ចាប់ពីពេលនេះទៅ លុបពាក្យថា “មិនអាចទៅរួច” ចេញពីវចនានុក្រមរបស់អ្នក

ពាក្យថា “មិនអាចទៅរួច ឬImpossible” ថ្វីត្បិតតែវាខ្លី តែមានអត្ថន័យគ្រប់គ្រាន់ និងពេញលេញក្នុងការបង្អាក់រាល់សកម្មភាព និងកាត់បន្ថយផលិតភាពការងាររបស់អ្នកយ៉ាងមានប្រសិទ្ធិភាពខ្ពស់បំផុត ប្រសិនបើអ្នកចូលចិត្ដ និងនិយមប្រើពាក្យនេះជារៀងរាល់ថ្ងៃ។

អ្នកមិនគួរប្រើពាក្យនេះនោះទេ ដោយហេតុថា នៅពេលដែលអ្នកនិយាយថា វាមិនអាចទៅរួចនោះទេ នោះវាបានផ្ដល់នូវការឈឺចាប់ដល់នរណាម្នាក់ និងជាពិសេសគឺខ្លួនអ្នកផ្ទាល់។ ប្រសិនបើអ្នកស្រមៃចូលទៅក្នុងអំឡុងទសវត្សឆ្នាំ១៨០០ នោះអ្នកនឹងដឹងថាអ្វីដែលមនុស្សជាច្រើននៅសម័យនោះគិតថាមិនអាចទៅរួច វាបានកើតឡើងនៅចំពោះមុខអ្នករាល់គ្នាស្រាប់។ ជាក់ស្ដែង តើអ្នកយល់យ៉ាងណាចំពោះ ការវះកាត់ដោយគ្មានការឈឺចាប់? តើវាអាចទៅរួចដែរឬទេ? ពិតណាស់ នៅសម័យនេះមនុស្សជាច្រើនសុទ្ធនិយាយថា​ វាប្រាកដជាអាច។ ប៉ុន្ដែ មនុស្សជាច្រើននៅសម័យនោះ មិនជឿនោះទេ។ ពួកគេជឿថា វះកាត់គឺជាការដែលធ្វើឲ្យអ្នកជំងឺឈឺចាប់បំផុត។ ដូច្នេះ វាមិនអាចទៅរួចនោះទេ។ ដោយសារហេតុនេះហើយបានជាមានពាក្យមួយថា “មានកាំបិត មានការឈឺចាប់” សម្រាប់អ្នកជំងឺគ្រប់គ្នានៅសម័យនោះ។

ជាការពិត ប្រសិនបើអ្នកនិយាយថា វាមិនអាចទៅរួចនោះទេ នោះអ្វីគ្រប់យ៉ាងនឹងត្រូវបានផ្អាកដំណើរការ ឬបញ្ឈប់។ ប្រសិនបើអ្វីគ្រប់យ៉ាងត្រូវបានបញ្ឈប់ នោះអ្វីដែលអ្នកចង់បានក៏នឹងមិនអាចកើតឡើងបានដែរ។ ប្រសិនបើអ្វីដែលអ្នកចង់បានមិនអាចកើតឡើងបាន នោះមានន័យថា អ្នកនិយាយមិនខុសទេ ថា វាមិនអាចទៅរួច។

ប៉ុន្ដែ ប្រសិនបើអ្នកប្ដូរមកនិយាយថា វាប្រាកដជាអាចទៅរួច វាប្រាកដជាមានផ្លូវចេញបាន នោះគ្រប់ដំណើរការទាំងអស់នឹងកម្រើក និងចាប់ផ្ដើមសកម្មភាពភ្លាម។ ហើយអ្វីដែលអ្នកចង់បាន នឹងមានភាគរយកាន់តែខ្ពស់ឡើងៗក្នុងការក្លាយជាការពិត។ ព្រោះថា​ ឲ្យតែមានសង្ឃឹម១% ក៏អាចធ្វើឲ្យអ្នកទទួលជោគជ័យដែរ។ ដូច្នេះ ចូរកុំបោះបង់ងាយៗពេក៕

អត្ថបទដោយ៖ ឡាយ ឧត្ដម