ចិន សម្រេចផ្ដល់ជំនួយជាង ៧ លានដុល្លារ ដល់ កម្ពុជាលើគម្រោងចំនួន ២០ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច

ក្នុងឱកាសធ្វើការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ ២០២០  រដ្ឋាភិបាលចិន បានសម្រេចផ្ដល់ជំនួយជាង ៧ លានដុល្លារសហរដ្ឋអាមេរិកដល់ កម្ពុជា លើគម្រោងចំនួន ២០ ទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់បណ្តាប្រទេសមេគង្គ-ឡានឆាង។

ជាមួយគ្នានេះ កិច្ចព្រមព្រៀងបានធ្វើឡើងដោយមានការចូលរួមពី ឯកឧត្ដម  Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា និង ឯកឧត្តម ប្រាក់សុខុន នៅទីស្ដីការក្រសួងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០។

ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ការផ្តល់មូលនិធិរបស់រដ្ឋាភិបាលចិននៅពេលនេះ គឺមានទឹកប្រាក់ចំនួន ៧,២២៥,៤០០ ដុល្លារអាមេរិក ភាគច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គម អភិវឌ្ឍធនធានមនុស្ស សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត កសាងសមត្ថភាព ទេសចរណ៍ និងសេវាកម្ម បរិស្ថាន និងការការពារសម្បត្តិវប្បធម៌ ជាដើម ។

ឯកឧត្តមក៏បានបញ្ជាក់ទៀតថា ចាប់តាំងពីការចាប់ផ្តើមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កាលពីឆ្នាំ២០១៦ គម្រោងទាំងនេះ បានរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់បណ្តាប្រទេសមេគង្គ-ឡានឆាង តាមរយៈ ការបង្រួមគម្លាតនៃការអភិវឌ្ឍ ការពង្រឹងទំនុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមក និងការពង្រឹងសមត្ថភាព ក្នុងការឆ្លើយតបឱ្យកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនេះ លោក Wang Wentian ក៏បង្ហាញក្ដីសង្ឃឹមថា គម្រោងទាំងនេះនឹងអាចចូលរួមជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងពន្លឿនការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្នុងវិស័យសេដ្ឋកិច្ច សង្គម និងវិស័យផ្សេងៗ ទៀតផងដែរ។

គួរបញ្ជាក់ផងដែរ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានប្រមូលផល ពីគម្រោងមូលនិធិពិសេស កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ច្រើនជាងគេបំផុត ដែលមានចំនួន៥៥ ក្នុងនោះរាប់បញ្ចូលទាំងគម្រោងនៅឆ្នាំនេះ ដែលមានទឹកប្រាក់សរុបជាង ២០លានដុល្លារ។ ត្រង់នេះហើយ ដែលវាឆ្លុះបញ្ចាំងយ៉ាងពេញលេញ ពីការចូលរួមយ៉ាងសកម្មរបស់ប្រទេសកម្ពុជា នៅក្នុងក្រមខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ហើយបង្ហាញថាកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ទទួលបានផ្លែផ្កាខ្ពស់៕

ដោយ៖ ស្រីពេជ្រ