គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២០ ធនាគារអេស៊ីលីដាទទួលបានប្រាក់ចំណេញសុទ្ធ ៣៤ លានដុល្លារ

ប្រាក់ចំណេញសុទ្ធរបស់ធនាគារអេស៊ីលីដា នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២០  នេះ ត្រូវបានរាយការណ៍ថា សម្រេចបានចំនួន ១៣៦.៤៦ ពាន់លានរៀល ដែលស្មើរនឹង  ៣៤ លានដុល្លារអាមេរិក ។

ក្នុងនោះផងដែរ សម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២០ ធនាគារអេស៊ីលីដា ភីអិលស៊ី ទទួលបានចំណូលពីការប្រាក់សរុប ៥១៩.១២ ពាន់លានរៀល (១២៩,៧៨ លានដុល្លារ) កើនឡើង ១០.៦៣ ភាគរយ និងប្រាក់ចំណេញសុទ្ធ ១៣៦.៤៦ ពាន់លានរៀលស្មើនឹង ៣៤ លានដុល្លារគឺជាការកើនឡើង ១៧.៣ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ។

គិតត្រឹមដំណាច់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០ នេះ ធនាគារអេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួន ២៥.០១ លានលានរៀលថយចុះ ១៥៣.៤១ ពាន់លានរៀលស្មើនឹងការធ្លាក់ចុះ ០.៦១ ភាគរយ និងមូលធនសរុប ៣.៩៤ ពាន់ពាន់លានរៀលកើនឡើង ៤.៨៦ ពាន់លានរៀលស្មើនឹង ០.១២ ភាគរយ។

ជាមួយគ្នានេះ យោងតាមការបញ្ជាក់របស់ លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិ និងជាប្រធានគណៈកម្មការហិរញ្ញវត្ថុធនាគារអេស៊ីលីដា បានឲ្យដឹងថា កាលពីឆ្នាំ ២០១៩ កន្លងទៅ ធនាគារ អេស៊ីលីដា ប្រាក់ចំណេញសុទ្ធរបស់ធនាគារអេស៊ីលីដា នៅឆ្នាំ ២០១៩ កន្លងទៅ សម្រេចបានចំនួន ១២០ លានដុល្លារអាមេរិក ដែលកើនឡើងប្រមាណ ១.៣ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ ដែលបង្ហាញឲ្យឃើញពីភាពរីកចម្រើន និងមានលក្ខណៈកាន់តែប្រសើរជាងមុនរបស់ធនាគារមួយនេះ។

ដោយឡែក អនុប្រធានប្រតិបត្តិ និងជាប្រធានហិរញ្ញវត្ថុ ធនាគារអេស៊ីលីដា លោក Mar Amara បានលើកឡើងថា ការកើនឡើងនៃប្រាក់ចំណេញសុទ្ធនេះ ភាគច្រើនបានមកពីការកើនចំណូលការប្រាក់ចំនួន ៤៩,៩ ពាន់លានរៀល (១២,៤៧ លានដុល្លារអាមេរិក) ពោលគឺកើនឡើង ១០,៦៣ ភាគរយបើប្រៀបធៀបទៅនឹងត្រីមាសទី ១ នៃឆ្នាំ ២០១៩។

កាលពីចុងខែ ឧសភា នេះ ធនាគារអេស៊ីលីដា ក៏បានសម្រេចចូលទៅគោះជួងនៅក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីបោះផ្សាយលក់មូលបត្ររបស់ខ្លួនជាផ្លូវការ និងទទួលបានប្រាក់ប្រហែល ១៧.៦ លានដុល្លារ ជាមួយនឹងការបោះផ្សាយមូលបត្រលក់ជាលើកដំបូង (IPO) ចំនួន ៤.៣៤៤.៨៦៥ នៅក្នុងទីផ្សារ។ ហើយការជួញដូរ​ភាគហ៊ុន​របស់ ​អេស៊ីលីដា ក៏ហាក់ដូចជាមានសន្ទុះ  និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់វិនិយោគគិន ក៏ដូចជាសាធារណៈជនត្រឹមតែរយៈពេល ៤ ថ្ងៃដំបូងប៉ុណ្ណោះ។

គួរបញ្ជាក់ឲ្យដឹងផងដែរ ធនាគារ អេស៊ីលីដា បានក្លាយជាក្រុមហ៊ុនចុះបញ្ជី​មូលបត្រកម្មសិទ្ធិទី ៦ និងជាធនាគារពាណិជ្ជ​ដំបូងគេបង្អស់ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅ​ផ្សារមូលបត្រ​កម្ពុជា។ ខណៈបច្ចុប្បន្ន មាន​ក្រុមហ៊ុន​ចុះបញ្ជី​សរុប ១២ ក្នុង​ចំណោម​នោះ​ក្រុមហ៊ុន ៦ ​បោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ និង​ក្រុមហ៊ុន ៦ ​ផ្សេង​ទៀត​បោះផ្សាយ​សញ្ញា​បណ្ណ​សាជីវកម្ម​។ ក្រុមហ៊ុន ១២ ​នេះ​បាន​ប្រមូល​មូលនិធិ​ប្រហែល ២៤០ ​លាន​ដុល្លារ និង​សន្ទស្សន៍​ភាគហ៊ុន​បាន​កើនឡើង​ជាង ៥៧ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៩ ធៀប​នឹង​ឆ្នាំ​ ២០១៨​៕

ដោយ៖ ស្រីពេជ្រ