ចង់ជោគជ័យក្នុងជីវិត ចាំបាច់ត្រូវឆ្លងកាត់សាលាសិនឬ?

មហាសេដ្ឋី Warren Buffet ធ្លាប់បាននិយាយថា “ការអប់រំដែលល្អបំផុតដែលអ្នកអាចទទួលបាន​នោះ​គឺ ការវិនិយោគលើខ្លួនឯង ប៉ុន្ដែមិនប្រាកដថា ត្រូវចូលរៀននៅមហាវិទ្យាល័យនោះទេ” ។ ជាការពិតណាស់ ការអប់រំ វាជារឿងដែលសំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ ប៉ុន្ដែមិនប្រាកដថា អ្នក​ដែលទទួលបានការអប់រំខ្ពស់ ទទួលបាននូវភាពជោគជ័យនៅក្នុងជីវិតជាងអ្នកដែលបានបោះបង់​សាលា ឬរៀនមិនពូកែនោះទេ។ មានបុគ្គលជោគជ័យជាច្រើនបានសម្រេចចិត្តបោះបង់សាលា ហើយ​ចាប់ផ្ដើមធ្វើនូវអ្វីដែលពួកគេពេញចិត្ត និងអាចធ្វើបាន រហូតដល់ពួកគេទទួលបា​ននូវភាពជោ​គ​​ជ័យយ៉ាងធំធេង។

លោក Bill Gates បានសម្រេចចិត្តបោះបង់ការសិក្សានៅសាលាHarvard បន្ទាប់ពីរៀនបាន ត្រឹម តែ២ឆ្នាំប៉ុណ្ណោះនៅក្នុងឆ្នាំ១៩៧៥ ដើម្បីយកពេលមកសិក្សាបង្កើតក្រុមហ៊ុនយក្ស Microsoft។

លោក Mark Zuckerberg បានសម្រេចចិត្តផ្អាកការសិក្សានៅសាលាHarvard ដើម្បីបញ្ចប់​គម្រោង​របស់លោកនៅក្នុងឆ្នាំ២០០៤​ រហូតបានសម្រេចបង្កើតក្រុមហ៊ុន Facebook ដ៏មាន​ប្រជា​ប្រិយ​ភាពបំផុត។

លោក Steve Jobs បានសម្រេចចិត្តមិនចូលថ្នាក់រៀនបន្ទាប់ពីលោកបានរៀនត្រឹមតែ១ឆមាស នៅ​សាលា Reed College នៅក្នុងឆ្នាំ១៩៧២ ពោលគឺនៅអាយុ១៧ឆ្នាំ ដើម្បីសិក្សាពីគម្រោងបង្កើត​ Apple។

លោក Thomas Edison ត្រូវបានគ្រូបណ្ដេញចេញពីសាលាតាំងពីពេលដែលលោកនៅក្មេងម៉្លេះ តែ​ពេលនេះលោកបានក្លាយជានិមិត្ដរូបនៃការបង្កើតថ្មី។

សំនួរសួរថា ហេតុអ្វីបានជាបុគ្គលទាំងនេះបោះបង់ការសិក្សានៅក្នុងថ្នាក់ ហើយទទួលបាននូវភាព​ជោគ​ជ័យ​យ៉ាង​ធំធេងបែបនេះ? ចម្លើយ មិនមែនមកពីពួកគេរៀនក្នុងថ្នាក់មិនកើតនោះទេ តែពួកគេ​ដឹងថា តើអ្វីទៅដែលជាគោលដៅ និងចំណង់ចំណូលចិត្តរបស់ខ្លួន? នៅពេលដែលពួកគេបានដឹង ហើយពួកគេបានផ្ដោតយកចិត្តទុកដាក់លើតែគោលដៅរបស់ពួកគេមួយគត់ ពោលគឺរៀនសូត្រ និង​សិក្សាតែជំនាញនោះតែប៉ុណ្ណោះ។

ដើម្បីក្លាយជាអ្នកមានស្ដុកស្ដម្ភម្នាក់ ជាអ្នកជំនួញដ៏ជោគជ័យម្នាក់ អ្នកមិនចាំបាច់ត្រូវឆ្លងកាត់សាលា​គ្រប់់ដំណាក់កាលទាំងអស់នោះទេ តែបើអ្នកចង់ក្លាយជាអ្នកដែលផ្ដល់ចំណេះដឹង អ្នកដែលមានឯក​ទេស និងជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង នោះច្បាស់ណាស់ថា ក្រដាសមួយសន្លឹកដែលឲ្យ​អ្នក​នៅពេលដែលអ្នកបានបញ្ចប់ការសិក្សា វាពិតជាមានតម្លៃថ្លៃឥតគណនា។ ក៏ប៉ុន្ដែ មែនទែនទៅ ដើម្បី​អាចក្លាយជាបុគ្គល​ដែលជោគជ័យដោយមិនបានឆ្លងកាត់មហាវិទ្យាល័យបាន យ៉ាងហោចណា​ស់អ្នកត្រូវតែមានចំណេះដឹងមូលដ្ឋាន មានគោលដៅច្បាស់លាស់ ស្វែងរកវគ្គសិក្សាខ្លីៗស្ដីពីជំនួញ​របស់អ្នក មានភាពក្លាហាន ហ៊ានប្រថុយប្រថាន និងច្បាស់លាស់ចំពោះគោលដៅរបស់អ្នក។

លោក Tim Chen ដែលជាសេដ្ឋីវ័យក្មេង និងជាCo-founder និងCEO នៃក្រុមហ៊ុន NerdWallet បាននិយាយប្រាប់សារព័ត៌មាន CNBC ថា “ប្រសិនបើអ្នកចង់ចាប់់ផ្ដើមអាជីវកម្ម អ្នកត្រូវតែសម្លឹងឲ្យ​បាន​​ឆ្ងាយ​​ពីអ្វីដែ​លអ្នករៀននៅសាលា”។

មួយវិញទៀត ប្រសិនបើអ្នកធ្វើអាជីវកម្ម ហើយមើលឃើញបញ្ហា ឬការបរាជ័យ ដូចជាពេលដែ​ល​អ្នក​ធ្លាក់ការប្រលង នោះអ្នកនឹងមានអារម្មណ៍ថា អ្នកបានធ្វើរឿងមួយដែលខុស និងមិនអាចកែប្រែ​បាន ​ជាលទ្ធផល អ្នកនឹងឈប់ព្យាយាម ហើយអ្នកប្រាកដជាធ្លាក់ការប្រលងយ៉ាង​ពិតប្រាកដ។ តែ​ចំពោះ​អាជីវកម្មវិញ​ អ្នកអាចកែប្រែពិន្ទុរបស់អ្នកបាន នៅពេលដែលអ្នកដឹងថា អ្នកបរាជ័យ ដោយ​សា​រអ្វី?

ជារួមមក មិនមែនបុគ្គលជោគជ័យទាំងអស់ត្រូវតែដើរឆ្លងកាត់សាលា មហាវិទ្យាល័យទាំងអស់គ្រប់​ដំណាក់កាលនោះទេ។ តែកុំច្រឡំឲ្យសោះថា បុគ្គលជោគជ័យទាំងនោះបោះបង់ការសិក្សាឲ្យ​សោះ ពោលគឺពួកគេតែងធ្វើការអភិវឌ្ឍខ្លួនឯងជាប្រចាំ គ្រាន់តែមិនបានទៅអភិវឌ្ឍខ្លូននៅក្នុងថ្នាក់រៀនតែ​ប៉ុណ្ណោះ។ ពួកគេមិនដែលបោះបង់ការអភិវឌ្ឍចំណេះដឹងខ្លួនឯងនោះ​ឡើយ ពួកគេតែងធ្វើការអភិ​វឌ្ឍ  ខ្លួ​ន​​តាម​​រយៈ​ការ​អាន​ ស្ដាប់ រៀនពីបទពិសោធន៍បុគ្គលជោគជ័យ និង​មិន​ដែលមា​នគំនិតថា​បោះ​​បង់ច្រើនដង រហូតក្លាយជាឧបសគ្គក្នុងការសម្រេចភាពជោគជ័យឡើយ​៕

អត្ថបទដោយ៖ ឡាយ ឧត្ដម