉ុន រុស្សី ហុងកុង ថៃ ប៊ែលហ្សិក ហូឡង់ បារាំង អាល្លឺម៉ង់ ស្វីស អង់គ្លេស ឥណ្ឌា បេឡារូស  កូរ៉េ ឆេក, ណូវែហ្សែឡង់ និងប្រទេសអូស្ត្រាលីជាដើម៕

ដោយ៖ ស្រីពេជ្រ