ងើបចេញពីសុបិន ទើបអ្នករកឃើញសេចក្ដីពិតនៃភាពជោគជ័យ

មនុស្សជាច្រើនកំពុងតែស្រមៃទាំងយប់ទាំងថ្ងៃ ថាខ្លួនមានអ្វីៗគ្រប់យ៉ាងដែលខ្លួនប៉ងប្រាថ្នា។ ពួកគេតែងស្រមៃថា​ ថ្ងៃណាមួយ ពួកគេនឹងក្លាយជាម្ចាស់ក្រុមហ៊ុនដ៏ធំជាងគេនៅក្នុងប្រទស។ ថ្ងៃណាមួយ ពួកគេនឹងមានផ្ទះដ៏ធំស្កឹមស្កៃ មានឡានដ៏ទំនើបផុតគេ មានគ្រួសារដ៏កក់ក្ដៅមួយ។ សំនួរសួរថា តើថ្ងៃនោះនឹងកើតឡើងនៅពេលណា? នេះជាសំនួរដែលតែងតែគ្មានចម្លើយសម្រាប់អ្នកដែលចូលចិត្តសុបិន។

តើការយល់សុបិនចង់បាននេះ ចង់បាននោះជារឿងខុសឆ្គងឬ?

ចម្លើយ មិនខុសទេ ហើយក៏វាជារឿងដែលត្រឹមត្រូវណាស់។ មនុស្សម្នាក់ៗគឺតម្រូវឲ្យចេះសុបិន ព្រោះសុបិនចង់បានអ្វីមួយ ជាសញ្ញាណចាប់ផ្ដើមនៃការបង្កើតថ្មី និងបង្កើតចំណង់ រួមទាំងមហិច្ឆិតាផងដែរ។ ប៉ុន្ដែវានឹងក្លាយជាបញ្ហា នៅពេលដែលមនុស្សបញ្ចប់ភាពស្កប់ស្កល់របស់ខ្លួន ត្រឹមតែការយល់សុបិន​ដែលជាខ្យល់ ឬគ្រាន់តែជាចំហាយនៃសេចក្ដីពិត។

តើបម្លែងសុបិនទៅជាការពិតបានដោយរបៀបណា?

នៅពេលដែលមានសុបិនហើយ អ្វីដែលអ្នកត្រូវធ្វើបន្ដទៀតគឺ បម្លែងសុបិន ឲ្យក្លាយជាគោលដៅ។ អ្នកត្រូវដឹងថា សុបិន វាគ្រាន់តែជាការចង់បាន ដែលមិនតម្រូវឲ្យអ្នកធ្វើសកម្មភាពអ្វីទាំងអស់ ពោលគឺអ្នកគ្រាន់តែគិត មិនកម្រើកម្រាមដៃ ក៏អ្នកអាចមើលឃើញភាពជោគជ័យរបស់អ្នកបានដែរ។ ប៉ុន្ដែ បើវាគោលដៅវិញ គឺដាច់ខាតតម្រូវឲ្យអ្នកធ្វើសកម្មភាពឆ្ពោះទៅរកគោលដៅដែលអ្នកចង់បានទាំងនោះ។ បើមានគោលដៅ តែគ្មានសកម្មភាព នោះវាគ្រាន់តែជាសុបិនតែប៉ុណ្ណោះ។

តើនៅពេលដែលមានគោលដៅហើយ ត្រូវធ្វើអ្វីបន្ដ?

ចម្លើយ គឺរៀបចំផែនការ សកម្មភាព។ បើអ្នកមានគោលដៅហើយ អ្នកដាច់ខាតត្រូវមានសកម្មភាព ដែលទាំងអស់នេះ វាតម្រូវឲ្យអ្នករៀបចំផែនការដើម្បីសម្រេច ព្រោះផែនការគឺមានការកំណត់ពេលវេលាដាក់កំហិតអ្នក និងរៀបចំអ្វីដែលត្រូវធ្វើមុន និងអ្វីដែលត្រូវធ្វើបន្ទាប់ រួមទាំងរឿងរ៉ាវលម្អិតផ្សេងៗទៀត។ បើអ្នកមិនរៀបចំបែបនេះ នោះអ្នកនឹងធ្វើតាមការនឹកឃើញដែលវាគ្មានប្រសិទ្ធិភាពនៅក្នុងការសម្រេចគោលដៅ និងពិបាកនៅក្នុងការគ្រប់គ្រងខ្លួនឯង។

ជារួមមក ដំបូងត្រូវមានក្ដីសុបិន បន្ទាប់មកបម្លែងសុបិនទៅជាគោលដៅ ហើយរៀបចំផែនការសម្រេចគោលដៅទាំងនោះ។ គោលដៅដែលកើតចេញពីសុបិន គឺមានថាមពលផ្លូវចិត្តគ្រប់គ្រាន់ដែលអាចរុញអ្នកឲ្យដើរទៅមុខទាំងយប់ទាំងថ្ងៃបាន។ ផ្លូវជោគជ័យ គឺកុំនៅជាមួយសុបិនយូរពេក ត្រូវបញ្ចេញសកម្មភាពពិត និងរស់នៅនៅក្នុងសេចក្ដីពិតប្រកបដោយភាពប្រាកដប្រជា៕

អត្ថបទដោយ៖ ឡាយ ឧត្ដម