ចុងខែ មិថុនា ឆ្នាំ២០២០នេះ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបានជាង ៣៩% ហើយ

ក្រោយពីត្រូវបានស្ថាបនាយ៉ាងយកចិត្តទុកដាក់ដោយក្រុមហ៊ុនមានជំនាញ ក្រោមការមើលខុសត្រូវរបស់រាជរដ្ឋាភិបាល គិតត្រឹមចុងខែ មិថុនា នេះ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី ៣ សម្រេចបាន៣៩,៧៦%។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

កំណាត់ផ្លូវក្រវាត់ក្រុងនេះចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិ លេខ២១ ផ្លូវជាតិលេខ២១A និងផ្លូវលេខ១១០ ឆ្ពោះទៅផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+១៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល តភ្ជាប់ទៅកាន់ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែស្វ័យតភ្នំពេញឋិតនៅស្រុកកៀនស្វាយខេត្តកណ្ដាល ជាពិសេសកំណាត់ផ្លូវនេះតភ្ជាប់ផ្លូវ អាស៊ានហាយវេ AH1និងAH11 និងផ្លូវដែលជាច្រករបៀងសេដ្ឋកិច្ចសំខាន់ៗជាច្រើនទៀត។

ចំពោះគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី ៣ (ផ្លូវជាតិលេ៤-ផ្លូវជាតិលេខ១) នេះមានប្រវែង សរុប៥២,៩៨៣ គីឡូម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង៤៧.៦០៨គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុង ស៊ីម៉ង់ត៍សរសៃដែក ទទឹង២២ម៉ែត្រ និងកម្រាស់២២សង់ទីម៉ែត្រ និងផ្លូវខ្នែងប្រវែង៥,៣៧៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC)។

ទាក់ទិនទៅនឹងការស្ថាបនាផ្លូវនេះ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ការសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ត្រូវបានធ្វើឡើងតាមផែនការមេ និងបង្កើតឡើងក្នុងគោលបំណង ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ដឹកជញ្ជូនផលិតផលនានារបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសរួមចំណែកដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍នៃយានយន្ត ដឹកជញ្ជូន ទំនិញធំៗចេញ-ចូលរាជធានីភ្នំពេញផងដែរ។

ជាលទ្ធផលនៃការចុះពិនិត្យនេះ ឯកឧត្ដមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវ តាមកិច្ចសន្យា ឬសៀវភៅបន្ទុក ពោលគឺគុណភាពនៃការសាងសង់អាចទទួលយកបាន ហើយ គ្រោងបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ ២០២១ ខាងមុខ។

តាមរយៈ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានឲ្យដឹងផងដែរ បច្ចុប្បន្នរាជរដ្ឋាភិបាលក៏បាននឹងកំពុងសិក្សាអំពីលទ្ធភាពលើគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៤ ដែលជាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៥១ និងលេខ៤១ អាចសម្រួលដល់ ការធ្វើដំណើរឱ្យកាន់តែងាយស្រួល រហ័សទាន់ចិត្ត ចំណេញពេលវេលា និងចំណាយតិចផងដែរ៕

ដោយ៖ ស្រីពេជ្រ